ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជុំ ម៉ី ប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​ថ្ងៃទី៩ ខែមិថុនា
04, Jun 2013 , 12:02 pm        
រូបភាព
ដោយ:
អតីត​អ្នក​ជាប់គុក​នៅ​មន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ឬ​មន្ទីរ​ស២១ លោក ជុំ ម៉ី នៅ​ថ្ងៃទី៤ ខែមិថុនា នេះ​បានប្រកាស​ជា​ឱឡារិក​នៅ​សន្និសីទកាសែត​មួយ​ក្នុង​បរិវេណ​គុក​ទួលស្លែង​ទៅកាន់​លោក គឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថា ក្បួន​មហា​បាតុកម្ម​របស់​ក្រុម​ជនរងគ្រោះ​ដែល​មិន​សុខ​ចិត្តនឹង​ការលើកឡើង​របស់លោក កឹម សុខា ដែលថា​គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត​នោះ នឹងត្រូវ​ហែរ​ចេញពី​មន្ទីរ​ស២១ទៅកាន់​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី៩ ខែមិថុនា ខាងមុខ​នេះហើយ។ 



បើតាម​លោក ជុំ ម៉ី បាតុកម្ម​ដែល​លោក​គ្រោង​ដឹកនាំ​នេះ អាចមាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ប្រហែល​ជាជាង២ម៉ឺន​នាក់ ហើយ​ថា​ចំនួន​នេះ​នឹង​អាច​កើនឡើង​លើស​ការគ្រោងទុក។

គួរ​បញ្ជាក់ថា ការប្រកាស​ធ្វើបាតុកម្ម​របស់លោក ជុំ ម៉ី ប្រធាន​សមាគម​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ទៅកាន់​លោក កឹម សុខា នាពេលនេះ​ធ្វើឡើង​បន្ទាប់ពី​លោក កឹម សុខា នៅតែ​រក្សា​ជំហរ​របស់ខ្លួន​បដិសេធ​ដាច់ខាត​ក្នុងការ​សុំទោស​ទៅកាន់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ចំពោះ​ករណី​ដែល​លោក​ត្រូវបាន​គេ​អះអាងថា បានចាត់ទុក​គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត។  
ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើបាតុកម្ម​របស់លោក ជុំ ម៉ី នៅ​ថ្ងៃទី៩ ខែមិថុនា ខាងមុខ​នេះដែរ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អត្ថាធិប្បាយ​ប្រាប់​គេហទំព័រថ្មីៗនៅ​រសៀល​ថ្ងៃទី៤ ខែមិថុនា​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនដែល​ខ្វល់​ជាមួយ​ការធ្វើ​បាតុកម្ម​របស់លោក ជុំ ម៉ី នោះទេ ហើយ​ថា គ្មានអ្វី​ប្រែប្រួល​នោះទេ ពោលគឺ​លោក កឹម សុខា នៅតែ​រក្សា​ជំហរ​ដាច់ខាត​មិន​សុំទោស​ដល់​ក្រុម​ជនរងគ្រោះ។  
អ្នកនាំពាក្យ​រូបនេះ បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​លោក ប៊ូ ម៉េង ក្នុង​ការមិន​ចូលរួម​បាតុកម្ម​ជាមួយ​លោក ជុំ ម៉ី ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ ដោយ​លោក ប៊ូ ម៉េង មិនធ្លាក់​ខ្លួន​ក្រោម​ការអូសទាញ​ពី​សំណាក់​អ្នកនយោបាយ៕    

© រក្សាសិទ្ធិដោយ thmeythmey.com