ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
វិបត្តិ​ថវិកា​សាលាក្តី​ខ្មែរក្រហម​មកដល់​ទៀតហើយ
02, Jun 2013 , 4:10 pm        
រូបភាព
ដោយ:
នៅ​ដំណាច់​ខែឧសភា​នេះ បុគ្គលិក​ជនជាតិខ្មែរ​មួយចំនួន​នៃ​សាលាក្តី​នេះ​បានទទួល​ប្រាក់ខែ​ពេញ ប៉ុន្តែ មួយចំនួនទៀត​បាន​ត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ​ដោយសារតែ​សាលាក្តី​ខ្វះ​ថវិកា។ ចំណែកឯ​ភាគី​អន្តរជាតិ​វិញ​នៅមាន​ថវិកា​រហូតដល់​ខែកញ្ញា។



នៅ​ដំណាច់​ខែឧសភា​នេះ មានតែ​បុគ្គលិក​ថ្នាក់ក្រោម​មួយចំនួន​ប៉ុណ្ណោះ​ដែល​បានទទួល​ប្រាក់ខែ​ពេញ ចំណែកឯ​បុគ្គលិក និង​មន្ត្រី​ថ្នាក់ខ្ពស់​ដែលមាន​ប្រាក់ខែ​ច្រើន​បានទទួល​ត្រឹម៦០ភាគរយ​តែប៉ុណ្ណោះ។ នេះ​បើ​យោងតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​នៃ​សាលាក្តី​ខ្មែរក្រហម។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ ប្រសិនបើ​គ្មាន​ជំនួយ​ធ្លា​ក់មក​ទេនោះ ភាគី​កម្ពុជា​នឹង​គ្មាន​ថវិកា​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ទៀតឡើយ។ ចំណែកឯ​ភាគី​អន្តរជាតិ​នៅមាន​ថវិកា​រហូតដល់​ខែកញ្ញា។ ថវិកា​សម្រាប់​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​ជនជាតិខ្មែរ​បាន​រហូតដល់​ពេលនេះ​គឺជា​កញ្ចប់​ថវិកា​សង្គ្រោះបន្ទាន់​ដែល​ផ្តល់​ដោយ​ភាគី​អន្តរជាតិ​តែប៉ុណ្ណោះ។ ប៉ុន្តែ កញ្ចប់​ថវិកា​សង្គ្រោះបន្ទាន់​នេះ​ត្រូវបាន​ប្រើប្រាស់​អស់​ទៅហើយ។

ដើម្បី​កាត់បន្ថយ​ការចំណាយ សាលាក្តី​ខ្មែរក្រហម​ក៏​គ្រោង​នឹង​កាត់បន្ថយ​បុគ្គលិក​មិនចាំបាច់​មួយចំនួន​ផងដែរ។ បើ​យោងតាម​អ្នកនាំពាក្យ​សាលាក្តី នៅ​ដំណាច់​ខែមិថុនា​នេះ បុគ្គលិក​ចំនួន ១០ភាគរយ​ក្នុងចំណោម​បុគ្គលិក​សរុប​ជិត ៣០០ នាក់ នឹងត្រូវ​កាត់បន្ថយ។ បុគ្គលិក ១០ ភាគរយ​ទៀត​នឹងត្រូវ​បញ្ឈប់​កិច្ចសន្យាការងារ​នៅ​ដំណាច់ឆ្នាំ ២០១៣ ។

បើ​យោងតាម​លោក នេត្រ ភក្ត្រា ភាគី​កម្ពុជា​ត្រូវការ​ថវិកា​ចំនួន​ជាង ៣ លាន​ដុល្លារ​អាមេរិក​ទៀត​ដើម្បី​អាច​បន្តការងារ​រហូត​ដល់​ដំណាច់ឆ្នាំ២០១៣នេះ។ ប៉ុន្តែ រហូតមកទល់​ពេលនេះ គ្មាន​ប្រទេស​ណា​សន្យា​ផ្តល់ជំនួយ​នៅឡើយ​ទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com