ខ្មែរ​ក្រហម
ជាតិ
ចំណុចសំខាន់ៗដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ក្បួន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា
09, Jun 2013 , 12:51 pm        
រូបភាព
2
2
ដោយ: ថ្មីៗ
មហា​បាតុកម្ម​ដែល​បាន​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ គឺមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បំផុត​ដោយ​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ជួបជុំគ្នា​នៅមុខ​ទីលាន​ប្រជាធិបតេយ្យ អមដោយ​បដា​ជាច្រើន​ក្នុង​គោលដៅ​ជំរុញ​ឲ្យ​លោក កឹម សុខា ធ្វើការ​សុំទោស​ចំពោះ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម។បើតាម​ក្រុមបាតុករ​ក្រោម​ការដឹកនាំ​របស់លោក ជុំ ម៉ី អះអាងថា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ បាន​និយាយថា ទួលស្លែង​ជា​គុក​សិប្បនិម្មិត។



យោងតាម​លោក ជុំ ម៉ី អ្នកចូលរួម​មាន​ចំនួន​ប្រមាណ៣ម៉ឺន​នាក់​ដែល​ច្រើនជាង​ការគ្រោងទុក ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ បណ្តា​ទូរទស្សន៍​នានា​បានធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ផ្សព្វផ្សាយ​ផ្ទាល់​អំពី​ព្រឹត្តិការណ៍​នេះ។

ថ្វី​ត្បិត​សារ​នៅក្នុង​បដា​សុទ្ធតែ​បង្ហាញ​នូវ​ទុក្ខសោក ការកើត​ទុក​មិន​សុខចិត្ត​ចំពោះ​សម្តី​លោក កឹម សុខា ក៏ដោយ ប៉ុន្តែ​គេ​មិនបាន​ឃើញ​នូវ​សម្រែក​ទួញ​សោក និង​ទឹកភ្នែក​របស់​ក្រុមបាតុករ​នា​អំឡុងពេល​ធ្វើបាតុកម្ម​នោះឡើយ។

ទឹក​សុទ្ធ​ត្រូវបាន​ចែកចាយ​ដោយ​សេរី​ដល់​ក្រុម​អ្នកចូលរួម ហើយ​នៅ​ឱកាស​នោះ​ផងដែរ គេ​សង្កេតឃើញ​មាន​ក្រុមយុវជន​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរ​មាន​ចំនួន​ដ៏​ច្រើន ពោលគឺ​ប្រហែលជា​ពាក់កណ្តាល​ក្នុងចំណោម​អ្នកចូលរួម​ទាំងអស់។

នៅមុន​ចាកចេញ​ដំណើរ​ឆ្ពោះទៅកាន់​ទីស្នាក់ការ​គណ​បក្ស​សង្គ្រោះ​ជាតិ តំណាង​ក្រុមបាតុករ​បាន​អះអាង​សារជាថ្មី​ថា មហា​បាតុកម្ម​នេះ គឺ​សំដៅ​ប្រឆាំង​តែ​លើ​បុគ្គល​កឹម សុខា តែប៉ុណ្ណោះ​ដោយ​មិនមាន​ការជំរុញ​ពី​គណបក្សនយោបាយ​ណាមួយ​នោះឡើយ។

អ្នកចូលរួម​ខ្លះ​បានបង្ហាញ​ពី​ឆ​ន្ទះ​របស់ខ្លួន​ក្នុងការ​ប្រឆាំង​លោក កឹម សុខា ដោយ​ពួកគេ​បាន​អះអាងថា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ គឺជា​ជន​អគតិ​ដែល​បំភ្លេចចោល​នូវ​របប​ខ្មែរក្រហម ប៉ុន្តែ​យុវជន​មួយចំនួន​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​អះអាង​ដោយ​ចំហ​រថា ពួកគេ​បង្ហាញ​វត្តមាន​ជាមួយនឹង​ថ្នូរ​ជា​លុយកាក់។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក ជុំ ម៉ី បែរ​បានធ្វើការ​រិៈ​គន់ចំៗចំពោះ​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​លើកឡើងថា៖ «យើង​មិន​សុខចិត្ត​ទេ រណសិរ្ស​សង្គ្រោះ​ជាតិ​បង្កើត​យូរហើយ  រឿង​អី​ទៅ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ?»។ លោក​បន្ថែមថា សព្វថ្ងៃ​មាន​មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់​អស់ហើយ ហើយ​អ្វី​ត្រូវ​ដូរ នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​លោក​មានការ​ក្តៅក្រហាយ។

 នៅតាម​ដងផ្លូវ មុខ​វត្ត សាលារៀន មាន​ក្រុមមនុស្ស​នាំគ្នា​លើក​បដា ដែល​ភាគច្រើន​ជា​យុវជន ហើយ​ពួកគេ​បាន​និយាយ​តាម​មេក្រូ​ដើម្បី​បង្ហាញ​ពី​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា​ចំពោះ​លោក កឹម សុខា។

ក្បួន​របស់​រថយន្តរ​ប​ស់លោក ជុំ ម៉ី ត្រូវបាន​អមដោយ​រថយន្ត និង​ម៉ូតូ​ជាច្រើន​ពាន់​គ្រឿង​ដែល​ចំនួន​នេះ​ច្រើនជាង​ការកំណត់​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​មានតែ៥០០នាក់​ប៉ុណ្ណោះ​ក្នុងការ​ហែរ​ក្បួន​តាមផ្លូវ។

ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ផ្លូវ​ត្រឡោកបែក ត្រូវបាន​បិទទ្វារ​ជិត។ នៅពេលដែល​ក្បួន​បាតុកម្មរ​បាន​ទៅដល់ លោក ជុំ ម៉ី និង​តំណាង​បាតុករ​ផ្សេងទៀត បាន​តម្រូវ​ឲ្យ​អង្គុយចាំ​នៅលើ​ផ្លូវ​ទល់មុខ​ទីស្នាក់ការ។ លោក ជុំ ម៉ី លើកដៃ​សំពះ​ជាប់​រហូត​ជាមួយនឹង​អាកា​រៈហេវ​ហត់​យ៉ាងខ្លាំង។

នា​វេលា​ម៉ោង៩ និង៣០នាទី បុរស​ម្នាក់​អាវ​ឆ្នូត​ខ្លី បាន​ណែនាំ​លោក ជុំ ម៉ី ឲ្យ​ប្រកាស​ទៅកាន់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នាំគ្នា​ចេញមក​ទទួល​ញត្តិ​រប​ស់​ខ្លួន។ ប៉ុន្មាន​នាទី​ក្រោយមក លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញមក​ធ្វើការ​សម្របសម្រួល។

លោកស្រី មូរ សុខ​ហួរ និង​តំណាង៧នាក់​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញទៅ​ទទួល​ញត្តិ​ពី​លោក ជុំ ម៉ី ទាំង​ញញឹមញញែម។ លោក ជុំ ម៉ី បាន​អះអាងថា ចំពោះមុខ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ថា មហា​បាតុកម្ម​របស់លោក មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ឡើយ។

ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី មូរ សុខ​ហួរ បានប្រកាស​ពី​ជំហរ​មិន​សុំទោស​របស់ កឹម សុខា។ តើ​បាតុកម្ម​នេះ​ធ្វើ​ក្រោមរូបភាព​នយោបាយ ឬ​យ៉ាងណា? លោកស្រី មូរ សុខ​ហួរ បាន​បដិសេធ​មិន​ផ្តល់​ចម្លើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com