អន្តរជាតិ
ច​ន ម៉ា​ខេន​៖ អាមេរិក​នៅ​គាំទ្រ​ពាណិជ្ជកម្ម​សេរី និង​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត ទោះ ត្រាំ ដើរ​ផ្លូវ​ផ្សេង​ក៏ដោយ​
11, Jun 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បន្ត​ប្រើប្រាស់ twitter វាយប្រហារ​ដោយ​ពាក្យសម្តី​ប្រឆាំង​សម្ព័ន្ធមិត្ត​កាណាដា​ក្រោយ​ចប់​កិច្ចប្រជុំ G7 នៅ​កាណាដា សមាជិក​ព្រឹទ្ធសភា​រដ្ឋ Arizona បាន​ចេញមុខ​រិះគន់​លោក ត្រាំ​។ លោក​បាន​អះអាង ប្រជាជន​អាមេរិក​នៅ​គាំទ្រ​ពាណិជ្ជកម្ម​សេរី​និង​គាំទ្រ​ស​ម្ព័​ន​មិត្ត បើទោះជា​ប្រធានាធិបតី​ដើរ​លើផ្លូវ​ផ្សេង​ក៏ដោយ​។



​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​ប្រាំពីរ​នៅ​កេ​បិ​ច ប្រទេស កាណាដា បញ្ចប់ទៅ​ទាំង​ប្រទាំង​ប្រទើស​មិន​ធ្លាប់មាន​ដោយសារ​ការចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​។ បារាំង កាណាដា អាល្លឺម៉ង់​នាំគ្នា​រិះគន់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដោយ​ចាត់ទុកថា លោក​ជាម​នុស្ស​តែមួយគត់​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​អាក្រក់ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្ត្រ​កាន់តែ​ដុនដាប​ទៅ​។​

​ស្ថិតនៅលើ​យន្តហោះ Air Force One ទៅកាន់​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​សៅរ៍ លោក ដូ​ណា​ល់ ត្រាំ ស្រាប់​ប្តូរ​ចិត្ត​ដោយ​ប្រកាស​ដក​អាមេរិក​ចេញពី​សេចក្តីថ្លែងការណ៍​រួម​ដែល​លោក​បាន​ឯកភាព​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ប្រាំ​មួយទៀត​វិញ​។​

 ការប្រកាស​នេះ​ធ្វើឡើង​ភ្លាមៗ ក្រោយ​លោក ចា​ស្ទី​ន ទ្រូ​ដូ នាយករដ្ឋមន្ត្រី​កាណាដា​ប្រកាសថា លោក​រីករាយ​នឹង​បញ្ចេញ​សេចក្តីថ្លែងការណ៍​រួម​ដែល​សមាជិក​ទាំង ៧ រួមទាំង​អាមេរិក​បាន​ឯកភាពគ្នា​ចុះហត្ថលេខា​នោះ​។

​ក្រោយពេល​ប្រកាស​បដិសេធ​ទទួលយក​សេចក្តីថ្លែងការណ៍​ហើយ​នោះ លោក ត្រាំ និង​មន្ត្រីជាន់ខ្ពស់​អាមេរិក​ផ្សេងទៀត​ព្រួត​គ្នា​ទិតៀន​នាយករដ្ឋមន្ត្រី​កាណាដា​ពេញមាត់​លេង​ខ្វល់​ពី​បញ្ហា​ការទូត​ទៀត​ដែរ​។ លោក ត្រាំ បន្ត​យុទ្ធនាការ​វាយប្រហារ​លើ​កាណាដា តាម twitter ទោះ​ពេល​លោក​អញ្ជើញ​មកដល់​សិង្ហ​បុរី​ដើម្បី​ត្រៀម​ជួប​លោក គីម ជុង​អ៊ុន​ក៏ដោយ​។

