ជាតិ
សង្គមជាតិ
និពន្ធ​នាយក​លោក គឹម​សុង ថា Phnom Penh Post ដូរ​ម្ចាស់​ភាគហ៊ុន តែ​កាសែត​នៅ​ដំណើរ​ការធម្មតា​
06, May 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ សារព័ត៌មាន​ជា​ភាសា​អង់គ្លេស និង​ខ្មែរ Phnom Penh Post បានប្រកាស​, កាលពី​ម្សិលមិញ​(​ថ្ងៃ​សៅរ៍​ទី​៥​ខែឧសភា​), លក់​ក្រុមហ៊ុន​ឲ្យ​ទៅ​វិនិយោគិន​ថ្មី​ជនជាតិ​ម៉ាឡេស៊ី​។ នេះ គឺជា​ការប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងចំណោម​ពិភព​អ្នកសារព័ត៌មាន​ក្នុង និង​ក្រៅប្រទេស និង​ក្នុងចំណោម​អ្នកអាន​កាសែត Phnom Penh Post​។ លោក កៃ គឹម​សុង និពន្ធ​នាយក​សារព័ត៌មាន Phnom Penh Post ជា​ភាសារ​ខ្មែរ និង​អង់គ្លេស ថា ដូរ​ម្ចាស់​ភាគហ៊ុន តែ​កាសែត​នៅ​ដំណើរការ​ដដែល​។


​បើទោះបីជា​សារព័ត៌មាន Phnom Penh Post បានប្រកាស​ដូរ​ថៅកែ​មែន​។ តែ​លោក កៃ គឹម​សុង និពន្ធ​នាយក​សារព័ត៌មាន Phnom Penh Post ជា​ភាសារ​ខ្មែរ និង​អង់គ្លេស បានបញ្ជាក់​នៅ​ថ្ងៃអាទិត្យ​នេះ​ថា កាសែត​នៅ​ដំណើរការ​ធម្មតា​ដដែល​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​១៦​ខែឧសភា ជា​ថ្ងៃ​ដែល​ផ្លាស់ប្តូរ​ម្ចាស់​ភាគហ៊ុន​ជា​ផ្លូវការ​។ ក្រោយ​ពេលដែល​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី​ចូលកាន់​តំណែង លោក គឹម​សុង មិនអាច​បញ្ជាក់ថា តើ​នឹងមាន​ការផ្លាស់ប្តូរ​របៀប​ធ្វើការ ឬក៏​ត្រូវ​រក្សា​នៅ​ស្ថានភាព​ដើម​ដដែល​។ នេះ គឺជា​អ្វីដែល​លោក កៃ គឹម​សុង ខ្លួនឯង​ផ្ទាល់​ក៏ត្រូវ​រង់ចាំ​មើល​ថ្នាក់ដឹកនាំ​ថ្មី​ដែរ​។ 
 
​សារព័ត៌មាន Phnom Penh Post បាន​បង្កើតឡើង​ដោយ​ជនជាតិ​អាមេរិកាំង​លោក Michel Hayes កាលពី​ឆ្នាំ​១៩៩២​។ នៅ​ឆ្នាំ​២០០៨ កាសែត​ខាងលើនេះ​បាន​លក់​ឲ្យ​ទៅ​អ្នកជំនួញ​ជនជាតិ​អូស្ត្រាលី ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ជនជាតិ​អូ​ស្រា្ត​លី​ក៏​សម្រេចចិត្ត​លក់​កាសែត​ជូន​ឲ្យ​ទៅ​អ្នកវិនិយោគ​ជនជាតិ​ម៉ាឡេស៊ី​៕ 
 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com