អន្តរជាតិ
មហា​ធៀ បបួល​ឥណ្ឌូណេស៊ី​ចាប់ផ្តើម​គម្រោង​ផលិត​ឡាន​រួមគ្នា​សម្រាប់​ទីផ្សារ​អាស៊ាន​
29, Jun 2018 , 8:59 pm        
រូបភាព
រូបភាព៖ The Star Online
រូបភាព៖ The Star Online
​សប្តាហ៍​នេះ ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​អាស៊ាន​ដំបូង​គេ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ (Mohathir Mohamad) ជ្រើសរើស​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​។ នៅ​ទីនោះ លោក មហា​ធៀ បាន​រម្លឹក​ឡើងវិញ​ថា ម៉ាឡេស៊ី​ចង់​ឈានទៅ​ចាប់ដៃ​ឥណ្ឌូណេស៊ី​ដើម្បី​ចាប់ផ្តើម​គម្រោង​ផលិត​រថយន្ត​រួមគ្នា​ឡើងវិញ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​អាស៊ាន​។



​លោក មហា​ធៀ បាន​ថ្លែង​ពី​គម្រោង​នេះ​ក្នុងពេលដែល​លោក​ផ្តល់​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) នៅ​វិមាន​រដ្ឋាភិបាល​នា​រដ្ឋធានី​ហ្សា​ការ​តា​នៅ​ថ្ងៃ​សុក្រ​ទី ២៩ ខែមិថុនា​នេះ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama នាយករដ្ឋមន្ត្រី​វ័យ ៩២ ឆ្នាំ​រូបនេះ​បាន​និយាយថា​៖« ត្រឡប់​ទៅ​ឆ្នាំ ២០១៥ យើង​បាន​ពិភាក្សាគ្នា​ពី​ការផលិត​រថយន្ត​រួមគ្នា​ដោយ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​អាស៊ាន ប៉ុន្តែ​វា​មិនបាន​តាមដាន​និង​ជជែក​គ្នា​បន្ត​ឡើយ​។ ឥឡូវនេះ​យើង​កំពុង​ស្វែងរក​លទ្ធភាព​ដើម្បី​ចាប់ផ្តើម​គម្រោង​នេះ​ឡើងវិញ​»​។​

​លោក​បាន​បន្ថែមថា កាលនោះ​គំនិត​ផលិត​រថយន្ត​រួមគ្នា​នេះ​ផុស​ឡើង​នៅពេលដែល​លោក ចូ​កូ វី​ដូ​ដូ ទៅ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី ហើយ​លោក មហា​ធៀ បាន​ជិះ​រថយន្ត​ម៉ាក Proton ដឹក​លោក ចូ​កូ ដែរ​ពេលនោះ​។

«​ខ្ញុំ​បើករថយន្ត​ក្នុង​ល្បឿន ១៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ទីលានប្រណាំង​រថយន្ត Sepang​។ ប្រធានាធិបតី ចូ​កូ មិនបាន​ត្អូញត្អែរ​អ្វី​ទាំងអស់ ទោះជា​ខ្ញុំ​បើក​ល្បឿន​លឿន​បែប​នោះ​ក្តី​»​។ លោក មហា​ធៀ រម្លឹក​បែបនេះ​។​

​ដោយឡែក​ក្នុង​សន្និសីទ​ដដែល​នោះ លោក មហា​ធៀ បាន​បង្ហើប​ពី​មូលហេតុ​ដែល​លោក​ជ្រើសរើស ឥណ្ឌូណេស៊ី​ជា​ប្រទេស​អាស៊ាន​ដំបូង​គេ​សម្រាប់​ការ​ទស្សនកិច្ច​នេះ​។ នេះ​ក៏​ព្រោះថា ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ល្អប្រសើរ​ណាស់​។ លោក​បាន​ហៅ ឥណ្ឌូណេស៊ី​ជា​មិត្ត​ជិតខាង​ល្អ និង​មាន​សម្ព័ន្ធភាព​ដូច​គ្រួសារ​តែមួយ​ជាមួយ​ម៉ាឡេស៊ី​ដូច្នេះ​ដែរ​។ 

​បន្ថែម​ពី​ការស្វែងរក​លទ្ធភាព​អនុវត្ត​គម្រោង​ផលិត​រថយន្ត​រួមគ្នា មេដឹកនាំ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ខាងលើ​ក៏បាន​ឯកភាពគ្នា​ផងដែរ​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការពង្រឹង​អភិបាលកិច្ច​ដឹកនាំ បោសសម្អាត​អំពើពុករលួយ ជំរុញ​ការផ្សាភ្ជាប់ និង​ដោះស្រាយ​បញ្ហា​នានា​នៅតាម​ព្រំដែន​ផង​។ បញ្ហា​នេះ​ត្រូវ​ពិភាក្សា​លម្អិត​ក្នុង​កម្រិត​ក្រសួង​នៅពេល​ខាងមុខ​ថែម​ទៀតផង​៕



Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
  ចូ​កូ វី​ដូ​ដូ​
  មហា​ធៀ មហាម៉ាត់​
© រក្សាសិទ្ធិដោយ thmeythmey.com