អត្ថបទពាណិជ្ជកម្ម
អភិបាលខេត្ត​ព្រះសីហនុ បង្កើត​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំខេត្ត​
01, Jul 2018 , 11:18 am        
រូបភាព
(​ព្រះសីហនុ​)៖ អភិបាលខេត្ត​ព្រះសីហនុ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​មួយ ដើម្បី​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ។ គោលបំណង​នៃ​ការបង្កើត​មូលនិធិ​នេះ គឺ​ដើម្បី​រួមចំណែក​បន្ត​និរន្តរភាព​ប្រតិបត្តិការ របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលជា​ក្តី​រំពឹង​របស់​កុមារ​ទាំងឡាយ ជាពិសេស​កុមារ​ក្រីក្រ​។​
 
​តាមរយៈ​ការបង្កើត​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​នេះ លោក យន្ត មីន រំពឹងថា នឹងមាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​ការជួយ​ដល់​ដំណើរការ​មន្ទី​ពេទ្យ​គន្ធបុប្ផា​។ ក្នុង​លិខិត​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត​រូបនេះ បាន​បញ្ជាក់ថា ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត រង់ចាំ​ទទួល​ការបរិច្ចាគ​ពី​សប្បុរសជន និង​ត្រូវដាក់​ប្រាក់​បរិច្ចាគ ក្នុង​គណនី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅ​ធនាគារ​កាណាឌីយ៉ា ដែលមាន​គណនី​សម្រាប់​ប្រាក់រៀល​គឺ ០០១-០០០៤៥១៧៣៤៨ និង​សម្រាប់​ប្រាក់​ដុល្លារ​គឺ ០០១-០០០៤៥១៧៣៣៧ ឲ្យ​បាន​ឆាប់រហ័ស​តាមតែ​អាចធ្វើ​បាន និង​សូម​បញ្ជូន​ឈ្មោះ ភេទ ចំនួន​ទឹកប្រាក់​បរិច្ចាគ និង​លេខ​ទូរស័ព្ទ​របស់​សប្បុរស​ជន ទៅ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ 
 
​លិខិត​ដដែល​ក៏បាន​បញ្ជាក់​ពី​លេខ​ទំនាក់ទំនង​តាម​ទូរស័ព្ទ ០៦១ ៧០១ ១១១ ឬ​០៩៦ ៧០១ ១១១១ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព និង​ផ្សព្វផ្សាយ​ឈ្មោះ​សប្បុរសជន ឲ្យ​បាន​ទាន់ពេលវេលា ក្នុង​គោលដៅ​ធានា​តម្លាភាព និង​ទំនុកចិត្ត​សាធារណៈជន​។​
 
 
​រដ្ឋាភិបាល បាន​បើក​ដំណើរការ​មូលនិធិ​គន្ធបុប្ផា កាលពី​ខែមេសា​កន្លងមក សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា បន្ត​ពី​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ (Beat Richner) ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅឯ​ប្រទេស​ស្វី​ស​។ រដ្ឋាភិបាល បង្កើត​មូលនិធិ​នេះ​ឡើង ក្នុង​គោលបំណង​ការពារ​ថែរក្សា​មន្ទី​ពេទ្យ​មួយ​នេះ មិន​ឲ្យ​ដួល​រំលំ​ឡើយ ។ បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថវិកា​ទ្រទ្រង់​ដំណាក់កាល​ដំបូង​ជាង ១១​លាន​ដុល្លារ​អាមេរិក ក្នុង​ការគាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បានផ្ដល់​សេវា​ថែទាំ និង​ព្យាបាល​មាតា ទារក និង​កុមារ​កម្ពុជា​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកនេះ​។​
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២៤​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៧ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ជាង​៥០០​លាន​ដុល្លារ​ហើយ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា​។ ក្នុងចំណោម​ថវិកា​ទាំងអស់ មាន​៨៦,៤​ភាគរយ ជា​វិភាគទាន​សប្បុរសជន ដែល​ភាគច្រើន​មកពី​ប្រជាជន​រស់នៅក្នុង​ប្រទេស​ស្វី​ស​, ថវិកា​ចំនួន​៤,៧​ភាគរយ បានមកពី​វិភាគទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​៨,៩​ភាគរយ បានមកពី​ការចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​ស្វី​ស​។ បច្ចុប្បន្ន មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​បាន​ចំណាយ​ថវិកា ចំនួន​១២​ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់ កុមារ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក បេ​អាត រិច​ឆ្នឺ​រ កន្លងមក​។​
 
​បើ​ផ្អែកលើ​របាយការណ៍​របស់​មន្ទីរពេទ្យ ក្នុង​រយៈពេល​២៤​ឆ្នាំ​មកនេះ មាន​កុមារ​ឈឺ​ជាង​១៥​លាន​នាក់​ហើយ ដែល​បានទទួល​ការពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​ដែលមាន​ជំងឺ និង​របួសធ្ងន់ៗ ជាង​១,៥​លាន​នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​បានជា​សះស្បើយ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ របាយការណ៍​ដដែល​នោះ បន្តថា​៨០​ភាគរយ​នៃ​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ទាំងនោះ នឹង​គ្មាន​សំណាងល្អ​ឡើយ​ប្រសិនបើ​មិនបាន​មក​ទទួល​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេនោះ​៕
 






 

Tag:
 យន្ត មីន
  មូលនិធិ​គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com