ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម សុវណ្ណ៖បាតុកម្ម​ប៉ុន្មាន​ដង​ក៏ដោយ លោក កឹម សុខា រក្សា​ការមិន​សុំទោស
01, Jun 2013 , 9:14 am        
រូបភាព
លោក ជុំ ម៉ី តំណាង​ជន​រងគ្រោះរបបខ្មែរក្រហមទាមទារឲ្យលោក កឹម សុខា ធ្វើការសុំទោសនូវអ្វីដែលខ្លួន​បាននិយាយ
លោក ជុំ ម៉ី តំណាង​ជន​រងគ្រោះរបបខ្មែរក្រហមទាមទារឲ្យលោក កឹម សុខា ធ្វើការសុំទោសនូវអ្វីដែលខ្លួន​បាននិយាយ
ដោយ:
មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អត្ថាធិបាយ​នៅ​ថ្ងៃទី៣១ ខែឧសភា​នេះ​ថា ប្រធានស្ដីទី​គណបក្ស លោក កឹម សុខា នៅតែ​រក្សា​ជំហរ​របស់ខ្លួន​ដោយ​មិន​សុំទោស​អ្នករងគ្រោះ​ជាដាច់ខាត ទោះបី​ជាមាន​រលក​មហា​បាតុកម្ម​ប៉ុន្មាន​ដង​ពី​ក្រុម​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ប្រឆាំង​រូបលោក​ក៏ដោយ។



លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា គ្មាន​អ្វីដែល​ត្រូវ​ឲ្យ​លោក កឹម សុខា ចេញមុខ​សុំទោស​នោះទេ ព្រោះ​លោក​មិនមែនជា​អ្នក​កាប់សម្លាប់ ឬ​ធ្វើបាប​ប្រជាជន​ខ្មែរ​នៅ​ក្នុងសម័យ​ខ្មែរក្រហម​ឡើយ ហើយ​ថា ចំពោះ​ករណី​គុក​ទួលស្លែង​វិញ​នោះ លោក កឹម សុខា ក៏​ធ្លាប់បាន​ស្រាយ​បំភ្លឺ​ទៅកាន់​សាធារណជន ក៏ដូចជា​ជនរងគ្រោះ​រួចរាល់​ហើយ​ថា លោក​មិនដែល​បាន​និយាយថា គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត​នោះឡើយ។

ទោះបីជា​យ៉ាងណាក៏ដោយ  លោក ជុំ ម៉ី ប្រធាន​សមាគម​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម និង​ជា​អតីត​អ្នក​ជាប់គុក​នៅ​មន្ទីរ​ស២១ ឬ​គុក​ទួលស្លែង​នោះ បាន​អត្ថាធិប្បាយ​ថា សមាគម​របស់លោក​បាន​សម្រេច​ដាក់​ឱសានវាទ​ចំនួន១០ថ្ងៃ​ដល់ លោក កឹម សុខា ដើម្បី​ធ្វើការ​ពិចារណា​ចេញមុខ​សុំទោស​ជា​សាធារណៈ​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​អ្នក​សេសសល់​ពី​ការធ្វើ​ទារុណកម្ម​ក្នុង​មន្ទីរ​ស២១ ដែល​លោក​បាន​ហៅថា​ជា​គុក​សិប្បនិម្មិត​នោះ។

គិត​មក​ត្រឹម​ថ្ងៃទី៣១ ខែឧសភា​នេះ គឺ​នៅសល់​រយៈពេល​តែ៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ពេលវេលា​របស់លោក កឹម សុខា ដែល​ក្រុម​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ដាក់​ឱសានវាទ​ឲ្យ​នោះ​នឹងត្រូវ​ដល់កំណត់​ហើយ។

បើតាម លោក ជុំ មី ប្រសិនបើ​ដល់​ថ្ងៃ​កំណត់​ហើយ លោក កឹម សុខា នៅតែ​រឹងទទឹង​មិន​សុំទោស​ជនរងគ្រោះ​ទៀត​នោះ លោក​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​ធ្វើបាតុកម្ម​នៅមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ និង​នៅមុខ​គុក​ទួលស្លែង។

បច្ចុប្បន្ន​លោក កឹម សុខា កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ហើយ​បើតាម​ការបញ្ជាក់​របស់​លោក យឹម សុវណ្ណ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ នឹងធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​នា​ថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com