អន្តរជាតិ
«​និន្នាការ​ប្រឆាំង​ចិន​» ពេញនិយម​សម្រាប់​បក្សប្រឆាំង​ក្នុងពេល​ឃោសនាបោះឆ្នោត​
07, May 2018 , 10:59 pm        
រូបភាព
មេដឹកនាំសម្ព័ន្ធបក្សប្រឆាំងលោក មហាធៀ មហាម៉ាត់
មេដឹកនាំសម្ព័ន្ធបក្សប្រឆាំងលោក មហាធៀ មហាម៉ាត់
ដោយ: ថ្មីៗ
​និន្នាការ​ប្រឆាំង​ចិន (Sinophobia) ក្លាយជា​សន្លឹក​បៀ​សំខាន់​ក្នុង​រដូវ​កាល​ឃោសនាបោះឆ្នោត​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ពី​អាស៊ី​ដល់​អាហ្វ្រិក​។ បក្សប្រឆាំង​ប្រឹង​លើកយក​បញ្ហា​ប្រឈម​ក្នុង​គម្រោង​វិនិយោគ​របស់​ចិន​ឃោសនា​ទាញយក​ប្រជាប្រិយភាព​នយោបាយ​។



​មេដឹកនាំ​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី​៤ វ័យ ៩២​ឆ្នាំ​លោក មហា​ធៀ មហាម៉ាត់ សន្យា​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​ឬ​គម្រោង​វិនិយោគ​នានា​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន​បាន​បង្កើត​ជាមួយ​ចិន បើ​បក្ស​លោក​ជាប់ឆ្នោត​ថ្ងៃ ៩ ខែឧសភា​។​

​បក្សប្រឆាំង​នេះ​ចោទថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ព័ន្ធ​បក្ស​កាន់អំណាច Barisan Nasional កំពុង​លក់​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​ទៅ​ចិន​។ មេដឹកនាំ​បក្ស​នេះ​ស្វាគមន៍​តែ​ក្រុមហ៊ុន​ចិន​ណា​ដែល ដាក់ទុន​បើក​ក្រុមហ៊ុន​នៅ​ម៉ាឡេស៊ី​, ជួល​ប្រជាជន​ក្នុងស្រុក​, នាំចូល​បច្ចេកវិទ្យា និង​ផ្ទេរ​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ​ម៉ាឡេស៊ី មិនមែន​នាំ​ប្រជាជន​ចិន​ចូលមក​ជំនួស​ដូច​ឥឡូវ​ទេ​។​

​ត្រង់​ថា វា​មាន​ឥទ្ធិពល​កម្រិតណា​ចំពោះ​អ្នកបោះឆ្នោត​នោះ វា​នៅតែ​ស្រពេចស្រពិល​។ ប្រជាជន​ម៉ាឡេស៊ី​ហាក់​មិនសូវ​ខ្វល់​ពី​បញ្ហា​វិនិយោគទុន​ចិន​ប៉ុន្មាន​ទេ តែ​ខ្វល់​ពី​ការកើនឡើង​នៃ​ការចំណាយ​លើ​ជីវភាព ពី​ការបង្កើន​ពន្ធ​ទំនិញ និង​សេវា​ឯណោះ​ទៅវិញ​។​

​នៅ​កម្ពុជា​វិញ​ក៏​មិន​ខុសគ្នា​ដែរ​។ អតីត​មេបក្ស​ប្រឆាំង​លោក សម រង្ស៊ី ក៏បាន​ផ្ញើ​សារ​នយោបាយ​មួយ​ដែលមាន​បញ្ជាក់​ក្នុង​លិខិត​មួយច្បាប់​ផ្ញើ​ទៅកាន់​សារព័ត៌មាន Phnom Penh Post ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន បើទោះជា​លោក​និរទេស​ខ្លួន​នៅ​បរទេស​ក៏ដោយ​។ អ្នកនយោបាយ​រូបនេះ​អះអាងថា ទំនាក់ទំនង​បច្ចុប្បន្ន គឺ​ចិន​ជា​អ្នកឈ្នះ ខណៈ​កម្ពុជា​ជា​អ្នកចាញ់​យ៉ាង​ស្ងៀមស្ងាត់​។ សារ​នយោបាយ​របស់លោក​ស្រដៀង​គ្នា​នឹង​មេដឹកនាំ​ម៉ាឡេស៊ី​ដែរ​គឺ​បញ្ហា​នៃ​ការវិនិយោគ​របស់​ចិន និង​ការទាញយក​ប្រយោជន៍​ច្រើនសន្ធឹក​ពី​គម្រោង​នានា​ដូច​ដី​សម្បទាន ព្រៃឈើ និង​ធនធាន​រ៉ែ​។​

​លោក​អះអាងថា ប្រជាជន​ខ្មែរ​មិនមាន​ឱកាស​ទទួល​ចំណេះ​ជំនាញ វិជ្ជាជីវៈ​ថ្មី​អ្វី​ទេពី​ការវិនិយោគ​នេះ ព្រោះ​ក្រុមហ៊ុន​ចិន​មិនបាន​នាំ​បច្ចេកវិទ្យា​មក​ស្រុក​ខ្មែរ ហើយ​បែរជា​បន្ត​ប្រជាជន​ខ្លួន​មក​ធ្វើ​ការជំនួស​ប្រជាជន​កម្ពុជា​ទៅវិញ​។ វា​ប្រៀបដូចជា​ការ ខ្ចី​ដី​ប្រើ ហើយ​ទាញយក​ផលចំណេញ​ទៅ​ស្រុក​វិញ​ប៉ុណ្ណោះ​។​

