ជាតិ
មន្ទីរ​វប្បធម៌​៖ រូបសំណាក​ដែល​ពលរដ្ឋ​នាំគ្នា​បន់ស្រន់​មាន​អាយុកាល​មិន​ដល់​១០​ឆ្នាំ​ផង​
17, Jun 2018 , 4:19 pm        
រូបភាព
​មន្ត្រី​ពាក់ព័ន្ធ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​រាជធានី​ភ្នំពេញ ក្រោម​កិច្ចសហការ​ជាមួយ​ប្រធាន​នាយកដ្ឋាន​បុរាណវត្ថុ និង​មន្ត្រី​បច្ចេកទេស​នៃ​សារមន្ទីរ​ជាតិ ត្រួតពិនិត្យ​បំណែក​រូបសំណាក ដែល​ពលរដ្ឋ​ខណ្ឌឫស្សីកែវ​ប្រទះឃើញ និង​យកមក​រក្សាទុក​ក្នុង​ទីតាំង​វត្ត​ឧត្តរា​វ​ត្តី មិនមែនជា​វត្ថុ​បុរាណ​ឡើយ​។ លោក សួង សុវិជ្ជា  អនុប្រធាន​ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ស្នើឱ្យ​ពលរដ្ឋ​កុំ​ឆាប់​ជឿ​អ្វី​ភ្លាម​មុននឹង​អ្នកជំនាញ​ពិនិត្យ និង​វាយតម្លៃ​។​



​លោក សួង សុវិជ្ជា  អនុប្រធាន​ការិយាល័យ​រដ្ឋបាល​និង​បុគ្គលិក​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ លើកឡើងថា លោក​មិនអាច​ហាមឃាត់​ពលរដ្ឋ​មិនឱ្យ​មាន​ជំនឿ​ឡើយ ប៉ុន្ដែ​ពលរដ្ឋ​ខ្លួនឯង​មុននឹង​ជឿ​លើ​អ្វីមួយ​គួរតែ​ពិចារណា​ឱ្យបាន​ច្បាស់ ដោយមាន​ហេតុផល​សមរម្យ​។ លោ​កថា​ការ​មាន​ជំនឿ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ នឹងធ្វើ​ពួកគេ​ខាតបង់​ប្រយោជន៍​។

​លោក​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​បាន​ប្រទះឃើញ រូបសំណាក​ផ្សេងៗ​សូមកុំ​យកចេញ​ពី​កន្លែង​ដើម និង​ត្រូវ​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ដើម្បី​ទៅ​ពិ​និ​ត្រ​ជាមុនសិន​។ លោក សុវិជ្ជា បញ្ជាក់​៖ «​ទោះ​តែ​រូបសំណាក​នេះ​មិនមែនជា​វត្ថុ​បុរាណ​ក្ដី ប៉ុន្ដែ​បើ​ពួកគាត់​ជឿ​យើង​មិនអាច​ហាម​គាត់​ទេ វា​ជា​សិទ្ធ​របស់គាត់ តែ​អ្នក​ជឿ​គួរតែមាន​មូលដ្ឋាន​ច្បាស់លាស់​មិនមែន​ចេះតែ​ជឿ​ទេ ព្រោះ​វា​អាច​ខូចប្រយោជន៍​គាត់​ខ្លួនឯង​ទេ​»​។​

​សូមបញ្ជាក់ថា ពលរដ្ឋ​រស់នៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​ប្រទះឃើញ​បំណែក​រូបសំណាក​មួយ និង​យកទៅ​រក្សាទុក​ក្នុង​ទីតាំង​វត្ត​ឧត្តរា​វ​ត្តី​។ គេ​សង្កេតឃើញថា ពលរដ្ឋ​ជាច្រើន​នាំ​អុជ​ធូប​ថ្វាយ​ផ្កា បន់ស្រន់ ដោយ​ចាត់ទុកថា ជា​វត្ថុ​ស័

ក្តិ​សិទ្ធិ​។ ក្រោយ​ការពិនិត្យ​ពី​មន្ត្រី​បច្ចេកទេស​បានឱ្យដឹងថា​បំណែក​រូបសំណាក​ខាងលើ​ធ្វើ​ពី​ស៊ីម៉ងត៍​ចាក់ពុម្ព ដែលមាន​អាយុ​មិន​លើសពី​១០​ឆ្នាំ​ឡើយ​៕


Tag:
 មន្ទីរ​វប្បធម៌​
  ជំនឿ​
  សាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com