ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជុំ ម៉ី ៖ ការអំពាវនាវ​របស់​សម្ដេច​គឺជា​រឿង​រដ្ឋាភិបាល បាតុកម្ម​នៅតែ​បន្តធ្វើ
13, Jun 2013 , 4:20 pm        
រូបភាព
ដោយ:
មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការប្រកាស​អំពាវនាវ​ផ្ទាល់មាត់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​លោក ជុំ ម៉ី ដើម្បី​សុំ​ឲ្យ​ក្រុម​អ្នករងគ្រោះ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការបន្ត​ធ្វើបាតុកម្ម​ប្រឆាំង​លោក កឹម សុខា​នោះ នៅ​រសៀល​ថ្ងៃទី១៣ ខែមិថុនា​នេះ ​លោក ជុំ ម៉ី អតីត​អ្នក​ជាប់គុក​នៅ​មន្ទី​ស២១ (គុក​ទួលស្លែង) បានប្រកាស​ជំហរ​ដ៏​រឹងមាំ​របស់លោក ក៏ដូចជា​តាងនាម​ឲ្យ​អ្នករងគ្រោះ​ផ្សេង​ទៀតថា លោក​មិនអាច​ធ្វើតាម​ការអំពាវនាវ​របស់​សម្ដេច​បានទេ។ បើតាម​ការបញ្ជា​ក់រប​ស់លោក ការបញ្ឈប់ ឬ​ផ្អាក​ធ្វើបាតុកម្ម​នឹងមិន​អាចទៅរួច​ឡើយ​ស​ម្រា​ប់​អ្នករងគ្រោះ ប្រសិនបើ​លោក កឹម សុខា នៅតែ​រក្សា​ចំហរ​រឹង​រុះ មិន​សុំទោស​ចំពោះ​ពាក្យសម្ដី​របស់លោក ដែល​ចាត់ទុក​គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត។


ថ្លែងប្រាប់​គេហទំព័រថ្មីៗតាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី១៣ ខែមិថុនា​នេះ លោក ជុំ ម៉ី បាន​អត្ថាធិប្បាយ​ថា ចលនា​បាតុកម្ម​ប្រឆាំង​បុគ្គល កឹម សុខា លោក​មិនអាច​ផ្អាក​ជា​បណ្ដោះ​សន្ន ដើម្បី​ឆ្លើយតប​តាម​ការអំពាវនាវ​រប​ស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​នោះទេ ព្រោះ​ការឈឺចាប់​របស់លោក ក៏ដូចជា​ក្រុម​ជនរងគ្រោះ​ផ្សេងទៀត​នៅតែ​ដិត​ជាប់​ក្នុង​ចិត្តជា​និច្ច។

បើតាម​លោក ជុំ ម៉ី គិត​មកដល់ពេលនេះ ការទាមទារ​គ្រប់​រូបភាព​ដើម្បី​ឲ្យ​លោក កឹម សុខា ចេញមុខ​ទទួលកំហុស និង​សុំទោស​ជនរងគ្រោះ គឺ​នៅតែ​បន្តធ្វើ​គ្រប់​ទីកន្លែង ហើយ​ថា លោក​នឹង​រៀបចំ​សំណុំ​ឯកសារ​ដាក់ពាក្យ​ប្ដឹង​លោក កឹម សុខា ទៅកាន់​តុលាការ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ឆ្នាំ២០១៣ ។

លោកតា ជុំ ម៉ី បញ្ជាក់​យ៉ាង​ដូច្នេះ ៖ « ការធ្វើ​បាតុកម្ម​នៅតែ​បន្ត​គ្រប់​ទីកន្លែង ហើយ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ នឹង អាច​ត្រូវបាន​រៀបចំឡើង​ជាថ្មី​ម្ដងទៀត ដើម្បី​ទាមទារ​ឲ្យ លោក កឹម សុខា សុំទោស​ចំពោះ​ពាក្យសម្ដី​ប្រមាថ​របស់លោក មកលើ​ជនរងគ្រោះ​ទាំង​អ្នក​ដែល​បាន​ស្លាប់ និង​អ្នក​ដែល​នៅ​សេសសល់​ជីវិត។ អ្វីដែល​ខ្ញុំ​ត្រូវ​ធ្វើជា​បន្តទៀត​នោះ​គឺ មុន​ការបោះឆ្នោត​ឈានចូល​មកដល់​ខ្ញុំ នឹងដាក់​ពាក្យ​ទៅកាន់​តុលាការ ដើម្បី​ប្ដឹង​លោក កឹម សុខា។ បាតុកម្ម​មិនអាច​បញ្ឈប់​ឡើយ ដរាបណា​លោក កឹម សុខា​នៅតែ​រឹងរូស​មិន​សុំទោស​ជនរងគ្រោះ»។

យ៉ាងណាក៏ដោយ​ការ​ថ្លែង​របស់​លោកតា ជុំ ម៉ី នៅ​រសៀល​ថ្ងៃទី១៣ ខែមិថុនា​នេះ ត្រូវបាន​គេ​មើលឃើញថា ហាក់​មិន​មានការ​ប្រាកដប្រជា​នោះទេ។ បើតាម​ការ​ថ្លែង​របស់លោក ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ជា​ខេមរភាសារ​នៅ​ព្រឹក​មិញ​នេះ លោក បានបង្ហាញ​ជំហរ​របស់ខ្លួន​ថា លោក នឹង​ធ្វើតាម​ការអំពាវនាវ​របស់​សម្ដេច ហ៊ុន សែន ពោលគឺ​លោក នឹង​បញ្ឈប់​ការធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ជា​បណ្ដោះអាសន្ន​សិន៕


© រក្សាសិទ្ធិដោយ thmeythmey.com