ជាតិ
បោះឆ្នោត
លោក សៅ សុខា និង​លោក ហ៊ុន ម៉ា​ណែ​ត កាន់តំណែង​ស្តីទី​ជា​មេដឹកនាំ​ទ័ព​ចាប់ពី​ថ្ងៃស្អែក​
29, Jun 2018 , 5:10 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក សៅ សុខា, លោក ប៉ុល សារឿន, លោក ហ៊ុន ម៉ាណែត, លោក គន់ គីម, លោក មាស សុភា
ពីឆ្វេងទៅស្តាំ៖ លោក សៅ សុខា, លោក ប៉ុល សារឿន, លោក ហ៊ុន ម៉ាណែត, លោក គន់ គីម, លោក មាស សុភា
ដោយ: ថ្មីៗ
​លោក សៅ សុខា ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ឡើងទៅ​កាន់តំណែង​ជា​អគ្គមេបញ្ជាការ​ស្តីទី​ជំនួស​លោក ប៉ុល សារឿន​។ ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​ទទួល​តំណែង​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​ជំនួស​លោក គន់ គីម និង​តំណែង​ជា​មេបញ្ជាការ​ស្តីទី​នៃ​កងទ័ពជើងគោក​ជំនួស​លោក មាស សុភា​។​



​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey  តាម​ទូរ​សព្ទ​ថា លោក បានទទួល​លិខិតអញ្ជើញ ឲ្យ​ចូលរួម​ក្នុង​ពិធី​ផ្ទេរតំណែង​ស្តីទី​នេះ ដែល​ធ្វើឡើង​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្រសួងការពារជាតិ​។ ប៉ុន្តែ អ្នកនាំពាក្យ​រូបនេះ នៅ​មិនទាន់​បានឃើញ​លិខិត​ផ្ទេរតំណែង​នោះទេ ហេតុដូច្នេះ លោក មិនទាន់​អាច​និយាយ​ឲ្យ​ចំឡើយ​ថា កម្មវិធី​នៅ​ថ្ងៃស្អែក នឹងត្រូវ​ផ្ទេរតំណែង​ជូន​អ្នកណាខ្លះ​។ លោក បញ្ជាក់ថា សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹងចូលរួម​ធ្វើជា​អធិបតី ក្នុង​វិធី​ផ្ទេរតំណែង​នេះ​។

​ការប្រគល់​តំណែង​ខាងលើ​ឲ្យ​លោក សៅ សុខា និង​លោក ហ៊ុន ម៉ា​ណែ​ត គឺ​ដោយសារតែ​មេ​យោធា​កំពូល​ទាំងបី ទៅ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ សម្រាប់​ការបោះឆ្នោត​នីតិកាល​ទី​៦​នេះ​។ តាមច្បាប់​បោះឆ្នោត ពួកគាត់ មិនអាច​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ទាំង​នៅ​តំណែង​យោធា​នោះទេ​។ ដើម្បី​អាច​ទៅ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​បាន ច្បាប់​តម្រូវ​ឲ្យ​ពួកគាត់ ព្យួរ​តំណែង​ជាមុនសិន​។ លោក ឈុំ សុជាតិ បញ្ជាក់​ត្រង់ចំណុច​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ពួកគាត់ ធ្វើតាម​ច្បាប់​រួច​អស់ហើយ​»​។

​ក្រៅពី​តំណែង​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ថែមទាំង​មាន​ឋានៈ​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។ ឯ​លោក ហ៊ុន ម៉ា​ណែ​ត កំពុងតែ​កាន់តំណែង​ចំនួន​៤ នាពេល​ប​បច្ចុប្បន្ននេះ គឺ​តំណែង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​, ជា​មេបញ្ជាការរង​នៃ​កង​អង្គរក្ស​, ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​, និង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​សូមបញ្ជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ឈរ​លេខ​រៀង​ទី​១ នៅ​ខេត្ត​ព្រះសីហនុ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ឈរ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ឈរ​នៅ​ខេត្តព្រះវិហារ សម្រាប់​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។ អាសនៈ​រដ្ឋសភា សម្រាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ មានតែ​១​ប៉ុណ្ណោះ ហើយ​នៅ​ខេត្តព្រះវិហារ ក៏មាន​តែ​១​ដែរ​៕

អត្ថបទទាក់ទង
 




Tag:
 បោះឆ្នោត​
  ទ័ព​
  ឈុំ សុជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com