កីឡាជាតិ
ជាតិ
U16 នារី​កម្ពុជា​បានបញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍ AFF U16 Girl នៅ​ឥណ្ឌូណេស៊ី​
07, May 2018 , 2:25 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​បានបញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍ AFF U16 Girl Championship របស់ខ្លួន​កាលពី​ថ្ងៃទី​៦ ឧសភា ឆ្នាំ​២០១៨ ជាមួយ​លទ្ធផល​ឈរ​បាត​តារាង​ប្រចាំ​ពូ​ល B ក្រោយ​បរាជ័យ​៣​ប្រកួត​ជាប់ៗ​គ្នា​។ ប៉ុន្តែ​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​មួយ​នេះ មិនទាន់​ចប់​ការប្រកួត​របស់ខ្លួន​នៅឡើយ​ទេ​។​



​ក្រោយ​បរាជ័យ​៣​ប្រកួត​ជាប់ៗ​គ្នា នា​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល B នាំ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​បាន​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFF U16 Girl Championship ប្រចាំឆ្នាំ​២០១៨ ដែល​រៀបចំ​នៅ​ឥណ្ឌូណេស៊ី​។ ក្នុងនោះ​កម្ពុជា​បាន​ចាញ់​ឡាវ​ក្នុង​លទ្ធផល ៣-១ ក្នុងជំនួប​បើកឆាក ហើយ​បាន​បន្ត​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ២-០ ក្នុងជំនួប​ទី​២ និង​ចាញ់​ថៃ ៤-០ ក្នុងជំនួប​ចុងក្រោយ​។

​ការបរាជ័យ​ជា​បន្តបន្ទាប់​នេះ ធ្វើ​ឲ្យ​កម្ពុជា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​បាត​តារាង​ប្រចាំ​ពូ​ល B ដោយមាន​សូន្យ​ពិន្ទុ​។ ដូច្នេះ​កម្ពុជា​ត្រូវ​បញ្ចប់​បេសកកម្ម​របស់ខ្លួន​ពី​ព្រឹត្តិការណ៍​នេះ​ត្រឹម​ជំនួប​ចុងក្រោយ​ជាមួយ​ថៃ កាលពី​រសៀល​ថ្ងៃទី​៦ ឧសភា ឆ្នាំ​២០១៨​។ មិនមែន​មានតែ​កម្ពុជា​នោះទេ ដែល​ធ្លាក់​ចេញពី​ពានរង្វាន់​នេះ ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ក៏​ធ្លាក់​ចេញពី​ការប្រកួត​នេះដែរ ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល​ដោយមាន​៣​ពិន្ទុ​។

​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ថៃ នឹង​ដៃ​អ្នកជិតខាង​ឡាវ ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ AFF U16 Girl Championship 2018 តំណាង​ឲ្យ​ពូ​ល ខណៈ​ពូ​ល A មិនទាន់​រកឃើញ​ជើង​ខ្លាំង​នៅឡើយ​ទេ ដោយ​ពួកគេ​នៅសល់​ពីរ​ប្រកួត​រៀងៗ​ខ្លួន​។ ព្រឹត្តិការណ៍ AFF U16 Girl Championship នឹង​បញ្ចប់​ការប្រកួត​នៅ​ថ្ងៃទី​១៣ ឧសភា ខាងមុខនេះ​៕ 

Tag:
 ​បាល់ទាត់​
  U16 នារី​
  AFF U16 Girl
© រក្សាសិទ្ធិដោយ thmeythmey.com