ជាតិ
សិល្បះ
ថៃ គ្រង​តំណែង Miss Tourism Beauty of Asia 2018 ខណៈ​ហ្វីលីពីន​ជាប់​លេខ​២ ឯ​កម្ពុជា​លេខ​៣
02, May 2018 , 7:19 pm        
រូបភាព
​ថៃ បានក្លាយ​ទៅ​បវរកញ្ញា​ទេសចរណ៍​សម្រស់​នៃ​អាស៊ី ប្រចាំឆ្នាំ​២០១៨ (Miss Tourism Beauty of Asia 2018) ខណៈដែល​ហ្វីលីពីន​ជា​ម្ចាស់ផ្ទះ ជាប់​ជា​បវរកញ្ញា​រង​ទី​១ ឯ​កម្ពុជា​ជាប់​ជា​បវរកញ្ញា​រង​ទី​២​។ ក្រៅពី​ពាន​ជា​បវរកញ្ញា​ទេសចរណ៍​សម្រស់​នៃ​អាស៊ី​ប្រចាំឆ្នាំ​២០១៨ បវរកញ្ញា​ពី​ប្រទេស​ថៃ នាង Wipada Inkaew ក៏​ទទួលបាន​ពានរង្វាន់​ពិសេស​មួយទៀត​ដែរ គឺ Miss Friendship ឯ​បវរ​កម្ពុជា កញ្ញា កឹម ស្រី​កែវ បាន​ពាន​ឈុត​សម្លៀកបំពាក់​តំណាង​ជាតិ​ល្អ​បំផុត (Best in National Costume) ខណៈ​បវរកញ្ញា​ពី​ប្រទេស​ឥណ្ឌា នាង  Miss Photogenic - India នៅក្នុង​ការប្រកួត​នេះ​។​



​កម្មវិធី​ប្រកួត បវរកញ្ញា​ទេសចរណ៍​សម្រស់​នៃ​អាស៊ី​ឆ្នាំ​២០១៨ ត្រូវបាន​រៀបចំ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំនេះ ហើយ​រាត្រី​គ្រង​ម្កុដ បានធ្វើ​ឡើង​នៅ​ទីក្រុង Camarines Norte ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែមេសា​។

​បវរកញ្ញា​ថៃ នាង Wipada Inkaew បាន​គ្រង​ម្កុដ​បវរកញ្ញា​ទេសចរណ៍​សម្រស់​នៃ​អាស៊ី​ឆ្នាំ​២០១៨ ខណៈ​ហ្វីលីពីន នាង Ethel Abellanosa  ជាប់​ចំណាត់​លេខ​២  រីឯ​បវរ​កម្ពុជា កញ្ញា កឹម ស្រី​កែវ ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។ ក្រៅពី​គ្រង​តំណែង​បវរកញ្ញា​ទេសចរណ៍​សម្រស់​នៃ​អាស៊ី​ប្រចាំឆ្នាំ​២០១៨  ថៃ​ក៏​ទទួលបាន​ពានរង្វាន់​ពិសេស​មួយទៀត​ដែរ គឺ​Miss Friendship ឯ​កម្ពុជា បាន​ពាន​ឈុត​សម្លៀកបំពាក់​តំណាង​ជាតិ​ល្អ​បំផុត​(Best in National Costume) និង​ពាន Miss Photogenic បាន​ទៅ​ប្រទេស​ឥណ្ឌា​។​



​កញ្ញា កឹម ស្រី​កែវ បវរកញ្ញា​តំណាង​កម្ពុជា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាង​ពិតជា​រំភើប​ណាស់ ចំពោះ​ពានរង្វាន់​ទាំង​២​ដែល​ខ្លួន​ទទួលបាន​។ មាន​វ័យ​២១​ឆ្នាំ កញ្ញា កឹម ស្រី​កែវ បញ្ជាក់​ដូច្នេះ​៖ ខ្ញុំ​សុំ​និយាយថា ពាន​នេះ​មិនមែន​សម្រាប់​ខ្ញុំ​តែ​ម្នាក់​ទេ តែ​វា​គឺ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​»​។

