អន្តរជាតិ
ប្រទេស​ម្ចាស់ជំនួយ​បាន​សន្យា​ផ្តល់ជំនួយ​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​៤​ពាន់​៤​រយ​លាន​ដុល្លារ​ដល់​ប្រទេស​ស៊ី​រី​និង​បណ្តា​ប្រទេសជិតខាង​
26, Apr 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ម្ចាស់ជំនួយ​អន្តរជាតិ​នឹង​សន្យា​ផ្តល់ជំនួយ​មនុស្សធម៌​ដែលមាន​តម្លៃ​ជា​ប្រាក់​៤​ពាន់​៤​រយ​លាន​ដុល្លារ​សម្រាប់​ប្រទេស​ស៊ី​រី​និង​បណ្តា​ប្រទេសជិតខាង​ដែល​បាន ផ្តល់​ទីជម្រក​ដល់​ជនភៀសខ្លួន​នៅ​ឆ្នាំនេះ នេះ​តាម​ការបញ្ជាក់​របស់​ម​ន្ត្រី​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ម្នាក់​។​



​លោក Mark Lowcock ប្រធានការិយាល័យ​សម្រាប់​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ​បានប្រកាស​ពី​ការសន្យា​កាលពី​ថ្ងៃ​ពុធ នៅឯ​សន្និសីទ​ម្ចាស់ជំនួយ​អន្តរជាតិ​មួយ​នៅក្នុង​ទីក្រុង Brussels​។​

​លោក​Lowcock បាន​និយាយទៀតថា ការសន្យា​បន្ថែម​ប្រាក់​ចំនួន​៣​ពាន់​៣​រយ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩​ត្រូវគេ​រំពឹង​នឹងធ្វើ​ឡើង ក៏ប៉ុន្តែ គេ​ត្រូវ​ការប្រាក់​កាន់តែ​ច្រើនឡើង​ថែមទៀត​សម្រាប់​គោលបំណង​មនុស្សធម៌​នៅក្នុង​ប្រទេស​ស៊ី​រី​និង​ដើម្បី​ជួយ​ជនភៀសខ្លួន​នៅក្នុង​បណ្តា​ប្រទេសជិតខាង​។​

​លោក Lowcock បាន​និយាយថា «​បញ្ហាសំខាន់​គឺ​ធ្វើ​ឲ្យ​ប្រាកដថា ជំនួយ​អាទិភាព​ត្រូវ​ផ្តល់​ទៅ​ឲ្យ​មនុស្ស​ដែល​ត្រូវការ​បន្ទាន់​បំផុត ហើយនឹង​អ្នក​ដែល​ងាយ​ទទួលរង​គ្រោះ​បំ​ផុ​ត‍​»​។ លោក​និយាយទៀតថា ចក្រភព​អង់គ្លេស​និង​អាល្លឺម៉ង់​បាន​សន្យា​ផ្តល់ជំនួយ​ច្រើនជាងគេ​បំផុត​។​

​មនុស្ស​៤​សែន​៥​ម៉ឺន​នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ការបង្ក្រាប​របស់​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad នៅ​ឆ្នាំ​២០១១​លើ​ពួក​បាតុករ​ដែល​បាន​អំពាវនាវ​ឲ្យ​បណ្តេញ​លោក​ចេញពី​តំណែង​។​

​អង្គការសហប្រជាជាតិ​ប្រាប់​ឲ្យ​ដឹងថា ជនជាតិ​ស៊ី​រី​ជាង​១៣​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌​ហើយ​ប្រហែល​១​ភាគ​៤​នៃ​ជន​ទាំងនោះ​គ្មាន​ទីកន្លែង​រស់នៅ​ហើយ​បាន​រស់នៅក្នុង​បណ្តា​ប្រទេសជិតខាង​ដូចជា ប្រទេស​ហ្សកដានី លី​បង់​និង​ប្រទេស​តួ​ក​គី​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com