កីឡាអន្តរជាតិ
អន្តរជាតិ
ជ័យជម្នះ ១-០ របស់បែលហ្ស៊ិកនាំឲ្យពួកគេត្រូវបន្តប៉ះជប៉ុន រីឯអង់គ្លេសជួប កូឡុំប៊ី កីឡាករបែលហ្ស៊ិកអបអរក្រោយការស៊ុតបាល់បញ្ចូលទីរបស់ Adnan Jauzaj ។ រូបថត BelRedDevils
× បែលហ្ស៊ិក បានយកឈ្នះអង់គ្លេស ១-០ នាការប្រកួតចុងក្រោយពូល G នៃព្រឹត្តិការណ៍ FIFA World Cup តាមរយៈការស៊ុតបាល់បញ្ចូលទីរបស់ Adnan Januzaj។ ជ័យជម្នះនេះ នាំឲ្យបែលហ្ស៊ិក ត្រូវប៉ះជប៉ុន ក្រុមលេខពីរពូល H រីឯអង់គ្លេសត្រូវជួបក្រុមលេខមួយពូល H កូឡុំប៊ី សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ។ សម្រាប់ជំនួបបង្គ្រប់កិច្ចក្នុងពូល G ទុយនីស៊ី បានយកឈ្នះប៉ាណាម៉ា ២-១ ។
បើប្រៀបធៀបទៅនឹងជំនួបចុងក្រោយនៅក្នុងពូល G លោក Gareth Southgate បានផ្លាស់ប្តូរកីឡាករជម្រើសដំបូងរបស់អង់គ្លេសចំនួន៨នាក់ រីឯលោក Roberto Martinez ប្តូរជម្រើសដំបូងបែលហ្ស៊ិករហូតដល់ទៅ៩នាក់។
ការស៊ុតបាល់បញ្ចូលទីរបស់ Adnan Jauzaj នៅនាទី៥១ នាំឲ្យបែលហ្ស៊ិកទទួលបាន៩ពិន្ទុពេញនៅក្នុងពូល G និងជាក្រុមទីបី បន្ទាប់ពីអ៊ុយរូហ្គាយ និងក្រូអាស៊ី ដែលឈ្នះរាល់ការប្រកួតនៅក្នុងពូល។ អង់គ្លេសមានឱកាសស៊ុតរហូតដល់១១លើក ប៉ុន្តែពួកគេធ្វើមិនបានសម្រេច ដែលនាំឲ្យពួកគេបានចំណាត់ថ្នាក់លេខ២ ដោយមាន៦ពិន្ទុ។
ខណៈបែលហ្ស៊ិក និងអង់គ្លេសត្រៀមខ្លួនបន្តសម្រាប់វគ្គ១៦ក្រុមចុងក្រោយ ទុយនីស៊ី រកបាន៣ពិន្ទុ មុនត្រឡប់ទៅផ្ទះវិញ ក្រោយជ័យជម្នះ ២-១ លើប៉ាណាម៉ា។ ខ្សែបម្រើប៉ាណាម៉ា Yassine Meriah ភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួននៅនៅពាក់កណ្តាលតង់ទីមួយ មុន Fakhreddine Ben Youssef និង Wahbi Khazri បន្ថែមបានម្នាក់១គ្រាប់សម្រាប់ទុយនីស៊ី នៅតង់ទីពីរ។
សូមបញ្ជាក់ផងដែរថា គ្រាប់បាល់បញ្ចូលទីតាមស្មើរបស់ Fakhreddine Ben Youssef នៅនាទី៥១ ជាគ្រាប់ទី២៥០០ក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ FIFA World Cup ៕
Tag:
FIFA World Cup
GroupG
© រក្សាសិទ្ធិដោយ thmeythmey.com