ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រឆាំង​ស្នើ​ពន្យា​ការពិភាក្សា​ច្បាប់​ដាក់ទោស​អ្នក​មិន​ទទួលស្គាល់​របប​ខ្មែរក្រហម
06, Jun 2013 , 6:41 pm        
រូបភាព
ដោយ:
តំណាងរាស្ត្រ​គណបក្សប្រឆាំង​ចំនួន៧រូប នៅ​ថ្ងៃទី៦ ខែមិថុនា​នេះ បានដាក់​សំណើរ​មួយ​ទៅកាន់​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយ​ស្នើសុំ​ឲ្យ​សម្ដេច​ពន្យា​ពេល​ការពិភាក្សា និង​អនុម័ត​លើ​សេចក្ដីស្នើច្បាប់ ស្ដីពី «ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈពេល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ»។



កា​ស្នើសុំ​ពន្យា​ពេលនេះ​ត្រូវបាន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​លើកឡើងថា ដើម្បី​ឲ្យ​រដ្ឋសភា​មាន​ពេលវេលា​ច្រើន​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បន្ថែម និង​បញ្ចូល​នូវ​មាត្រា​មួយចំនួនទៀត មុននឹង​ច្បាប់​នេះ​ត្រូវ​បានអនុម័ត។

ខ្លឹមសារ​នៃ​សេចក្ដីស្នើសុំ​ទៅ​សម្ដេច​ប្រធានរដ្ឋសភា​នោះ តំណាងរាស្ត្រ​គណបក្សប្រឆាំង មិនបាន​បង្ហាញ​ចេទនា​របស់ខ្លួន​ណាមួយ បដិសេធ​ចំពោះ​ការបង្កើត​ច្បាប់​មួយ​នេះ​ឡើង​នោះឡើយ ក៏ប៉ុន្តែ ពួកគេ​បានលើកឡើង​នូវ​បញ្ហា​ចោទ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​ខ្លឹមសារ​នៃ​ច្បាប់​មាន​ភាពមិនច្បាស់លាស់​ក្រោយ​ការអនុម័ត។

បើតាម​គណបក្សប្រឆាំង ការរៀបចំ​ឲ្យ​មានច្បាប់​នេះ ធ្វើឡើង​ដោយ​ប្រញាប់ប្រញាល់ និង​តាម​ការបញ្ជា​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ដែលមាន​លក្ខណៈ​ចង់​ចំណេញ​នយោបាយ ដើម្បី​យកមក​ធ្វើការ​គៀបសង្កត់ និង​មួលបង្កាច់​ដល់​គណបក្ស​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខ ហើយ​ថា បញ្ហា​នេះ​ក៏​នឹង​អាច​នាំ​ឲ្យ​មានការ​រំខាន​ដល់​សា​វនា​ការ​សាលាក្ដី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នោះ​ផងដែរ។

គណបក្សប្រឆាំង​បាន​បញ្ជាក់ថា រដ្ឋសភា​គួរតែ​ទុក​ពេលវេលា​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ច្បាប់​នេះ​មានគុណ​ភាព និង​ធានាថា​ច្បាប់​នេះ​មិនមែន​ហាមឃាត់​ត្រឹមតែ​ប្រជាពលរដ្ឋ​មិន​ឲ្យ​និយាយថា គ្មាន​របប​ខ្មែរក្រហម​នោះទេ ពោលគឺ​ច្បាប់​នេះ​គួរតែ​ត្រូវបាន​បន្ថែម​នូវ​មាត្រា​មួយចំនួន​មុននឹង​ឈានដល់​ការសម្រេច​អនុម័ត​ជា​ផ្លូវការ​នោះ។

មាត្រាមួយ​ចំនួន​ដែល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ចង់​បន្ថែម​នោះ​មានដូចជា ហាមឃាត់​មិន​ឲ្យ​គណបក្សនយោបាយ​ដែលមាន​ប្រភព​ចេញពី​ក្រុមខ្មែរក្រហម​ចូលរួម​ធ្វើ​នយោបាយ​ក្នុងសង្គម​នយោបាយ​ខ្មែរ​គ្រប់​រូបភាព កំណត់​មិន​ឲ្យ​អតីត​មេដឹកនាំធំៗនៃ​របប​ខ្មែរក្រហម​ទទួលបាន​ដំណែង​ក្នុង​ព្រឹទ្ធសភា រដ្ឋសភា ឬ​នាយករដ្ឋមន្ត្រី ទប់ស្កាត់​របៀប​ដឹកនាំ​ប្រទេស​បែប​កំ​ម្មុយ​នី​ស្ត​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន និង​ដាក់ទោស​អ្នកដឹកនាំ ដែល​មិន​សហការ ឬ​រំខាន​ដល់​ដំណើរការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ផងដែរ។

គួរ​បញ្ជាក់ថា​តំណាងរាស្ត្រ​គណបក្សប្រឆាំង៧រូប ដែល​ស្នើសុំ​សម្ដេច​ប្រធានរដ្ឋសភា​ពន្យា​ពេល​ការពិភាក្សា និង​អនុម័ត​លើ​សេចក្ដីស្នើច្បាប់​ស្ដីពី «ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈពេល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ»នោះ​រួ​មាន លោក វ៉ាន ណា​រិ​ទ្ធ លោក ជា ប៉ូច លោក ដាំ​សិទ្ធិ លោក ឃី វណ្ណ​ដែ​ត លោក ឡុង រី លោក កែ​ត ឃី និង​លោក សាន សាទ។

បើតាម​ការបញ្ជា​ក់រប​ស់​តំណាងរាស្ត្រ​ទាំង៧រូប​ខាងលើនេះ ច្បាប់​ខាងលើនេះ​រង់ចាំ​ឲ្យ​តំណាងរាស្ត្រ​អណ​ត្តិ​ទី៥ជា​អ្នកសម្រេច ក៏​មិនទាន់​ហួសពេល​នោះដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com