កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឆ្លើយ​ទៅកាន់​អ្នកកាសែត​ថា​៖ «​ខ្ញុំ​ខ្ពស់ជាង Salah»
25, May 2018 , 7:19 pm        
រូបភាព
Ronaldo និង Salah កាលពីប្រជែងគ្នាឲ្យក្រុមជម្រើសជាតិក្នុងវគ្គជម្រុះ World Cup កន្លងមក
Ronaldo និង Salah កាលពីប្រជែងគ្នាឲ្យក្រុមជម្រើសជាតិក្នុងវគ្គជម្រុះ World Cup កន្លងមក
Cristiano Ronaldo ព្យាយាម​មិន​ឆ្លើយ​សំណួរ​ប្រៀបធៀប​ណាមួយ​ជាមួយ Mohamed Salah ពី​សំណាក់​អ្នកកាសែត ខណៈដែល​កីឡាករ​សំខាន់​ទាំងពីរ​ត្រូវ​តទល់​គ្នា​ដើម្បី​ប្រជែង​ពាន UEFA Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ឲ្យ​ក្រុម​រៀងខ្លួន​រវាង Real Madrid និង Liverpool នៅ​រាត្រី​ថ្ងៃទី​២៧ ខែឧសភា​។



​អ្នក​ទាំងពីរ Ronaldo និង Salah បាន​បង្កើត​ភាព​អស្ចារ្យ​រៀងៗ​ខ្លួន​ដោយ​អាច​នាំ​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​ឈានទៅ​កាន់ការ​ប្រកួត​ពាន​រង្វាន់ World Cup នៅ​រុស្ស៊ី និង​ជួយ​ក្លិប​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​សម្រាប់​រដូវ​កាល​២០១៧-២០១៨​នេះ ដែល​នឹង​ធ្វើឡើង​ក្នុង​ទីក្រុង​កៀរ ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Real Madrid អា​ចរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​គ្រប់ការ​ប្រកួត ៤៣​គ្រាប់​រដូវ​កាល​នេះ ខណៈ​តារា​ស៊ុត​របស់ Liverpool រក​គ្រាប់​បាល់​បាន​៤៤​គ្រាប់ និង​ជាប់​ជា​កីឡាករ​សម្រេច​ទី​ច្រើនជាងគេ Golden Boots ពី​ក្របខណ្ឌ Premier League ផង​។​

​ដោយសារ​ហេតុផល​ខាងលើនេះ ទើប​ធ្វើ​ឲ្យ​បណ្តារ​អ្នកសារព័ត៌មាន​ល្បីៗ បាន​ចោទសួរ និង​ប្រៀបធៀប​រវាង​អ្នក​ទាំងពីរ ដោយ​អ្នកខ្លះ​យល់ឃើញថា​ក្នុងចំណោម Salah និង Ronaldo មាន​ម្នាក់​នឹង​ឈ្នះ​ពាន Ballon d'Or ប្រសិនបើ​ក្រុម​របស់គេ​លើក​ពាន Champions League​។​



​អតីត​សមាជិក Manchester United វ័យ​៣២​បាន​ប្រាប់ BT Sport បែប​កំប្លែង​ថា​៖«​មាន​អ្នក​ចង់​ប្រៀបធៀប​ខ្ញុំ​ជាមួយ​កីឡាករ​ផ្សេងទៀត ខ្ញុំ​ខុសពី​អ្នកផ្សេង​។ Salah ក៏​ខុសពី​អ្នក​គ្រប់គ្នា​ដែរ​។ ដូច្នេះ​យើង​ខុសគ្នា​។ គាត់​លេង​ជើងឆ្វេង ខ្ញុំ​លេង​ជើង​ស្តាំ ខ្ញុំ​ខ្ពស់ គាត់​ទាប​ជាង​ខ្ញុំ​បន្តិច​។ យើង​មាន​ភាពខុសគ្នា​ទាំងស្រុង​។ ខ្ញុំ​ទទួលស្គាល់ថា​គាត់​មាន​រដូវ​កាល​ដ៏​អស្ចារ្យ ប៉ុន្តែ​អ្វីៗ​នឹង​សម្រេច​នៅ​ថ្ងៃ​សៅរ៍​នេះ​»​។ នេះ​បើតាម​ការផ្សាយ​របស់ DailyMail​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប​វ័យ​២៥​ឆ្នាំ កំពុង​សម្លឹង​រក​ការ​ឈ្នះ​ពានរង្វាន់​អឺរ៉ុប​ដ៏​សំខាន់​ជា​លើកដំបូង​របស់ខ្លួន​ជាមួយ​ហង្ស​ក្រហម ស្រប​ពេលដែល​វីរបុរស​របស់​ព័រ​ទុយ​ហ្គា​ល់​រំពឹងថា នឹង​ឈ្នះ​ពានរង្វាន់​ជើងឯក​ដ៏​ធំ​នេះ​ជា​លើក​ទី​៥ និង​ជា​លើក​ទី​៣​ជាប់​គ្នា​សម្រាប់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​។

​ប្រសិនបើ Ronaldo អាច​លើក​ពាន​នេះ​បាន​មែន​នោះ​គឺជា​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ ហើយ​រូបគេ​នឹង​ស្ថិតក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ក្នុងនាម​កីឡាករ​បាល់ទាត់​ជោគជ័យ​បំផុត​លើ​លោក​៕


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Mohamed Salah
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com