ខ្មែរ​ក្រហម
ជាតិ
ឌុ​ច ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​ខេត្តកណ្តាល​ដើម្បី​បន្ត​ការអនុវត្ត​ទោស​របស់ខ្លួន
06, Jun 2013 , 9:36 am        
រូបភាព
នៅ​ព្រឹក​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣នេះ កាំ​ង ហ្កេ​ច​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល​ដើម្បី​អនុវត្ត​ទោស​ជាប់ពន្ធនាគារ បន្ទាប់ពី​មាន​ចំណារ​យល់ព្រម​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងការ​សម្របសម្រួល​បញ្ជូន​ទណ្ឌិត​រូបនេះ​ពី​មន្ទីរឃុំឃាំង​សាលាក្តី​ខ្មែរក្រហម។


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​សហ​ព្រះរាជអាជ្ញា  សាលាក្តី​ខ្មែរក្រហម (អ.វ.ត.ក) គឺជា​តុលាការជាតិ​ដែល​ស្ថិតនៅក្នុង​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​កម្ពុជា​ជា​អ្នកទទួលខុសត្រូវ​ចុងក្រោយ​សម្រាប់​ការដាក់​ពន្ធនាគារ​រាល់​បុគ្គល​ដែល​ត្រូវបាន​ផ្តន្ទាទោស និង​បានប្រកាស​ទោស​នៅ អ.វ.ត.ក ចំពោះ​ទោស​ត្រូវ​ជាប់ពន្ធនាគារ។

ក្រោយ​បញ្ចប់​ការផ្តល់​សក្ខីកម្ម​របស់​គាត់​ក្នុង​សំណុំរឿង០០២ វា​ជា​ពេលវេលា​ក្នុងការ​បញ្ជូន ឌុ​ច ទៅក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ជាតិ។ សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ពន្ធនាគារ​ខេត្តកណ្តាល​គឺជា​កន្លែង​ដ៏​សមស្រប បន្ទាប់ពី​បុគ្គលិក​ដែលជា​សមាជិក​របស់​កា​រិ​យា​ល័យ​សហ​ព្រះរាជអាជ្ញា​បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ កាលពី​ខែមិថុនា ឆ្នាំ២០១២ និង​ខែឧសភា ឆ្នាំ២០១៣ កន្លងមក។

សហ​ព្រះរាជអាជ្ញា បាន​អះអាងថា ពន្ធនាគារ​ខេត្តកណ្តាល​ដែល​ត្រូវ​បានស្នើ​សម្រាប់ ឌុ​ច គឺជា​ពន្ធនាគារ​មួយ​ដែល​នឹង​ការពារ​ផលប្រយោជន៍​របស់គាត់​បានល្អ​ប្រសើរ​បំផុត។ ទន្ទឹមគ្នានេះ​ផងដែរ សហ​ព្រះរាជអាជ្ញា បាន​សម្របសម្រួល​ជាមួយ​អគ្គនាយក​ពន្ធនាគារ​ថា ទីកន្លែង និង​ស្ថានភាព​នៃ​ការឃុំខ្លួន ឌុ​ច នឹងមិន​ត្រូវ​ប្រែប្រួល​ឡើយ ដោយ​រំពឹងទុក​ថា គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​អាច​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ពន្ធនាគារ​នានា​ទូទាំងប្រទេស រួមទាំង​ពន្ធនាគារ​ខេត្តកណ្តាល។

សូមបញ្ជាក់ថា កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច វ័យ៧១ឆ្នាំ ដែលមាន​ដើមកំណើត​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយ​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ បទចោទប្រកាន់​លើ អតីត​មេ​គុក​ទួលស្លែង​រូបនេះ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ ពោលគឺ​ការធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​នៅ​គុក​ទួលស្លែង​ក្នុងសម័យ​ខ្មែរក្រហម៕




© រក្សាសិទ្ធិដោយ thmeythmey.com