​កញ្ញា កឹម ស្រី​កែវ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្តថា ពាន​ឈុត​សម្លៀកបំពាក់​តំណាង​ជាតិ​ល្អ​បំផុត​នេះ ជា​ពាន​មួយ​ដែល​កាន់តែ​ផ្តល់​តម្លៃ​ឲ្យ​វប្បធម៌​របស់​ប្រទេស​កម្ពុជា ហើយ​ពានរង្វាន់ ធ្វើ​ឲ្យ​កញ្ញា​សប្បាយចិត្ត ជាង​បានទទួល​ពាន​បវរកញ្ញា​ចំណាត់ថ្នាក់​លេខ​៣​ទៅទៀត​។ កញ្ញា កឹម ស្រី​កែវ ពន្យល់​ដូច្នេះ​ថា​៖«​វា​ជា​លើក​ទី​១ ដែល​បេ​ក្ខ​នារី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទៅ​ប្រកួត​លើក​ឆាក​អន្តរជាតិ ហើយ​ទទួលបាន​ពានរង្វាន់​ឈុត​សម្លៀកបំពាក់​តំណាង​ជាតិ​ល្អ​បំផុត ត្រឡប់មកវិញ​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទកភាព​លើ​ខ្លួនឯង មាន​មោទកភាព​លើ​ប្រទេសជាតិ​យើង​ខ្លាំង​មែនទែន​»​។



​ក្នុងនាម​ជា​បវរកញ្ញា​ចំណាត់ថ្នាក់​លេខ​៣ កញ្ញា កឹម ស្រី​កែវ ប្តេជ្ញា​ថា ខ្លួន​នឹង​ខិ​ត្ត ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា ទៅកាន់​ពិភពលោក ខណៈដែល​កម្ពុជា ជា​ទឹកដី​ដែល​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ ជាពិសេស​ប្រាសាទបុរាណ​នោះ​។ ទន្ទឹមនឹងនេះ កញ្ញា ស្រី​កែវ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នាង​ត្រូវធ្វើ​ដំណើរ​ទស្ស​កិច្ច ទៅកាន់​ប្រទេស​ហ្វីលីពីន​រៀងរាល់​៣​ខែម្តង ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​របស់​កម្ពុជា និង​ហ្វីលីពីន​។​

​សូមជម្រាបថា កញ្ញា កឹម ស្រី​កែវ ជា​និស្សិត​ទី​ផ្នែក​ស្ថាបត្យកម្ម នៅ​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ​។ នាង​ក៏​ធ្លាប់​ចូលរួម​ប្រកួត​កម្មវិធី Miss Tourism international ឆ្នាំ​២០១៧ ដែល​បានរៀបចំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែរ ប៉ុន្តែ​កាលណោះ កញ្ញា មិន​បានទទួល​ជ័យលាភី ឬ​ពានរង្វាន់​ណាមួយ​ឡើយ​។ នៅ​ឆ្នាំ​០១៧ ដដែល កញ្ញា កឹម ស្រី​កែវ បាន​ជាប់​ជា​កញ្ញាឯក​កម្ពុជា​ចំណាត់ថ្នាក់​លេខ​៣ នៅក្នុង​ការប្រកួត​កញ្ញា​ឯក នៅក្នុង​ប្រទេស​កម្ពុជា​។​



​នេះ​ជា​លើក​បំ​បូ​ង​ដែល កម្មវិធី​ប្រកួត​បវ​កញ្ញា​ទេសចរណ៍​សម្រស់​នៃ​អាស៊ី​ឆ្នាំ​២០១៨ ត្រូវបាន​រៀបចំឡើង​។ ការប្រកួត​លើក​ទី​១​នេះ មាន​បេ​ក្ខ​នារី​ប្រកួតប្រជែង​ចំនួន​១៥​រូប​។ ប៉ុន្តែ​បេ​ក្ខ​នារី​ចំនួន​៧​រូប ក្នុងចំណោម​បេ​ក្ខ​នារី​ទាំងអស់ មិនអាច​បន្ត​ការ​ស្នាក់នៅ​ក្នុងប្រទេស​ហ្វីលីពីន ទីតាំង​រៀបចំ​កម្មវិធី បាន​រហូតដល់​ថ្ងៃ​ផ្តាច់ព្រ័ត្រ​បាន​។ ដូច្នេះ​មានតែ​បេ​ក្ខ​នារី​៨​រូប​ប៉ុណ្ណោះ រួមមាន ឥណ្ឌា ឥណ្ឌា​ភាគខាងត្បូង កម្ពុជា ថៃ ហ្វីលីពីន ម៉ាន់​ដា​ឡេ Lower Myanmar និង Upper Myanmar ដែល​បាន​ចូលរួម​ប្រជែង​យកពាន​បវរ​កម្ពុជា​ទេសចរណ៍​សម្រស់​នៅក្នុង​តំបន់​អាស៊ី ឆ្នាំ​២២០១៨​នេះ​បាន​៕




Tag:
 កឹម ស្រី​កែវ​
 ​បវរកញ្ញា​
© រក្សាសិទ្ធិដោយ thmeythmey.com