អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​ឡើងវិញ
27, May 2018 , 9:59 am        
រូបភាព
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចន្ទ អូ​ចា គ្រោង​បំពេញ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​ដៃគូ​នៅ​តំបន់​អឺរ៉ុប​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អប្រសើរ​ឡើងវិញ ក្រោយពី​មានរឿង​ល្អក់កករ​ជាមួយនឹង​គ្នា​អស់​មួយរយៈ​ពេល​យូរ​មកហើយ​នោះ ។​



​បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ នៅ​ខែ​ក្រោយនេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា​នឹង​បំពេញ​ទស្សនកិច្ច​ទៅ​បណ្តា​សមាជិក​សហភាព​អឺរ៉ុប ដែល​រួមមាន​បារាំង អ៊ីតាលី និង​អង់គ្លេស​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាច្រើន​វិស័យ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​រដ្ឋមន្ត្រីការបរទេស​ថៃ​លោក Don Pramudwinai ដែល​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន The Nation ដើម​សប្តាហ៍​នេះ​។

អត្ថបទទាក់ទង


​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​ប្រមុខ​ការទូត​ថៃ​បាន​អះអាង​ផងដែរ​ថា គិត​ចាប់ពី​ខែកុម្ភៈ​មក រដ្ឋមន្ត្រី​ប្រទេស​តំបន់​អឺរ៉ុប​ជាច្រើនរូប​មកហើយ​បាន​បំពេញ​ទស្សនកិច្ច​មកកាន់​រាជាណាចក្រ​ថៃ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​នយោបាយ និង​ចំណង​សេដ្ឋកិច្ច​ជាមួយ​ថៃ​។

​អ្វីដែល​គួរកត់សម្គាល់ ចេតនា​របស់​ប្រមុខ​របប​សឹក​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា អាចជា​ការព្យាយាម​យកចិត្ត​ប្រទេស​ដៃគូ​តំបន់​អឺរ៉ុប​ឡើងវិញ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី បានធ្វើ​ឲ្យ​ទំនាក់ទំនង​ថៃ និង សហភាព​អឺរ៉ុប ជួប​រឿង​ប្រទាំង​ប្រទើស​គ្នា ដោយសារតែ​រដ្ឋប្រហារ​យោធា និង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​របស់​រាជាណាចក្រ​ថៃ​ធ្លាក់​ដល់​ចំណុចសូន្យ​នោះ ។

​សូម​រម្លឹក​ផងដែរ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​២២ ឧសភា ឆ្នាំ ២០១៤ បាន​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​។ រដ្ឋប្រហារ​នេះ​បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​ដៃគូ​ជិតស្និទ្ធ ដែល​រួមមាន​ទាំង​សហភាព​អឺរ៉ុប​ចេញមុខ​ថ្កោលទោស និង​ថែមទាំង​ព្យួរ​ទំនាក់ទំនង​ជាមួយ​ថៃ​ទៀតផង​។​

​យ៉ាងណាមិញ នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ សហភាព​អឺរ៉ុប ក៏បាន​សម្រេច​ស្តារ​ទំនាក់ទំនង​នយោបាយ​ជាមួយ​ប្រទេស​ថៃ​ឡើងវិញ ក្រោយពី​របប​សឹក​ថៃ​របស់លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចេញប្រកាស​ពី​ការរៀបចំ​ការបោះឆ្នោត ដែលជា​មធ្យោបាយ​មួយ​ក្នុង​ការនាំ​ប្រជាធិបតេយ្យ​ត្រឡប់មក​ថៃ​វិញ​៕


Tag:
 ថៃ​
  អាស៊ាន​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com