អន្តរជាតិ
ម៉ា​ក្រុង​ប្រាប់​សភា​អាមេរិក​កុំ​ព្យាយាម​គេច​ពី​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​
26, Apr 2018 , 7:39 pm        
រូបភាព
​ថ្ងៃ​ពុធ ទី​២៥ ខែមេសា ប្រធានាធិបតី​បារាំ​ងលោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង  បាន​ពន្យល់​ប្រាប់​សមាជិកសភា​អាមេរិក​ថា ពិភពលោក​ទាំងមូល​ត្រូវ​រួបរួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល ហើយ​លោក​សង្ឃឹមថា​អាមេរិក​នឹង​ត្រឡប់មក​ចូលរួម​ជាមួយ​គេឯង​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

 


​ក្នុង​សុន្ទរកថា​រយៈពេល​ជិត​មួយ​ម៉ោង​ក្នុងនាម​ជា​ភ្ងៀ​វ លោក ម៉ា​ក្រុង បានលើកឡើង​ពី​សារសំខាន់ និង​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដើម្បី​អនាគត​មនុស្ស​ជំនាន់​ក្រោយ​។

​មេដឹកនាំ​បារាំង​រូបនេះ​បាន​សង្កត់ធ្ងន់ថា មនុស្ស​គ្រប់គ្នា​បច្ចុប្បន្នកំពុង​បំផ្លាញ​ផែនដី ដែលជា​អនាគត​របស់​មនុស្ស​ជំនាន់​ក្រោយ​។ ដូច្នេះហើយ​គ្មាន​អ្នកណាម្នាក់​គួរ​រត់គេច​ពី​ការទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​ឡើយ​។

«​អ្វី​ទៅជា​និយមន័យ​នៃ​ជីវិត​របស់​យើង បើសិនជា​យើង​ធ្វើការ​ងារ​និង​រស់នៅ​បំផ្លាញ​ផែនដី និង​លះបង់​អ្វីៗ​ដែលជា​អនាគត​របស់​កូនចៅ​យើង​។ អ្វី​ដែលជា​និយមន័យ​នៃ​ជីវិត បើសិនជា​ការសម្រេចចិត្ត​របស់​យើង​គឺ​កាត់បន្ថយ​ឱកាស​សម្រាប់​កូនចៅ​របស់​យើង​នោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ា​ក្រុង​។​

«​ដោយ​ការបំពុល​សមុទ្រ និង​មិន​នាំគ្នា​ដោះស្រាយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច ហើយ​បំផ្លាញ​ជីវចម្រុះ យើងទាំងអស់គ្នា​នេះ​កំពុង​សម្លាប់​ផែនដី​ហើយ​។ យើង​ត្រូវ​ប្រឈម​ជាមួយ​បញ្ហា​នេះ​។ វា​គ្មាន​ឡើ​ត​ផែនការ​បន្ទាប់​នោះ​។ យើង​ត្រូវ​សហការគ្នា​ដើម្បី​ធ្វើ​ឲ្យ​ផែនដី​អស្ចារ្យ​ជាថ្មី​ម្តងទៀត​»​។ លោក​បន្ត​ដូច្នេះហើយ​សមាជិកសភា​អាមេរិក​ទាំងពីរ​ក្រោកឈរ និង​ទះដៃ​សាទរ​កងរំពង​ផង​។ 

​ក្រៅពី​លើកឡើង​ពី​សារសំខាន់​នៃ​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ លោក ម៉ា​ក្រុង បានបង្ហាញ​ភាព​សុទិដ្ឋិនិយម​ថា អាមេរិក​អាច​នឹង​ត្រឡប់​ចូលមកក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ នៅពេល​ខាងមុខ​។ គួរ​រម្លឹក​ប​និ្ត​ច​ផងដែរ​ថា វា​ជា​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រឹងប្រែង​គាំទ្រ​កាល​លោក​នៅ​ជា​ប្រធានាធិបតី​ផង​នោះ​។

​តាមពិតទៅ លោក ដូ​ណា​ល់ ត្រាំ មិន​ជឿ​លើ​ការប្រែប្រួល​អាកាសធាតុ​ឡើយ ហើយ​ប្រាំ​ខែក្រោយ​ពេលដែល​លោក​ចូលកាន់​តំណែង មេដឹកនាំ​អាមេរិក​រូបនេះ​ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ទៀត​។ ដូច្នេះហើយ អាមេរិក​ក្លាយជា​ប្រទេស​តែមួយ​លើ​ពិភពលោក ដែល​មិន​ចូលរួម​ជាមួយ​គេ ខណៈដែល​ប្រទេស ១៩៧ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​រួចទៅហើយ​។​

​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​មាន​គោលដៅ​សំខាន់​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល ដោយ​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ជា​ភាគី​ចូលរួម​ធ្វើយ៉ាងណា​កម្រិត​ការកើនឡើង​នៃ​កម្តៅ​ផែនដី​ត្រឹម ១,៥ ទៅ ២ អង្សា​សេ​ប៉ុណ្ណោះ​នៅត្រឹម​២០១០០​នោះ​។ ក្រៅពីនេះ វា​ក៏មាន​គោលដៅ​ជំរុញ​ការ​ប្រមែរ​ប្រមូល​ហិរញ្ញវត្ថុ​ឲ្យ​បាន​រហូតដល់ ១០០​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​ត្រឹម​ឆ្នាំ ២០២០៕


Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com