ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជុំ ម៉ី៖ បាតុកម្ម​អហឹ​ង្សា​គឺ​សំដៅ​តែ​ចំពោះ​បុគ្គល កឹម សុខា ប៉ុណ្ណោះ
06, Jun 2013 , 6:09 pm        
រូបភាព
ដោយ: រួបរួម
សារជាថ្មី​ម្តងទៀត លោក ជុំ ម៉ី តំណាង​អតីតជន​រងគ្រោះ​គុក​ទួលស្លែង​បាន​អំពាវនាវ​ឲ្យ​មានការ​គាំទ្រ និង​ចូលរួម​ក្នុង​មហា​បាតុកម្ម​អហឹ​ង្សា​ប្រឆាំង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​បាន​និយាយថា «គុក​ទួលស្លែង​ជា​សិប្បនិម្មិត»។ គម្រោង​មហា​បាតុកម្ម​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី៩ ខែមិថុនា ឆ្នាំ២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ។



លោក ជុំ ម៉ី បាន​បញ្ជាក់ថា មហា​បាតុកម្ម​ប្រឆាំង​បុគ្គល កឹម សុខា គឺជា​ការបង្ហាញ​ឲ្យ​ឃើញថា ទាំងអស់គ្នា​ពិតជា​មានការ​ឈឺចាប់​ចំពោះ​សំដី​អ្នកនយោបាយ​រូបនេះ​ដែល​បាន​ថ្លែងថា «គុក​ទួលស្លែង​ជា​សិប្បនិម្មិត» ព្រោះម្នាក់ៗសុទ្ធតែ​បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ដូចគ្នា។

នៅក្នុង​សេចក្តីអំពាវនាវ​របស់​ខ្លួន លោក ជុំ ម៉ី បានសរសេរថា៖ «សូមមេត្តា​ចូល​អហឹ​ង្សា និង​សំដៅ​ឆ្ពោះ​តែ​ចំពោះ​បុគ្គល លោក កឹម សុខា តែ​ម្នាក់​ប៉ុណ្ណោះ ក្នុង​បំណង​គ្រាន់តែ​បង្ខំ​ឲ្យ​បុគ្គល​រូបនេះ​មក​ទទួលខុសត្រូវ​នូវ​អ្វីដែល​ខ្លួន​បាន​និយាយ​បំភ្លៃ​ភស្តុតាង​ប្រវត្តិសាស្ត្រ។ ក្រៅពី​បុគ្គល លោក កឹម សុខា ទោះ​កូនចៅ ឬ​សាច់ញាតិ​ក្រុមគ្រួសារ​របស់លោក កឹម សុខា គណបក្សនយោបាយ និង​អ្នកគាំទ្រ យើង​មិនត្រូវ​ប៉ះពាល់​ជាដាច់ខាត»។

យោងតាម​វីដេអូ​ឃ្លី​ប​ដែល​ថ្លែង​ពី​ប្រទេស​សឹង្ហ​បុរី លោក កឹម សុខា បាន​បញ្ជាក់ថា លោក​នឹង​ត្រឡប់​មកកាន់​កម្ពុជា​វិញ​នៅ​ថ្ងៃទី៧ ខែមិថុនា ស្អែក​នេះ ដើម្បី​ប្រឈមមុខ​តទល់​ទៅនឹង​ក្រុម​ដែល​ត្រៀម​ធ្វើ​ទុក​បុក​ម្នេញ​លើ​លោក​តាម​រូបភាពផ្សេងៗ ។

នា​សន្និសីទ​សារព័ត៌មាន​ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក​លោក កឹម សុខា បានបញ្ជាក់​លោក​មិនដែល​និយាយថា​គ្មាន​របប​ប្រល័យពូជសាសន៍​ម្តងណា​ឡើយ ហើយ​លោក​ក៏​មិន​ធ្លាប់​និយាយថា គ្មាន​ការកាប់សម្លាប់ ឬ​ការធ្វើ​ទារុណកម្ម​នៅក្នុង​របប​នោះដែរ បន្ថែម​ពីលើ​នេះ លោក​អះអាងថា លោក​មិនដែល​និយាយថា គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត​ម្តងណា​ឡើយ៕

 



© រក្សាសិទ្ធិដោយ thmeythmey.com