អន្តរជាតិ
នយោបាយអន្តរជាតិ
នៅថ្ងៃធ្វើការដំបូងលោក មហាធៀ បញ្ជាឲ្យអគ្គព្រះរាជអាជ្ញាចុះចេញពីតំណែង
× បុគ្គលចម្រូងចម្រាសម្នាក់ទៀតគឺ អគ្គរដ្ឋព្រះរាជអាជ្ញាម៉ាឡេស៊ីត្រូវបានប្រមុខរដ្ឋាភិបាលថ្មីបញ្ជាឲ្យចុះចេញពីតំណែងនៅថ្ងៃចន្ទទី ១៤ ខែឧសភា។ ប្រធានស្ថាប័នអយ្យការរូបនេះត្រូវប្រឈមនឹងបណ្តឹងច្រើនដែរជុំវិញការជួយធានាថា អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ស្អាតស្អំមិនពាក់ព័ន្ធពុករលួយ។
នៅថ្ងៃធ្វើការដំបូង នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានសម្រេចបញ្ជាឲ្យអគ្គព្រះរាជអាជ្ញាម៉ាឡេស៊ីលោក Mohamad Apandi Ali ចាកចេញពីតំណែងរបស់ខ្លួន ខណៈដែលមន្ត្រីរូបនេះរៀបចំបើការស៊ើបអង្កេតឡើងវិញនូវសំណុំរឿងពុករលួយក្នុងគម្រោងរដ្ឋ 1MDB។
លោក មហាធៀ បានបញ្ជាក់ថា បណ្តឹងជាច្រើនត្រូវបានរៀបចំហើយដើម្បីប្រឆាំងប្រធានស្ថាប័នអយ្យការខាងលើនេះ ជុំវិញការពាក់ព័ន្ធនឹងការព្យាយាមបញ្ចប់សំណុំរឿងដោយជួយលាងសម្អាតរឿងអាស្រូវពុករលួយរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់កន្លងមក។
]ទូរទស្សន៍សិង្ហបុរី Channel News Asia ស្រង់សម្តីលោក មហាធៀ ដូច្នេះ៖«យើងត្រូវធានាថា ការស៊ើបអង្កេតពាក់ព័ន្ធករណីពុករលួយនេះជារឿងអាទិភាព។ យើងចាំបាច់ត្រូវធានាបានថា ស្ថាប័អយ្យការធ្វើការងាររបស់ខ្លួនដោយផ្អែកសំខាន់លើច្បាប់»។
តាមពិតទៅ លោក មហាធៀ បានបញ្ជាក់ក្រោយជាប់ឆ្នោតថា ប្រធានស្ថាប័ន និងអាជ្ញាធររដ្ឋមន្ត្រីចំនួនត្រូវអស់តំណែងដោយសារការជួយការពាររឿងក្តីពុករលួយរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប។ គេមើលឃើញថា កាលពីឆ្នាំ ២០១៦ លោក Mohamed Apandi បានប្រើប្រាស់អំណាចខ្លួនជាអគ្គព្រះរាជអាជ្ញាដើម្បី បញ្ជាក់ជាផ្លូវការថាលោក ណាជីប មិនបានធ្វើអ្វីខុសច្បាប់ឡើយ ។
បង្កើតក្នុងឆ្នាំ២០០៩ មូលនិធិ 1MDB មានគោលដៅប្រែក្លាយទីក្រុងគួឡាឡាំពួរ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយ និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគយុទ្ធសាស្ត្រ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានអះអាងថា មន្ត្រីក្នុងមូនិធិនេះបានកិបកេងលុយប្រហែល ៤,៥ ពាន់លានដុល្លារអាមេរិកក្នុងចំណោមនោះមាននៅក្នុងគណីធនាគាររបស់លោក ណាជីប ផង។ ក្នុងឆ្នាំ ២០១៣ លុយ៦៨១ លានដុល្លារ នៃមូលនិធិនេះ ត្រូវបានផ្ទេរទៅកាន់គណនីធនាគាររបស់លោក ប៉ុន្តែលោកបានបដិសេធថា វាជាលុយអំណោយដែលអារ៉ាប៊ីសាអូឌីតផ្តល់ឲ្យប៉ុណ្ណោះ។
ខណៈដែលអគ្គព្រះរាជអាជ្ញាត្រូវបង្ខំឲ្យចុះចេញតំណែង ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយលោក Dzulkifli Ahmad សម្រេចលាលែងពីតំណែងម្សិលមិញដូចគ្នាដែរ។ លោក មហាធៀ បានចោទថា ប្រធានអង្គភាពនេះមិនឯករាជ្យដោយមិនចេញចំណាត់ការប្រឆាំងអំពើពុករលួយដែលកើតឡើងកន្លងមកឡើយ។
កាលពីចុងសប្តាហ៍កន្លងមកទៅ លោក ណាជីប និងភរិយា ក៏ត្រូវនាយកដ្ឋានអន្តោប្រវេសន៍ដាក់ចុះឲ្យស្ថិតក្រោមបម្រាមចាកចេញពីប្រទេសផងដែរ ដោយវិធានការនេះផ្តួចផ្តើមដោយលោក មហាធៀ ផ្ទាល់។ បើតាមការបញ្ជាក់របស់លោក មហាធៀ ផងដែរនោះមន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ីផ្សេងទៀតក៏នឹងស្ថិតក្រោមបញ្ជីខ្មៅដូចលោក ណាជីប ដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យបានជាក់លាក់នោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com