ជាតិ
ពលរដ្ឋ​ខេត្តមណ្ឌលគិរី ដែល​សង្ស័យថា​ពុល​ទឹក កើនឡើង​ដល់​ជិត​៤០​នាក់
10, May 2018 , 11:00 am        
រូបភាព
រូបពីហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគីរី
រូបពីហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគីរី
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ ដោយ​សង្ស័យថា​ពុល​អ្វី​ម្យ៉ាង បាន​កើន​ឡើងដល់​ប្រមាណ​៤០​នាក់​ហើយ​។ នេះ​ជាការ​អះអាង​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​។



​លោក ស្វាយ សំ​អ៊ាង ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា ក្រុមគ្រូពេទ្យ កំពុង​ស្រាវជ្រាវ​រក​មូលហេតុ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ មាន​ជំងឺ​បែបនេះ​។ លោក និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ពួកគាត់ ឈឺភ្នែក ឈឺដៃ​ជើង ចុក​ក្នុង​ឆ្អឹង និង​អស់កម្លាំង​។ តែ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​។  យើង​មិនទាន់​សង្ស័យថា​ពុល​ទឹក​ទេ​។ យើង​កំពុងតែ​រកមើល ថា​ពុល​អី្វ​ឲ្យ​ច្បាស់​»​។ 

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ម្សិលមិញ មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ពលរដ្ឋ​ចំនួន​១៤​នាក់ មាន​អាការ​ក្អួតចង្អោរ ដោយ​សង្ស័យថា​ពុល​ទឹក​។ ករណីនេះ​បានកើត​ឡង​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​គួររម្លឹកថា ថ្មីៗ​នេះ ក៏មាន​ករណី​ពុល​ទឹក​ផ្ទុះឡើង នៅក្នុង​ខេត្តក្រចេះ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ជាង​២០០​រងគ្រោះថ្នាក់ ដោយ​ក្នុងនោះ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​១៣​នាក់​ស្លាប់​៕

អត្ថបទទាក់ទង



Tag:
 ពុល​ទឹក​
  មណ្ឌលគិរី​
  ស្វាយ សំ​អ៊ាង​
© រក្សាសិទ្ធិដោយ thmeythmey.com