ជាតិ
សម្ដេច ហ៊ុន សែន ៖ រដ្ឋមន្ត្រីដែលបោះដុំថ្មក្តៅឲ្យខ្ញុំ នឹងគ្មានវត្តមាន នៅអាណត្តិក្រោយ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកមន្ត្រីរដ្ឋាភិបាលជាថ្មី ចំពោះការគេចវេះពីទំនួលខុសត្រូវ លើបញ្ហារបស់ប្រជាពលរដ្ឋ។ សម្ដេច ថា រដ្ឋមន្ត្រីដែលអសកម្ម និងខ្វះការទទួលខុសត្រូវចំពោះមុខពលរដ្ឋ នឹងគ្មានវត្តមាននៅក្នុងអាណត្តិក្រោយឡើយ។
បញ្ហាទន់ខ្សោយរបស់មន្ត្រីរដ្ឋាភិបាល ដែលសម្ដេច មើលឃើញនោះ ត្រង់ថា មន្ត្រីភាគច្រើនខ្វះការអនុវត្តច្បាប់ និងដំណោះស្រាយជូនពលរដ្ឋ ហើយបែជារង់ចាំតែបញ្ជាពីនាយករដ្ឋមន្ត្រីទៅវិញ។
ថ្លែងក្នុងពិធីសម្ពោធបើកឲ្យដំណើរការសណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង»ជាផ្លូវការ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៣ មេសា សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«កន្លងមក ការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីអត់មាន។ ដូច្នេះចាប់ពីពេលនេះទៅការបោះឆ្នោតនៅមិនឆ្ងាយទៀតទេ ខ្ញុំក៏នឹងរង់ចាំមើលដំណោះស្រាយរបស់អស់លោក ដើម្បីកាត់បន្ថយការឈឺក្បាលរបស់នាយករដ្ឋមន្ត្រី ។ កន្លងមកខ្ញុំធ្លាប់ថា ពួកគាត់(មន្ត្រី)ឆ្លាតណាស់ ឆ្លាតត្រង់ថា ដំឡូងក្ដៅ គាត់អត់បោះឲ្យយើងទេ គាត់ទុកសិន ព្រោះវាអាចស៊ីបាន ប៉ុន្តែដុំថ្មក្តៅ គាត់បោះឲ្យនាយករដ្ឋមន្ត្រីកាន់។ ឥឡូវចាំមើលទៅ លោកឯងបោះថ្មក្តៅមក ខ្ញុំបោះទៅវិញ។ ហើយមិនត្រឹមបោះទៅទេ រៀបចំរដ្ឋាភិបាលក្រោយគ្មានវត្តមានរបស់អស់លោកទេ»។
សូមស្ដាប់ប្រសាសន៍សម្ដេច៖
ជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្គាប់ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា ដោះស្រាយបញ្ហាដីរបស់ប្រជាពលរដ្ឋ នៅលើកោះរ៉ុងផងដែរ។ បើតាមសម្ដេច ហ៊ុន សែន ក្នុងចំណោមក្បាលដីចំនួន៥៨៤ ក្រសួងត្រូវដោះស្រាយឲ្យបានត្រឹមត្រូវ ពោលគឺដោះស្រាយឲ្យតែអ្នកពាក់ព័ន្ធប៉ុណ្ណោះ ។ ចំពោះអ្នកមិនពាក់ព័ន្ធ ឬអ្នកមកចាប់ដីរស់នៅ លើកោះរ៉ុងនេះ ក្រសួងមិនត្រូវដោះស្រាយនោះទេ។
សូមស្ដាប់ប្រសាសន៍សម្ដេច៖
© រក្សាសិទ្ធិដោយ thmeythmey.com