ខ្មែរ​ក្រហម
ជាតិ
លោក ប៊ូ ម៉េង ប្រកាស​ជំហរ​អព្យាក្រឹត ដោយ​មិន​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា
04, Jun 2013 , 11:58 am        
រូបភាព
ដោយ:
លោក ប៊ូ ម៉េង ដែលជា​អតីត ជនរងគ្រោះ​ម្នាក់​នៅក្នុង គុក​ទួលស្លែង ឬ​មន្ទីរ ស-២១ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​អនុប្រធាន​សមាគមន៍​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ «ក្សេមក្សាន្ដ» ផង​នោះ បានធ្វើការ​អះអាងថា គាត់​នៅ​អព្យាក្រឹត ហើយ​នឹងមិន​ចូលរួម​ក្នុង​បាតុកម្ម​នោះទេ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​របស់លោក កាលពី​ថ្ងៃទី៣ ខែមិថុនា កាលពី​ម្សិលមិញ។


លោក​បន្តថា ក្នុងករណី លោក ជុំ ម៉ី ប្រកាស​ធ្វើបាតុកម្ម​នោះ គឺ​គាត់​ធ្វើ​ក្នុងនាម​របស់គាត់​ផ្ទាល់ មិនមែន​តាងនាម​ឲ្យ​សមាគមន៍ «ក្សេមក្សាន្ដ» នោះទេ ហើយ​សមានគម​ន៍​ក៏​ធ្លាប់​បានចេញ សេចក្ដីថ្លែងការណ៍ ម្ដង​រួចហើយ អំពី​បញ្ហា​នេះ កាលពី​ថ្ងៃទី១ ខែមិថុនា។ ដោយ​លោក​បាន​បញ្ជាក់ថា សមាគមន៍​នេះ មាន​គោលការណ៍ ផ្សះផ្សា​ជាតិ មិនមាន​គោលបំណង បំបែកបំបាក់​ជាតិ​នោះទេ។

លោក ប៊ូ ម៉េង​បាន​បន្តទៀតថា ហេតុដែល​លោក​ធ្វើ​សេចក្ដីថ្លែងការណ៍​នេះ​ឡើង ព្រោះ​តែងតែមាន​ពាក្យ​ច​ចាម​អារាម​ថា លោក​នឹងចូលរួម​ធ្វើបាតុកម្ម​នោះ។

ចំណែក​លោក ជុំ ម៉ី ដែលជា​អតីតជន​រងគ្រោះ នៅក្នុង​គុក​ទួលស្លែង​ដូចគ្នានេះដែរ បានកំណត់​ពេលធ្វើ​បាតុកម្ម ប្រឆាំងនឹង​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ហើយ​បាតុកម្ម​នោះ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី៩ ខែមិថុនា​ខាងមុខនេះ ដែល​នឹងមាន​អ្នក​មនុស្ស ២ម៉ឺន​នាក់​ចូលរួម​ក្នុង​បាតុកម្ម​នោះ។

ការប្រកាស​ធ្វើបាតុកម្ម​នេះ គឺធ្វើឡើង​ដើម្បី​ឲ្យ លោក កឹម សុខា ធ្វើការ​សុំទោស​ចំពោះ ពាក្យ​ដែល​លោក​ធ្លាប់បាន​និយាយថា ទួលស្លែង​កឺ​ជា​គុក​សិប្បនិម្មិត រៀបចំឡើង​ដោយ​វៀតណាម ដោយ​គ្មាន​ការធ្វើ​ទារុណកម្ម និង​ការសំលាប់​មនុស្ស ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះទេ។

ចំពោះ​លោក កឹម សុខា វិញ​គឺ​លោក​បាន​បដិសេធ ដោយ​មិន​ធ្វើការ​សុំទោស​អ្វី​ទាំងអស់ ព្រោះ​លោក​បាន​អះអាងថា លោក​មិនដែល​និយាយ​ដូច្នេះ​នោះទេ ដោយ លោក​ជឿជាក់ថា សឡ​លេង​របស់លោក​ត្រូវបាន​គេ​កាត់ត ហើយ​លោក​ក៏​ធ្លាប់បាន​បញ្ជាក់ដែរថា លោក​ក៏​ជា​ជនរងគ្រោះ​ម្នាក់ ក្នុង​របប​នោះ​ផងដែរ៕

 



© រក្សាសិទ្ធិដោយ thmeythmey.com