​ការបញ្ចេញ​និន្នាការ​ប្រឆាំង​ចិន ឬ​វៀតណាម​មិនមែនជា​រឿង​ថ្មី​សម្រាប់​អ្នកនយោបាយ​ខ្មែរ​ទេ ឲ្យ​តែមាន​ការបោះឆ្នោត​មកដល់​។ ប៉ុន្តែ​លើក​នេះ សារ​នយោបាយ​ចេញ​ស្របពេល​ក្តីបារម្ភ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​កំណើន​វិនិយោគិន​និង​ជនជាតិ​ចិន​កើនឡើង​ដែរ​។ វា​គួរ​ឲ្យ​សោកស្តាយ​ត្រង់​ថា សារ​នយោបាយ​ត្រូវ​បរិបទ​តែ​ទាស់​កាលៈទេសៈ​។​

​បន្ទាប់មក​គឺ​នៅ​ឥណ្ឌូណេស៊ី​។ កាលពី​ឆ្នាំមុន វា​មាន​ពាក្យ​ចរចា​អា​រ៉ា​ម​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌូណេស៊ី​បារម្ភ និង​ចាប់ផ្តើម​ឃើញ​លំហូរ​វិនិយោគទុន និង​កំណើនប្រជាជន​ចិន​ក្នុង​ផ្លូវ​អវិជ្ជមាន​។ នោះ​គឺ ការផ្សព្វផ្សាយ​ថា ប្រជាជន​ចិន​នៅ​ឥណ្ឌូណេស៊ី​កើន​ដល់ ២០​លាន​នាក់ ដែល​ព័ត៌មាន​ចរចា​អា​រ៉ា​ម​នេះ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចេញ​បកស្រាយ​ភ្លាម​។ រដ្ឋាភិបាល​បង្ហាញ​តួលេខ​ផ្លូវ​ការដែល​បញ្ជាក់ថា ប្រជាជន​ចិន​ធ្វើការ​នៅ​ឥណ្ឌូណេស៊ី​មាន​ប្រហែល ២​សែន​នាក់​ប៉ុណ្ណោះ​។​

​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ឆ្នាំក្រោយ ការឃោសនា​នយោបាយ​ប្រឆាំង​ចិន​ក៏​ប្រហែលជា​នឹង​ក្លាយជា​រឿង​ពេញនិយម​ជាថ្មី​ដែរ ខណៈដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ​កំពុង​ពង្រឹង​ទំនាក់ទំនង​ការទូត​និង​ពាណិជ្ជកម្ម​ជាមួយ​មហា​យក្ស​ចិន​នេះ​។​

​មួយទៀត​គឺ នៅ​រដ្ឋ​អាហ្វ្រិក​ស៊ីម​បា​វ៉េ​។ មេដឹកនាំ​បក្សប្រឆាំង Nelson Chamisa  ថ្មីៗ​នេះ​ក៏បាន សន្យា​បណ្តេញ​អ្ន​កវិន​យោគ​ចិន​ពី​ប្រទេស ឲ្យ​តែ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ខ្លួន​ធ្វើជា​ប្រធានាធិបតី​នៅ​ខែកក្កដា ខាងមុខ​។​

​អ្នកនយោបាយ​បក្សប្រឆាំង​អះអាង​ពេញៗ​មាត់​ថា ក្រុមហ៊ុន​ចិន​ចូលចិត្ត​កេងប្រវ័ញ្ច ប្រ​ពឹ​ត្ត​អំពើពុករលួយ ហើយ​រាល់​ការវិនិយោគ​បម្រើ​តែ​ប្រយោជន៍​ក្រុម​អភិជន​មួយ​ក្តាប់​តូច​ដែល​ដឹកនាំ​រដ្ឋាភិបាល ខណៈ​រាស្ត្រសាមញ្ញ​បាន​ត្រឹម​រង​ទុក្ខ​ប៉ុណ្ណោះ​។ ប៉ុន្តែ វា​មិនមែន​ងាយស្រួល​ដូច​ការសន្យា​ឯណា​។ មុននឹង​បណ្ដេញ​ក្រុមហ៊ុន​ចិន​ចេញរួច ស៊ីម​បា​វ៉េ​ប្រហែល​ត្រូវ​រកលុយ​មក​សងបំណុល​ដែល​រដ្ឋាភិបាល​លោក រ៉ូបឺត មូ​ហ្កា​បេ ជំពាក់​ចិន​កន្លងមក​ឲ្យ​អស់​សិន​ដែរ​។​

​ការជំរុញ​ឲ្យ​មានការ​ពង្រឹង​ការគ្រប់គ្រង និង​អនុវត្ត​ច្បាប់​លើ​ការវិនិយោគ​បរទេស​ជា​រឿង​សមរម្យ ហើយ​វា​ក៏​អាច​ធានា​ពី ប្រយោជន៍​ទៅវិញទៅមក​យូរអង្វែង​ផង​។ ចំណែក​ការ​បញ្ឆេះ​កំហឹង ឬ​លើកទឹកចិត្ត​ឲ្យ​ស្អប់ខ្ពើម​ជាតិ​សាសន៍​នេះ ឬ​សាសន៍​នោះ រួមទាំង​ការបណ្តេញ​អ្នកវិនិយោគ​បរទេស ឬ​លុបចោល​កិច្ចព្រមព្រៀង​វិនិយោគ​ចោល​នោះ​មិនមែនជា​រឿង​ត្រឹមត្រូវ​ឡើយ​។ វា​ក៏​អាចមាន​ផល​អវិជ្ជមាន​ច្រើន​ទាំង​លើ​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​ថែមទៀត​៕


Tag:
 ចិន​
  វិនិយោគ​
  ឃោសនាបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com