ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក (FIFA World Cup) ឆ្នាំ២០១៨ ចាប់ផ្តើមនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា នេះ ដោយម្ចាស់ផ្ទះរុស្ស៊ី បើកកីឡដ្ឋាន Luzhniki Stadium ស្វាគមន៍អារ៉ាប៊ីសាអូឌីត សម្រាប់ជំនួបបើកឆាកពូល A។
រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ធ្លាប់ជួបគ្នាតែមួយលើកគត់ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីឆ្នាំ១៩៩៣ ដោយអារ៉ាប៊ីសាអូឌីត បានយកឈ្នះក្នុងលទ្ធផល ៤-២ ។ ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីតដែលមានរហស្សនាមថា «ស្ទាំងបៃតង» ក្លាយជាក្រុមអាស៊ីបំផុតដែលប្រកួតបើកឆាក World Cup។
ក្រោយឈ្នះកូរ៉េខាងត្បូង ៤-២ កាលពីខែតុលា ឆ្នាំ២០១៧ ម្ចាស់ផ្ទះរុស្ស៊ី មិនស្គាល់ជ័យជម្នះឡើយនាជំនួបមិត្តភាពអន្តរជាតិ៧លើកចុងក្រោយ ដោយស្មើអេស្ប៉ាញ អ៊ីរ៉ង់ និងតួកគី ហើយចាញ់អាហ្សង់ទីន ប្រេស៊ីល បារាំង និងអូទ្រីស។
ដូចគ្នាផងដែរ អារ៉ាប៊ីសាអូឌីត បានចាញ់ជំនួបមិត្តភាពអន្តរជាតិ៣លើកជាប់គ្នា ក្រោមថ្វីជើង អ៊ីតាលី ប៉េរូ និងអាល្លឺម៉ង់ ដែលជាម្ចាស់ការពារតំណែងជើងឯក World Cup។
កីឡដ្ឋាន Luzhniki នឹងក្លាយជាកំណត់ត្រារវាងក្រុមទាំងពីរ ដោយម្ចាស់ផ្ទះរុស្ស៊ី ខានឈ្នះការប្រកួត World Cup តាំងពីឆ្នាំ២០០២មក ខណៈជ័យជម្នះចុងក្រោយរបស់អារ៉ាប៊ីសាអូឌីត កើតឡើងតាំងពីឆ្នាំ១៩៩៤នៅអាមេរិក។
ការប៉ាន់ស្មានសម្រាប់ជម្រើសដំបូង៖
ក្រុមម្ចាស់ផ្ទះរុស្ស៊ីដែលដឹកនាំដោយលោក Stanislav Cherchesov៖ Igor Akinfeev; Mario Fernandes, Fedor Kudryashov, Sergey Ignashevich, Yuri Zhirkov; Roman Zobnin, Daler Kuzyaev, Alan Dzagoev, Aleksandr Samedov, Aleksandr Golovin; Fedor Smolov
ក្រុមអារ៉ាប៊ីសាអូឌីត ក្រោមការដឹកនាំរបស់លោក Juan Antonio Pizzi៖ Abdullah Al-Mayouf; Usamah Husawi, Omar Hosawi, Yasser Al-Shahrani, Mohammed Al-Barik; Abdullah Otif, Salman Al-Faraj, Yahya Al-Shihri, Taisir Al-Jassim, Salem Al Dosari; Fahad Al-Molad៕