កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់​ការពារ​តំណែង​ជើងឯក អាល្លឺម៉ង់​តាម​ប្រមាញ់​យកពាន​លើក​ទី​៥
13, Apr 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ម្ចាស់​ជើងឯក​៤​សម័យកាល អាល្លឺម៉ង់ ដែលជា​ក្រុម​ធ្លាប់​ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ច្រើនជាងគេ​ទី​២​បន្ទាប់ពី​ប្រេ​ស៊ី​ល បាន​កៅអី​ទៅកាន់​ការប្រកួត​ដណ្តើមពាន​រង្វាន់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ស្ថិតនៅក្នុង​ពូ​ល F ត្រូវ​ជួប​ជាមួយ ម៉ិ​ក​ស៊ិ​ក ស៊ុយអែត និង​កូរ៉េខាងត្បូង​។​


​គ្រូបង្វឹក​៖ លោក Joachim Low (​អាល្លឺម៉ង់​)

 
​លោក Low គឺជា​គ្រូបង្វឹក​របស់​អាល្លឺម៉ង់​តាំងពី​ឆ្នាំ ២០០៦ មកម្ល៉េះ​ដែល​ពីមុន​ធ្លាប់ជា​ជំនួយការ​របស់លោក Jurgen Klinsmann​។​
​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៥៨​ឆ្នាំ​រូបនេះ បាន​ដឹកនាំ​ក្រុម​រហស្សនាម​ឥន្ទ្រី​ដែក​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ ជាមួយនឹង​ការ​ឈ្នះ​ពានរង្វាន់ World Cup ក្នុង​ឆ្នាំ ២០១៤ និង​ឈ្នះ​ពានរង្វាន់ FIFA Confederations Cup ជាមួយនឹង​ក្រុមយុវជន​នៅ​ឆ្នាំ ២០១៧​។​
 
​កីឡាករ​ឆ្នើម​៖ Toni Kroos 
Kroos ជា​ខ្សែបម្រើ​កណ្តាល​ដ៏​មាន​ឥទ្ធិពល​ម្នាក់ និង​ជា​តួអង្គ​សំខាន់​មួយរូប​របស់​ក្រុម​ក្នុងការ​ឈ្នះ​ពានរង្វាន់​ពិភពលោក​លើក​ទី​៤​ឲ្យ​អាឡឺម៉ង់​នៅក្នុង​ឆ្នាំ​២០១៤ ដែល​ប្រេ​ស៊ី​ល​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។ សមាជិក​របស់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ វ័យ​២៨​ឆ្នាំ​រូបនេះ ធ្លាប់​ឈ្នះ​ពានរង្វាន់ UEFA Champions League ជាមួយ Bayern Munich និង Real Madrid ទៀតផង​។​
 
 
​ប្រវត្តិ​ក្នុង World Cup៖ 
​នេះ​ជា​វត្តមាន​លើក​ទី ១៩ ហើយ សម្រាប់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នៅក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក និង​ជា​ប្រទេស​ស្ថិតនៅ​តំបន់​អឺរ៉ុប​ដែល​មានមុខ​ក្នុង​ពានរង្វាន់​នេះ​ច្រើនជាងគេ​ផងដែរ បន្តា​ប់​ពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ ១៩៣៤ និង​២០១៥​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន​គឺ​លើក​ពាន World Cup ៤​ដង ក្នុង​ឆ្នាំ​១៩៥៤, ១៩៧៤, ១៩៩០ និង​២០១៤ និង​រង​ជើងឯក​៤​លើក​ផងដែរ​។ ក្រុម​រហស្សនាម​ឥន្ទ្រី​ដែក ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១​ពិភពលោក ក្នុង​តារាង FIFA Ranking​។​

 
​កម្មវិធី​ប្រកួត​៖
- ១៧ មិថុនា​៖ អាល្លឺម៉ង់ Vs ម៉ិ​ក​ស៊ិ​ក (​ម៉ោង ១០​យប់ ម៉ោង​នៅ​កម្ពុជា​)
- ២៤ មិថុនា​៖ អាល្លឺម៉ង់ Vs ស៊ុយអែត (​ម៉ោង ១​អធ្រាត្រ​)
- ២៧ មិថុនា​៖ កូរ៉េខាងត្បូង Vs អាល្លឺម៉ង់ (​ម៉ោង ៩​យប់ )

 

 

 

Tag:
 បាល់ទាត់​
  FIFA World Cup
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com