កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​-​ការទូត​៖ ក្រុម​បាល់បោះ​កូរ៉េខាងត្បូង​ទៅ​ព្យុងយ៉ាង​ជា​លើកដំបូង
03, Jul 2018 , 10:39 pm        
រូបភាព
​គណៈប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៣ ខែកក្កដា បាន​ទៅដល់​ក្រុង​ព្យុងយ៉ាង​ជាមួយ​កីឡាករ​កីឡាការិនី​បាល់បោះ​រាប់សិប​នាក់ ដែលជា​ប្រភេទ​កីឡា​សំណព្វចិត្ត​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដើម្បី​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​វិស័យ​ការទូត​រវាង​ប្រទេសជិតខាង​ទាំងពីរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េ Cho Myoung-gyon បាន​ដឹកនាំ​ក្រុមកីឡា​បាល់បោះ​បុរស​និង​នារី​ចំនួន ៥០ នាក់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង និង​ដើម្បី​ប្រកួត​មិត្តភាព​រវាង​ក្រុម​ប្រទេស​ទាំងពីរ​។ លោក Myoung-gyon ជា​មន្ត្រី​ពី​កូរ៉េខាងត្បូង​ដំបូង​គេ​ដែល​អាចមាន​វត្ត​មាននៅ​កូរ៉េខាងជើង ចាប់តាំងពី​លោក​គីម បាន​ជួបប្រជុំ​កំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​កាលពី​ខែ​មុន​។​

​លោក Won Kil U អនុប្រធាន​ផ្នែក​កីឡា​របស់​កូរ៉េខាងជើង​បាន​និយាយថា លោក​មាន​មោទនភាព​ណាស់​ដែល​កីឡា​កំពុង​ចាប់ផ្តើម​បើកផ្លូវ​សម្រាប់ ... សន្តិភាព​រវាង​ប្រទេស​ទាំងពីរ និង​ពិភពលោក​។

​កិច្ចសហប្រតិបត្តិការ​ផ្នែក​កីឡា​ក៏បាន​ជួយ​ជំរុញ​ឲ្យ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​បច្ចុប្បន្ន​របស់​កូរ៉េខាងជើង​ផងដែរ​បន្ទាប់ពី​ប្រទេស​បាន​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​និង​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ព្យុង​ឆាង ប្រទេស​កូរ៉េខាងត្បូង​កាលពី​ខែកុម្ភៈ​កន្លងទៅ​។​



​មេដឹកនាំ​កូរ៉េខាងជើង​ជា​អ្នកគាំទ្រ​កីឡាបាល់បោះ​ម្នាក់​ហើយ​ក៏មាន​មិត្ត​ជា​អតីត​កំពូល​កីឡាករ​បាល់បោះ NBA លោក Dennis Rodman ទៀតផង​។ អតីត​កីឡាករ​ក្រុម​បាល់បោះ Chicago Bulls នៃ​ក្របខណ្ឌ NBA អាមេរិក​រូបនេះ តែងតែ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ជាច្រើនលើក​ច្រើនសារ ហើយ​ក៏មាន​វត្តមាន​ជាមួយ គីម ជុង​អ៊ុន ក្នុងជំនួប​ជាមួយ​ត្រាំ​ផងដែរ​៕



Tag:
 បាល់បោះ​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  Dennis Rodman
© រក្សាសិទ្ធិដោយ thmeythmey.com