ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គ្រោះ​ជាតិ នៅសល់​ឱកាស​ត្រឹម​ថ្ងៃនេះ​
14, May 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការចុះឈ្មោះ​គណបក្សនយោបាយ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ត្រូវ​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះហើយ​។ ចំពោះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កុំថាឡើយ​បាន​ចុះឈ្មោះ​នៅ​គ​.​ជ​.​ប​. ជាមួយ​គេឯង តែ​សូម្បី​រស់​ឡើងវិញ នៅ​មិនទាន់​រស់​ផង​។



ការបោះឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នឹងមិន​មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ប្រសិនបើ​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មិនបានចុះឈ្មោះនៅគ.ជ.ប. ក្នុងថ្ងៃនេះ​។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​. ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​បើ​គណបក្ស​ហ្នឹង មិនបាន​ដាក់ពាក្យ​នៅ​ថ្ងៃ​ហ្នឹង​ទេ គឺ​ស្មើនឹង​មិនបាន​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​»​។

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​និយាយ​ពី​ក្រៅប្រទេស​មក​ថា លោក និង​ក្រុម​អ្នកប្រឆាំង នឹង​បន្ត​ការតស៊ូ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ ហើយ​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ ផ្ទុយ​មកវិញ លោក សម រង្ស៊ី បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​គណបក្ស​ស្របច្បាប់​ទាំងអស់​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​ដល់​៤១​ឯណោះ​។ លោក ហង្ស ពុទ្ធា អះអាងថា រហូតមកដល់​ព្រឹក​ថ្ងៃទី​១៤​នេះ ក្នុងចំណោម​គណបក្ស​ទាំង​៤១ មាន​គណបក្ស​១២​ហើយ ដែល​បាន​យកពាក្យ​ទៅ​ដាក់​នៅ​គ​.​ជ​.​ប​. ខណៈ​គណបក្ស​២​ទៀត កំពុង​បំពេញបែបបទ​៕


Tag:
 បោះឆ្នោត​
  CNPR
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com