ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខៀវ សំផន និង នួន ជា ថ្លែង​សុំទោស​ជនរងគ្រោះ​ជា​សាធារណៈ
30, May 2013 , 3:55 pm        
រូបភាព
ដោយ:
ឆ្លើយតប​នឹង​សំណួរ​របស់​ជនរងគ្រោះ​ដើម​បណ្តឹងរដ្ឋប្បវេណី​នៅក្នុង​អង្គ​សវនាការ​ថ្ងៃនេះ លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​បងធំ​ទី២ បាន​ថ្លែង​សុំទោស​ដល់​ជនរងគ្រោះ។ នេះ​ជា​លើក​ទី១ដែល​ពួកគេ​បាន​សុំទោស​ជនរងគ្រោះ​ដោយផ្ទាល់។



លោក​ខៀវ សំផន បាន​ថ្លែងថា ប្រសិនបើ​រូបគាត់​ជា​ជនរងគ្រោះ​ដែលមាន​ឪពុកម្តាយ​ស្លាប់​ដ៏​ឃោ​ឃៅ លោក​ក៏​ឈឺចាប់​ដែរ។ លោក ខៀវ សំផន បាន​ហៅ​របប​ខ្មែរក្រហម​កាប់សម្លាប់​ម​នុស្ស​ថា​ជា​អំពើ​ឃោ​ឃៅ​ឆ្កួត​លេលា។ លោក​ថា លោក​មិនមែនជា​អ្នក​មនោគមន៍វិជ្ជា​ទេ តែ​ជា​អ្នកមាន​ឧ​ត្ត​ម​គតិ​រួមចំណែក​ការពារ​ប្រទេស​ឲ្យ​បាន​គង់វង្ស។ ដូច្នេះ លោក​មានការ​សោកស្តាយ ដែល​បាន​ដើរ​តាម​ស្តេចត្រាញ់​ដែលជា​មេក្លោង​ដែល​បាន​ប្រព្រឹត្ត​ឃោ​ឃៅ​ឆ្កួត​លេលា​ទាំងនោះ​តែ​លោក​មិនបាន​បញ្ជាក់ថា ស្តេចត្រាញ់​នោះ​ជា​អ្នកណា​ទេ។ លោក​អះអាងថា បាន​ចូលរួម​ជាមួយ​ខ្មែរក្រហម​មិនមែន​ដើម្បី​កាប់សម្លាប់​មនុស្ស​ទេ គឺ​ដើម្បី​កសាង​ជាតិ​ឲ្យ​បាន​រីកចម្រើន តែ​លោក​សោកស្តាយ​ដែល​រឿងរ៉ាវ​បែរជា​ក្លាយទៅជា​ដូច្នេះ​ទៅវិញ។

លោក ខៀវ សំផន អះអាងថា ពី​ម្សិលមិញ​លោក​បាន​លើកដៃ​សំពះសុំទោស​ជនរងគ្រោះ​ម្នាក់ និង​បាន​ថ្លែង​សុំទោស​ជនរងគ្រោះ​ទាំងអស់។ ថ្ងៃនេះ​លោក​សុំទោស​ជនរងគ្រោះ​ម្នាក់ទៀត​ដោយ​ក្តី​ឈឺចាប់​ខ្លោចផ្សារ​រក​អ្វី​និយាយ​មិនបាន។ ប៉ុន្តែ លោក ខៀវ សំផន នៅតែ​អះអាងថា លោក​គ្មាន​អំណាច​ចាប់ចង​មនុស្ស​ទេ ទោះបីជា​មើល​ពី​ខាងក្រៅ​រូបលោក​ហាក់ដូច​ជាមាន​តួនាទី​ធំ​ក៏ដោយ។ ទោះជា​យ៉ាងណាក៏ដោយ ក៏​លោក​ខៀវ សំផន អះអាងថា លោក​សុំទោស​ចំពោះ​ជនរងគ្រោះ​ពីព្រោះ​ត្រី​មួយ​កន្ត្រក ស្អុយ​មួយ ស្អុយ​ទាំងអស់ តែ​លោក​មិន​ស្អុយ​ទេ​ព្រោះ​លោក​ជាម​នុស្ស​ស្មោះត្រង់​មិនបាន​ប្រព្រឹត្ត​អាក្រក់​ឡើយ។

លោក នួន ជា ក៏​អះអាងថា លោក សុំ​ទទួលខុសត្រូវ​នូវ​អ្វីដែល​បានកើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​មិន​គេចវេស​ទេ​ទោះជា​លោក​ដឹង​ឬ​មិនដឹង​ក៏ដោយ តែ​លោក​ទទួលខុសត្រូវ​ខាង​ផ្លូវចិត្ត។ លោក​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​គ្រួសារ​របស់​ជនរងគ្រោះ។ នួន ជា បញ្ជាក់ថា លោក​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ ជា​អនុ​លេខា​បក្ស និង​ជា​ប្រធានសភា​តំណាង​ប្រជាជន តែ​គ្មាន​តួនាទី​ខាង​នីតិប្រតិបត្តិ​ទេ។ លោក​ក៏​អះអាងថា មានការ​ស្មោះត្រង់​ក្នុងការ​ចូលរួម​កសាង​ជាតិ។ នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​បានឃើញ​មេដឹកនាំ​ខ្មែរក្រហម​សម្តែងអាកប្បកិរិយា​ទន់ភ្លន់​ចំពោះមុខ​ជនរងគ្រោះ និងទទួល​ខុសចំពោះ​តួនាទីរបស់ខ្លួន ទោះជាពួកគេនៅតែអះអាងថា គ្មានចេតនា​ប្រព្រឹត្ត​អំពើ​កាប់​សម្លាប់​ជនជាតិ​ឯងក៏ដោយ៕

© រក្សាសិទ្ធិដោយ thmeythmey.com