ជាតិ
រាល់​ឆ្នាំ កម្ពុជា​ខាត​ប្រាក់​២០០​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​គ្រោះថ្នាក់​ពី​ការជក់បារី​
24, May 2018 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ជា​រៀងរាល់ឆ្នាំ កម្ពុជា ចំណាយ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ ដែល​កើតចេញពី​ការជក់បារី​។ នេះ​បើ​ត​តាម​ការចុះផ្សាយ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​។



​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្តី​របស់​លោកស្រី ឈា ឆដាភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព បាន​បញ្ជាក់ថា បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ជាង​១.៦​លាន​នាក់ ដែល​ជក់បារី ខណៈ​កម្ពុជា​បានដាក់​សារ​ព្រមាន​ពី​ការកើត​ជំងឺ​បេះដូង មហារីក​ខួរក្បាល និង​រោគ​ស្បែក ដោយសារ​ការជក់បារី​លើ​កញ្ចប់​ផងដែរ​។​

​ការ​ថ្លែង​របស់​លោកស្រី ឈា ឆដាភា ធ្វើឡើង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ក្រោម​ប្រធានបទ «​ថ្នាំជក់ និង​ជំងឺ​បេះដូង​» នៅ​ក្រសួងសុខាភិបាល នា​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​។

​លោក អ៊ឹង ភិ​រុន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ថ្នាំជក់ អាច​នាំ​ឲ្យ​មាន​ជំងឺមហារីក ហើយ​បានសម្លាប់​មនុស្ស​លើ​ពិភពលោក​អស់​ប្រមាណ​៧.២​លាន​នាក់ ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល ដោយ​បន្ត​ចុះផ្សាយ​ពី​ការលើកឡើង​របស់លោក អ៊ឹង ភិ​រុន ថា បញ្ហា​ថ្នាំជក់ កើតមាន​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​វា​ប៉ះពាល់​សេដ្ឋកិច្ច និង​បន្ថែម​ភាពក្រីក្រ រួមទាំង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បរិស្ថាន​ទៀតផង​៕ 


Tag:
 សង្គម​
  ថ្នាំជក់
© រក្សាសិទ្ធិដោយ thmeythmey.com