អន្តរជាតិ
ប្រាយុទ្ធ ផ្តាំទៅគ្រួសារត្រកូលស៊ីណាវ៉ាត់៖ បើជឿថាខ្លួនស្អាតស្អំមែន ត្រឡប់ចូលស្រុកហើយតទល់គ្នាតាមផ្លូវច្បាប់»
× ប្រមុខរបបសឹកថៃលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បានផ្ញើសារដោយប្រយោលទៅកាន់អតីតមេដឹកនាំថៃមួយចំនួន ដែលបានរត់គេចខ្លួនពីប្រទេសក្រោយរងការចោទប្រកាន់ពីតុលាការ។ ប្រមុខរបបសឹកថៃ ចង់ឃើញអតីតមេដឹកនាំទាំងនោះចូលមកប្រទេសវិញ ហើយតទល់ជាមួយនឹងលោកនៅចំពោះមុខតុលាការ ប្រសិនពួកគេ ពិតជាស្អាតស្អំមែននោះ។
នាដំណើរមាតុភូមិនិវត្តន៍ពីទស្សនកិច្ចតំបន់អឺរ៉ុប លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃ២៦ មិថុនា បានថ្លែងបញ្ឆិតបញ្ឆៀងឲ្យអតីតនាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត់ដែលមិនហ៊ានវិលត្រឡប់ចូលស្រុកវិញដើម្បីតវ៉ា និងតទល់លើការចោទប្រកាន់ពីតុលាការទៅកាន់ពួកគេ។ លោកនាយករដ្ឋមន្ត្រី ថែមទាំងចាត់ទុករាល់បុគ្គលណាមួយដែលនិរទេសខ្លួន និងរត់គេចពីច្បាប់របស់ថៃ ថាជា«អនុប្រជាជន»ថែមទៀត។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation លោកនាយករដ្ឋមន្ត្រី ក៏បានរិះគន់ប្រព័ន្ធផ្សព្ធផ្សាយ ដែល តែងតែចាប់អារម្មណ៍ និងផ្សាយពីបុគ្គល ដែលប្រព្រឹត្តខុសហើយរត់គេចពីការទទួលខុសត្រូវផ្នែកច្បាប់ ខណៈ ព្រងើយកន្តើយនឹងបុគ្គលដែលតែងតែពុះពារដើម្បីប្រទេស។
ខណៈមិនបញ្ជាក់ឈ្មោះចំៗនោះ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាយ៉ាងដូច្នេះថា៖« ពួកគេ គួរតែត្រឡប់មកប្រទេសខ្លួនវិញ ហើយតទល់នឹងសំណុំរឿងផ្នែកច្បាប់ដែលប្រឆាំងនឹងពួកគេ។ ប្រព័ន្ធយុត្តិធម៌ អាចបញ្ជាក់បានសម្រាប់ពួកគេ។ ប្រសិនបើពួកគេ ជឿជាក់ថា ពួកគេពិតជាមិនបានប្រព្រឹត្តអ្វីខុស ពួកគេក៏មិនគួរមានការភ័យខ្លាចនឹងត្រឡប់ចូលក្នុងប្រទេសដែរ»។ នេះបើយោងតាមប្រភពព័ត៌មានដដែល។
បើទោះបីជាលោកឧត្តមសេនីយ៍ មិនបញ្ជាក់ឈ្មោះបុគ្គលណាមួយចំៗក៏ដោយ នៅក្នុងនយោបាយថៃ គ្មានអ្នកនយោបាយណា ក្រៅពីអ្នកនយោបាយត្រកូលស៊ីណាវ៉ាត់ឡើយ។ នោះក៏ព្រោះតែទាំងលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និងលោកស្រីអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ សុទ្ធតែរងការចោទប្រកាន់ និងកាត់ទោសពីតុលាការថៃ ហើយអ្នកទាំងពីរកំពុងតែរស់នៅក្រៅប្រទេសផង។
សូមជម្រាបផងដែរថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ក្រោយពីលោក បានដឹកនាំរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅឆ្នាំ២០១៤ ក្រោមលេស ថារដ្ឋាភិបាលលោកស្រីដឹកនាំប្រទេសមានភាពបែកបាក់ និងខាតប្រយោជន៍ជាតិច្រើន។ ក្រោយនៃការអស់តំណែងនេះ លោកស្រី យីងឡាក់ បានរងការចោទប្រកាន់ពីរដ្ឋាភិបាលរបបសឹកទាំងឲ្យសងសំណងរដ្ឋប្បវេណី និងទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ។ លោកស្រី បានសម្រេចចិត្តចាកចេញពីប្រទេសនៅចុងឆ្នាំមុន។
សម្រាប់លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់វិញ ក៏ត្រូវបានអតីតមេយោធាជាន់ខ្ពស់ថៃ ទម្លាក់ពី តំណែងផងដែរ។ មិនខុសពីលោកស្រី យីងឡាក់ លោកត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសជាបន្តបន្ទាប់។ សំណុំរឿងអ្នកទាំងពីរ កំពុងតែស្ថិតនៅក្នុងនីតិវិធីជំនុំជម្រះនៅឡើយនោះទេ ពោលគឺតុលាការថៃ នៅមិនទាន់ប្រកាសសាលក្រមស្ថាពរនៅឡើយនោះ ដែលនេះគឺជាផ្តល់ឱកាសសម្រាប់អ្នកទាំងពីរ តវ៉ានិងតទល់គ្នាដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com