អន្តរជាតិ
ត្រាំ ថា កូរ៉េខាងជើងចាប់ផ្ដើមរំសាយនុយក្លេអ៊ែរ តែមន្ត្រីអាមេរិកថា មិនដឹងរឿង លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី (រូបភាព AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមន្ត្រីក្រោមឱវាទរបស់លោកបានបញ្ចេញគំនិតផ្ទុយគ្នាលើការរំសាយនុយក្លេអ៊ែររបស់ខ្លួនកូរ៉េខាងជើង។ នៅថ្ងៃទី២១ ខែមិថុនា លោក ត្រាំ បានប្រកាសថា កូរ៉េខាងជើងបានចាប់ផ្ដើមការរំសាយនុយក្លេអ៊ែររបស់ខ្លួនហើយ និងបានកម្ទេចទីតាំងសាកល្បងធំៗដល់ទៅ៤កន្លែង។ យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស បែរជាអះអាងថា លោកមិនដឹងកូរ៉េខាងជើងបានចាប់ផ្ដើមរំសាយនុយក្លេអ៊ែរឡើយ។
នាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងជើងឈប់បាញ់មីស៊ីលរាប់ទាំងមីស៊ីលបាលីស្ទិក ហើយបានកម្ទេចទីតាំងម៉ាស៊ីនសម្រាប់បាញ់ផង។ លោក ត្រាំ ដែលអង្គុយអមដោយរដ្ឋមន្ត្រីការពារជាតិ ជេម ម៉ាធីស និងរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុបប៉េអូ បានបន្តថា កូរ៉េខាងជើងថែមទាំងកម្ទេចទីតាំងសាកល្បងដ៏ធំចំនួន៤របស់ខ្លួនផង។ លោក ត្រាំ មិនបានផ្ដល់ព័ត៌មានលម្អិតអ្វីទេជុំវិញទីតាំងទាំងបួននេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ ក៏បាននិយាយដោយមោទកភាពថា រឿងធំនោះ គឺវានឹងឈានទៅដល់ការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង ដែលដំណើរការនេះបានចាប់ផ្ដើមរួចហើយដែរ។ ប្រធានាធិបតីអាមេរិករូបនេះទំនងចង់អះអាងថា កូរ៉េខាងជើងកំពុងធ្វើតាមកិច្ចព្រមព្រៀងរវាងលោក និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីជំនួបនៅសិង្ហបុរីដែលបានសរសេរពីការរំសាយនុយក្លេអ៊ែរទាំងស្រុង។
យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិ ម៉ាធីស បាននិយាយមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយថ្ងៃថា កូរ៉េខាងជើងមិនបានធ្វើសកម្មភាពអ្វីទេ។ ឆ្លើយនឹងសំណួរថា កូរ៉េខាងជើងបានធ្វើអ្វីខ្លះពាក់ព័ន្ធការលុបបំបាត់នុយក្លេអ៊ែរតាំងពីជំនួបលោក ត្រាំ និងលោក គីម មកនោះ ប្រមុខការពារជាតិអាមេរិករូបនេះបញ្ជាក់ថា លោកមិនដឹងពីសកម្មភាពអ្វីរបស់កូរ៉េខាងជើងឡើយ។ លោកក៏មិនរំពឹងថា ក្រុងព្យុងយ៉ាងនឹងធ្វើសកម្មភាពអ្វីដែរ ខណៈការចរចាស្ដីពីបញ្ហានេះមិនទាន់ចាប់ផ្ដើមផងនោះ។
ដោយឡែក គេទំហព័រ 38 North ដែលតាមដានរឿងរ៉ាវកូរ៉េខាងជើងក៏បាននិយាយដែរថា គេមិនឃើញមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ឡើយនៅកូរ៉េខាងជើង ហើយក៏គ្មានសញ្ញាពីការកម្ទេចទីតាំងសាកល្បងថ្មីដែរ។ ដោយសារតែសម្ដីលោក ត្រាំ ថាកូរ៉េខាងជើងកម្ទេចកន្លែងសាកល្បងបួននោះ ប្រធានាធិបតីរូបនេះទំនងជាសំដៅដល់ការកម្ទេចរូងក្រោមដីចំនួន៤នៅទីតាំងសាកល្បង Punggye-ri ដែលធ្វើឡើងមុនជំនួបនៅសិង្ហបុរី។
ក្រុងព្យុងយ៉ាងបានអញ្ជើញអ្នកសារព័ត៌មានបរទេសជាច្រើនទៅធ្វើជាសាក្សីការកម្ទេចទីតាំង Punggye-ri ដែលខ្លួនអះអាងថា ជាការបង្ហាញឆន្ទៈក្នុងការរំសាយនុយក្លេអ៊ែរ។ ទីតាំងនេះហើយដែលកូរ៉េខាងជើងបានប្រើប្រាស់ក្នុងការសាកល្បងនុយក្លេអ៊ែរទាំង៦លើកមកនោះ។ យ៉ាងណាក្ដី គេមិនដឹងថា កូរ៉េខាងជើងនៅសល់កន្លែងសាកល្បងណាទៀតឡើយ ហើយក៏រឹតតែមិនដឹងថា បានកម្ទេចឬអត់ដែរ៕
Tag:
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
ជេម ម៉ាធីស
© រក្សាសិទ្ធិដោយ thmeythmey.com