កីឡាអន្តរជាតិ
អន្តរជាតិ
Salah យល់ព្រម​ពន្យា​កិច្ចសន្យា​ជាមួយ Liverpool រហូត​ឆ្នាំ​២០២៣
02, Jul 2018 , 10:39 pm        
រូបភាព
Mohamed Salah បាន​យល់ព្រម​ពន្យា​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​ទៀត​ជាមួយ Liverpool បន្ទាប់ពី​បង្ហាញខ្លួន​មួយ​រដូវ​កាល​នៅលើ​ទឹកដី​អង់គ្លេស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ផ្លូវ​ការបស់ Liverpool ។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប​វ័យ ២៦ ឆ្នាំ​រូបនេះ បាន​ផ្លាស់​ពី​Roma ទៅកាន់​ទឹកដី Anfeld ក្នុងតម្លៃ ៣៤​លាន​ផោន (៤៤.៧៧​លាន​ដុល្លារ​) កាលពី​រដូវ​កាល​មុន​។ ការបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​រហស្សនាម​ហង្ស​ក្រហម​មួយ​រដូវ​កាល​ដំបូង​រូបគេ​អាច​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​សរុប ៤៤ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៥២ ប្រកួត និង​ក្លាយ​ម្ចាស់​ស្បែកជើង​មាស (Golden Boot) ប្រចាំ​ក្របខណ្ឌ Premier League ទៀតផង​។​

​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​៥​ឆ្នាំ មានន័យថា​អតីត​សមាជិក​កីឡាករ​របស់ Chelsea ត្រូវ​ជាប់កិច្ចសន្យា​ជាមួយ Liverpool រហូតដល់​ឆ្នាំ ២០២៣ ហើយ​ក្លិប​នេះ​ក៏​មិនបាន​បញ្ចេញ​តម្លៃ​ទិញ​ផ្តាច់​កុងត្រា (release clause) របស់​រូបគេ​ដែរ​។​

​ជុំវិញ​ការចុះ​កិច្ចព្រមព្រៀង​នេះ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ Liverpool បាន​និយាយថា​៖«​នេះ​ជាការ​បង្ហាញ​យ៉ាងច្បាស់​ពី​ការជឿជាក់​របស់ Salah មកលើ Liverpool និង​ជំនឿ​របស់​យើង​ទៅលើ Salah ដូចគ្នា​»​។​

​ក្រៅពី​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​នៅ​អង់គ្លេស​ប្រចាំ​រដូវ​កាល ២០១៧-២០១៨ កន្លងទៅ Salah ក៏បាន​ក្លាយជា​ម្ចាស់​ពាន PFA Player of the Year ឆ្នាំ​២០១៨ ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក និង​ឈ្នះ​ពាន​ជាច្រើន​ទៀត​៕



Tag:
 បាល់ទាត់​
  Mohamed Salah
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com