​យ៉ាងណាមិញ សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​លោក ច​ន ម៉ា​ខេន (John McCain) ដែល​តែង​ប្រឆាំង​គោលជំហរ​រដ្ឋបាល​លោក ត្រាំ នោះ បាន​ចេញមុខ​ប្រឆាំង​លោក ត្រាំ ជាថ្មី​។ លោក​បាន​ប្រាប់​សម្ព័ន្ធមិត្ត​អាមេរិក កុំ​ឲ្យ​បារម្ភ និង​អាក់អន់ស្រពន់ចិត្ត​អី ព្រោះ​ប្រជាជន​អាមេរិក​ទាំងពីរ​បក្ស​ភាគច្រើន​នៅតែ​គាំទ្រ​ពាណិជ្ជកម្ម​សេរី និង​សម្ព័ន្ធភាព​ដែលមាន​៧០​ឆ្នាំ​មកនេះ​ដដែល​។​


«​ផ្ញើ​ទៅកាន់​សម្ព័ន្ធមិត្ត​យើង​ទាំងអស់​៖ ប្រជាជ​ភាគច្រើន​នៃ​បក្ស​ទាំងពីរ​របស់​អាមេរិក​នៅតែ​ជា​អ្នក​ជ្រោមជ្រែង​ពាណិជ្ជកម្ម​សេរី សាកលភាវូបនីយកម្ម និង​គាំទ្រ​សម្ព័ន្ធភាព​ដែល​ផ្អែកលើ​ការចែករម្លែក​តម្លៃ​រួម​ដែលមាន ៧០​ឆ្នាំ​មកនេះ​។ ប្រជាជន​អាមេរិក​នៅ​ឈរ​ជាមួយ​អ្នក ទោះ​ប្រធានាធិបតី​យើង​មិន​គាំទ្រ​ក៏ដោយ​»​។ នេះ​ជា​សារ​របស់លោក ម៉ា​ខេន ដែល​សរសេរ​នៅលើ​គណនី twitter ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃ ៩ ខែមិថុនា​។

​តាមពិតទៅ​សេចក្តីថ្លែងការណ៍​រួម​នេះ​ផ្តោត​សំខាន់​លើ​បញ្ហា​មួយចំនួន​ដែល​ចម្រូងចម្រាស​ដូចជា​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម​សេរី និង​សារសំខាន់​នៃ​ពាណិជ្ជកម្ម​សេរី ត្រឹមត្រូវ និង​ស្មើភាព​គ្នា​នោះ ក្រៅពីនោះ​វា​ក៏មាន​សន្តិសុខ​ជាតិ ការអភិវឌ្ឍ​ដោយ​និរន្តរភាព​ជាដើម​ដែរ​។​

​ប្រធានាធិបតី​អាមេរិក​លោក ត្រាំ តែងតែ​ត្អូញត្អែរថា ឱនភាព​ពាណិជ្ជកម្ម និង​ការខាតបង់​ប្រយោជន៍​ច្រើន​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយចំនួន​កន្លងមក​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក​សម្រេច​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​ដូចជា​ដែកថែប និង​អាលុយមីញ៉ូម​ពី​ក្រៅ​រួមទាំង​នាំចូល​ពី​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ផងដែរ​។ ការសម្រេចចិត្ត​បែបនេះ​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​កាណាដា ម៉ិ​ក​ស៊ិ​ក និង​អឺរ៉ុប​ផង​នោះ​ខឹងសម្បារ និង​ប្រកាស​ចាត់វិធានការ​តបត​វិញ​ដូចគ្នា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​នាពេល​បញ្ចប់​កិច្ចប្រជុំ G7 ដែរនោះ លោក ចា​ស្ទី​ន ទ្រូ​ដូ បានប្រកាសថា កាណាដា នឹង​បន្ត​ចំណាត់ការ​របស់ខ្លួន​នៅ​ថ្ងៃ ១​ខែកក្កដា ដើម្បី​ឆ្លើយតប​នឹង​ការសម្រេចចិត្ត​ដាក់​ពន្ធ​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម​នេះ​។ លោក​បាន​សង្កត់ធ្ងន់ថា កាណាដា​មិន​សប្បាយ​ចិត្តនឹង​ធ្វើបែបនេះ​ឡើយ ប៉ុន្តែ​ខ្លួន​ក៏​មិនអាច​បណ្តោយ​ឲ្យ​គេ​គំរាមកំហែង​ឬ​បំពាន​នោះដែរ​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  ច​ន ម៉ា​ខេន​
  G7
  កាណាដា​
  បារាំង​
  អាល្លឺម៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com