ជាតិ
សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​រៀបចំ​ការពិភាក្សា​ស្តីពី​កាតព្វកិច្ច​ពន្ធ​សម្រាប់​អង្គ​ការមិន​យកប្រាក់​ចំណេញ​
07, May 2018 , 5:47 pm        
រូបភាព
ដោយ: ថ្មីៗ
​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា (EuroCham) នឹង​រៀបចំ​ការជជែក​ពិភាក្សា​នា​អាហារ​ពេលព្រឹក​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន Topaz​។ ការពិភាក្សា​នឹង​ផ្តោតលើ​ប្រធានបទ​ដ៏​សំខាន់​ដែល​ទាក់ទង​នឹង​«​កាតព្វកិច្ច​ពន្ធ​សម្រាប់​អង្គការ​ដែល​មិន​យកប្រាក់​ចំណេញ​»​។ ការចូលរួម​នេះ​ត្រូវ​បង់ថ្លៃ ១៥​ដុល្លារ សម្រាប់​សមាជិក​Eurocham និង​២៥​ដុល្លារ​សម្រាប់​អ្នក​មិនមែន​សមាជិក​។ ការចុះឈ្មោះ​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៧​កន្លះ​ព្រឹក​។ អ្នកចូលរួម​នឹង​ទទួលបាន​អាហារ​ពេលព្រឹក ជា​ថ្នូរ​នឹង​ការបង់ថ្លៃ មុននឹង​កម្មវិធី​ចាប់ផ្ដើម​។​



​លោក Borapyn Py ដែលជា​នាយក​នៃ​សមាគម​ពន្ធ​របស់​ក្រុមហ៊ុន DFDL គឺជា​វាគ្មិន​នៅក្នុង​កិច្ចពិភាក្សា​នោះ​។ ដោយមាន​បទពិសោធន៍​៩​ឆ្នាំ​ជាទី​ប្រឹក្សា​ផ្នែក​ពន្ធ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ វាគ្មិន​នឹង​ពិពណ៌នា​លម្អិត​អំពី​កាតព្វកិច្ច​បង់ពន្ធ​រប​ស់​សមាគម អង្គការ និង​សហគ្រាស​សង្គម​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ជាពិសេស នៅក្នុង​ក្របខណ្ឌ​នៃ​ប្រកាស​ថ្មី​លេខ​៤៦៤ ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​។​

​លោក Borapyn Py ក៏​នឹង​ពន្យល់​ប្រាប់​លោកអ្នក​ផងដែរ អំពី​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​វិស័យ​ពន្ធ រួមទាំង​ការលើកលែង​ពន្ធ​។​

​ប្រធានបទ​ខាងលើ​ត្រូវបាន​កំណត់ឡើង​សម្រាប់​អ្នកពាក់ព័ន្ធ​ទាំងឡាយ​រួមមាន សមាគម និង​អង្គ​ការដែល​មិនមាន​ទិសដៅ​រកប្រាក់​ចំណេញ សហគ្រាស​សង្គម សមាគម​ធុរកិច្ច ម្ចាស់​ធុរកិច្ច អ្នកជំនាញ​ច្បាប់​និង​ពន្ធ រួមទាំង​អ្នក​ចាប់អារម្មណ៍​លើ​បទបញ្ញត្តិ​នានា​ដែល​ទាក់ទង​នឹង​វិស័យ​ពន្ធ​៕


© រក្សាសិទ្ធិដោយ thmeythmey.com