ជាតិ
រឿងពុលនៅក្រចេះ សម្តេច ហ៊ុន សែន ខឹងខ្លាំង ស្ទើរដេញរដ្ឋមន្ត្រីចេញពីតំណែង
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខឹងយ៉ាងខ្លាំង ហើយស្ទើរតែចង់បណ្តេញរដ្ឋមន្ត្រីខ្លះ ចេញពីតំណែង ដោយសារតែធ្វើកិច្ចការមិនច្បាស់លាស់ និងខ្វះទំនួលខុសត្រូវ។ មូលហេតុដែលធ្វើឲ្យសម្តេច ហ៊ុន សែន ខឹងបែបនេះ គឺដោយសារតែរដ្ឋមន្ត្រីបីរូប គឺលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ផ្តល់ហេតុផលផ្សេងៗគ្នា ដល់បណ្តាញសារព័ត៌មាន ជុំវិញករណីប្រជាពលរដ្ឋពុលនៅខេត្តក្រចេះ។
ក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយទាំងមិនសប្បាយចិត្ត យ៉ាងដូច្នេះថា៖«រដ្ឋមន្ត្រីខ្លួនឯង បានបំពុលព័ត៌មានទាក់ទងនឹងការពុលនៅខេត្តក្រចេះ ហើយបានបង្កើតទៅជាបញ្ហា។ យើងប្រគល់ភារកិច្ចនេះ ឲ្យក្រសួងសុខាភិបាល ធ្វើការតាំងពីដើមទី និងផ្សព្វផ្សាយរួចហើយ ហេតុអ្វីចាំបាច់មានការអត្ថាធិប្បាយបញ្ហានេះបញ្ហានោះបន្ថែមទៀត ដែលបង្កើតទៅជាជម្លោះរវាងរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី។ ខ្ញុំសូមនិយាយត្រង់ៗ ខ្ញុំមានការធុញទ្រាន់ ហើយស្ទើតែទ្រាំមិនបាន ហើយស្ទើរតែសុខចិត្តបណ្តេញចេញថ្នាក់រដ្ឋមន្ត្រីមួយចំនួន ដែលខ្វះការទទួលខុសត្រូវ ក្នុងការនិយាយស្តី»។
សូមស្តាប់សំឡេងសម្តេច ហ៊ុន សែន ស្តីបន្ទោសធ្ងន់ៗឲ្យរដ្ឋមន្ត្រីទាំងបី ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Fresh News៖
រយៈពេលប៉ុន្មានថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងទាំងបី បានរងការរិះគន់ពីប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយសារតែលើកហេតុផលផ្សេងៗពីគ្នា ជុំវិញករណីខាងលើ។ នៅថ្ងៃទី២៤ ខែឧសភា រដ្ឋមន្ត្រីទាំងបី ក៏ចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ជុំវិញករណីប្រជាពលរដ្ឋពុលនៅខេត្តក្រចេះ ដើម្បីបញ្ចប់ចម្ងល់របស់សាធារណជន។
ពីឆ្វេងទៅស្តាំ៖ លោក ម៉ម ប៊ុនហេង លោក ចម ប្រសិទ្ធ និងលោក ស៊ុយ សែម
សេចក្តីប្រកាសព័ត៌មានរួមរបស់រដ្ឋមន្ត្រីទាំងបី បានលើកហេតុផលយ៉ាងដូច្នេះថា៖«ការពុលនេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេរ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។ ក្រសួងទាំងបី នឹងបន្តសហការគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងជាយថាហេតុ»។
សូមរម្លឹកថា ប្រជាពលរដ្ឋជាង១៣នាក់ បានស្លាប់ និងជាង២០០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ដោយសារតែករណីពុល នៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ៕
Tag:
ក្រចេះ
ពុល
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com