ជាតិ
​រាល់​ព័ត៌មាន​តាម​ប្រព័ន្ធ «​អ៊ីនធឺណិត​​» ស្ថិតក្រោម​ការឃ្លាំមើលរ​បស់​ក្រសួង​បី​
05, Jun 2018 , 9:52 am        
រូបភាព
ពិឆ្វេងទៅ​ស្តាំ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍
ពិឆ្វេងទៅ​ស្តាំ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍
ដោយ:
​រាល់​ការផ្សព្វផ្សាយ​របស់​គេហ​ទំព័រ​នានា រួមទាំង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផង ដូចជា ហ្វេ​ស​ប៊ុ​ក ជាដើម ត្រូវ​ស្ថិតនៅក្រោម​ក្រសែភ្នែក​មន្ត្រី​ជំនាញ​របស់​ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ មិន​ថា​គេហទំព័រ​សារព័ត៌មាន​ផ្លូវការ ឬក៏​បណ្តាញ​ទំនាក់ទំនង​សង្គម​នោះទេ សុទ្ធតែ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ទាំងអស់ ប្រសិនបើ​ក្រុម​ជំនាញ​របស់​ក្រសួង​ទាំងបី មើលឃើញថា បាន​ផ្សព្វផ្សាយ ឬ​ចែកចាយ​ដំណឹង ដែល​បង្កបញ្ហា​ដល់​សង្គម​។



​វិធានការ​ក្តៅ​របស់​ក្រសួង​មាន​សមត្ថកិច្ច​ទាំងបី​ខាងលើ គឺធ្វើឡើង​តាមរយៈ​ប្រកាស​រួមគ្នា​មួយ កាលពី​ចុងខែ​ឧសភា កន្លងទៅ​។ គោលដៅ​ធំ​បំផុត​នៃ​ប្រកាស​នោះ គឺ​ដើម្បី​ប្រឆាំង​និង​ទប់ស្កាត់​ការផ្សព្វផ្សាយ​នូវ​រាល់​ខ្លឹមសារ​ព័ត៌មាន​ទាំងអស់ រួមមាន​អក្សរ សំឡេង រូបភាព វីដេអូ និង​ទម្រង់​ផ្សេងៗ​ទៀត នៅលើ​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែលមាន​ចេតនា​បង្កចលាចល ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ សេដ្ឋកិច្ច សណ្តាប់ធ្នាប់​សាធារណៈ វិស័យ​ការពារជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ និង​បណ្តាល​ឲ្យ​មានការ​រើសអើង រួមទាំង​ប៉ះពាល់​ដល់​វប្បធម៌ និង​ប្រពៃណី​។ 



​ប្រកាស​ដែលមាន​១០​ប្រការ​នោះ បាន​លើកឡើងថា ក្រសួង​ទាំងបី នឹង​ចាត់តាំង​អង្គភាព​ជំនាញ​រៀងៗ​ខ្លួន ឲ្យ​ធ្វើជា​សេនាធិការ ដើម្បី​ងាយស្រួល​ក្នុងការ​សហការគ្នា និង​តាមដាន សិក្សា ស្រាវជ្រាវ ស្វែងរក​នូវ​ការធ្វើ​អាជីវកម្ម និង​ការផ្សព្វផ្សាយ​ល្មើសច្បាប់ តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕


Tag:
 សារព័ត៌មាន​
  បណ្តាញ​សង្គម​
  ចំណាត់ការ​
  ក្រសួង
© រក្សាសិទ្ធិដោយ thmeythmey.com