អន្តរជាតិ
យាយ Tajima ស្ត្រី​ចុងក្រោយ​ដែល​កើត​នៅ​សតវត្សរ៍​ទី​១៩ ទទួលមរណភាព​ក្នុង​អាយុ​១១៧​ឆ្នាំ​
22, Apr 2018 , 10:56 am        
រូបភាព
​លោកយាយ​ជនជាតិ​ជប៉ុន Nabi Tajima ដែល​ជាប់​កំណត់ត្រា​ជា​មនុស្ស​មាន​វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក បានទទួល​មរណភាព​ក្នុង​អាយុ​១១៧​ឆ្នាំ និង​២៦០​ថ្ងៃ កាលពី​ថ្ងៃទី​២១ ខែមេសា នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង Kikai ភាគខាងត្បូង​ប្រទេស​ជប៉ុន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ AP​។

 
​កើត​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​១៩០០ នៅ​កោះ Kikaigashima លោកយាយ Nabi Tajima បាន​ក្លាយជា​មនុស្ស​ចុងក្រោយ​ដែល​កើត​នៅ​សតវត្សរ៍​ទី​១៩ បន្ទាប់ពី​លោកយាយ​ហ្សា​ម៉ៃ​អ៊ី​ក Violet Moss-Brown បានទទួល​មរណភាព​ក្នុង​អាយុ​១១៧​ឆ្នាំ​ដូចគ្នា កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧ ។​
 
​ក្រោយ​មរណភាព​របស់​លោកយាយ Brown លោកយាយ Tajima បាន​គ្រប់គ្រង​កំណត់ត្រា​ពិភពលោក​ជា​មនុស្ស​ចំណាស់​ជាងគេ បាន​រយៈពេល​៧​ខែ​។ អ្នក​ដែល​ត្រូវបាន​បន្ត​ទទួល​កំណត់ត្រា​នេះ គឺ​លោកយាយ​ជប៉ុន​ម្នាក់ទៀត​ឈ្មោះ Chiyo Miyako ដែល​បានកើត​កាលពី​ឆ្នាំ​១៩០១ ។​
 
​ក្រៅពី​បានកំណត់​ត្រា​ជា​មនុស្ស​ចាស់​នៅរស់​ដែលមាន​វ័យ​ចំណាស់​ជាងគេ ជប៉ុន​ក៏​គ្រប់គ្រង​កំណត់ត្រា​ផ្នែក​បុរស​ផងដែរ ដោយ​ការ​ពេល​ថ្មីៗ​កន្លងមកនេះ Guinness World Records បានផ្តល់​លិខិត​បញ្ជាក់ជូន​លោក Masazo Nonaka ដែល​ឈានចូល​វ័យ​១១២ ឆ្នាំ​៕
 

Tag:
 Guinness Book
  ចំណាស់
© រក្សាសិទ្ធិដោយ thmeythmey.com