ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួន សេរី​រដ្ឋា សុំ​សម្តេច ហ៊ុន សែន ជួយ​ឲ្យ​បាន​ចេញពី​ពន្ធនាគារ​
15, May 2018 , 3:00 pm        
រូបភាព
រូបពីទំព័រហ្វេសបុករបស់លោក សួន សេរីរដ្ឋា
រូបពីទំព័រហ្វេសបុករបស់លោក សួន សេរីរដ្ឋា
ដោយ: ថ្មីៗ
​លោក សួន សេរី​រដ្ឋា ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ បាន​សរសេរ​លិខិត​មួយ​ចេញពី​ពន្ធនាគារ ដើម្បី​សុំទោស និង​សារភាព​កំហុស​ចំពោះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កងទ័ព​គ្រប់រូប​។ លិខិត​ខាងលើ ត្រូវបាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​៣០ ខែមេសា​មក ប៉ុន្តែ​លោក សួន សេរី​រដ្ឋា ទើបនឹង​យកទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ក្នុងថ្ងៃនេះ​។



​ក្នុង​លិខិត​នោះ លោក សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​សម្តែង​ការសោកស្តាយ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សម្តេច ហ៊ុន សែន និង​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់​។ បន្ទាប់មក​លោក ក៏​សុំ​ឲ្យ​សម្តេច ហ៊ុន សែន និង​កងទ័ព លើកលែងទោស និង​អធ្យាស្រ័យ​ដល់​លោក​។

​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​សន្យាថា ពីថ្ងៃ​នេះ​ទៅ លោក នឹងមិន​ធ្វើ​អ្វី​ដោយ​គ្មាន​ការពិចារណា​បែបនេះ​ទៀតឡើយ​។ លោក បានស្នើ​ទៅ​សម្តេច ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា​៖«​សូម​សម្តេច​តេ​ជោ ស្នើ​លើកទោស​ឲ្យ​ខ្ញុំ បាន​រួច​ផុតពី​ទោស ដើម្បី​បាន​វិល​ទៅ​ជួប​គ្រួសារ ថែរក្សា​ម្តាយ​ចាស់ជរា ថែរក្សា​កូនតូចៗ ធ្វើជា​កូន​ល្អ ឪពុក​ល្អ និង​ជា​ស្វាមី​ល្អ ព្រមទាំង​ជា​ពលរដ្ឋ​ល្អ​ដោយ​ក្តី​អនុគ្រោះ​»​។​

​សូម​រម្លឹកថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៧ លោក សួន សេរី​រដ្ឋា ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ដោយរងការចោទប្រកាន់ថាលោក បានប្រមាថ​កងទ័ព តាមរយៈ​ការ​បង្ហោះ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ កាលនោះ លោក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖« [….] ពេល​សង្គ្រាម​កើតឡើង​ជាមួយ​ប្រទេស​ឡាវ លទ្ធផល មិន​ខុសពី​សង្គ្រាម ដែល​កើតឡើង​ជាមួយ​ប្រទេស​សៀម​ទេ គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​។ ហើយ​មេទ័ព នឹង​ឡើងបុណ្យស័ក្តិ ប្រមូលបាន​លុយកាក់ សប្បាយ​ជាមួយ​ស្រី​យ៉ាង​គគ្រឹកគគ្រេង​។ [ ….]»៕

អត្ថបទទាក់ទង



Tag:
 សួន សេរី​រដ្ឋា​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com