កីឡាអន្តរជាតិ
អន្តរជាតិ
Maradona ថា​អង់គ្លេស​ឈ្នះ​កូ​ឡុំ​ប៊ី​ព្រោះ​អាជ្ញាកណ្តាល​លម្អៀង តែ FIFA ថា​ចោទ​គ្មាន​មូលដ្ឋាន​
06, Jul 2018 , 6:59 am        
រូបភាព
​វីរបុរស​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Diego Maradona បាន​ចោទប្រកាន់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ថា​បាន​ប្រព្រឹត្ត​អំពើ​ប្លន់​ដ៏​ធំ​ក្នុងការ​ផ្តួល​កូ​ឡុំ​ប៊ី​ក្នុង​ការប្រកួត​វគ្គ ១/៨ ផ្តាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2018​។



​ប្រធាន​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី Radamel Falcao ក៏បាន​ចោទប្រកាន់​លោក​អាជ្ញាកណ្តាល Mark Geiger ពី​ភាពលម្អៀង​ទៅកាន់​អង់គ្លេស​ផងដែរ​ដោយបាន​ហៅ​ការ​កាត់សេចក្តី​នេះ​ថា​ជា​រឿង «​គួរឱ្យ​អាម៉ាស់​» បំផុត​។​

​អង់គ្លេស​បាន​យកឈ្នះ​កូ​ឡុំ​ប៊ី​ដើម្បី​ឈានទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៤-៣ ក្រោយ​ការប្រកួត​១២០​នាទី​បញ្ចប់​ទៅដោយ​លទ្ធ​ផល​ស្មើ ១-១​។​

​ក្នុងជំនួប​នៅ​កីឡដ្ឋាន Spartak Stadium គ្រាប់​បាល់​បញ្ចូល​ទី​របស់​ក្រុម​រហស្សនាម​តោ​កំណាច​កើតឡើង​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​របស់ Harry Kane បន្ទាប់ពី​ខ្សែការពារ Carlos Sanchez របស់​កូ​ឡុំ​ប៊ី​បង្កើត​កំហុស​ហើយ​ត្រូវ​អាជ្ញាកណ្តាល Mark Geiger ពិន័យ​និង​ឲ្យ​កាត​លឿង​។ ប៉ុន្តែ​ឈានដល់​នាទី​បន្ថែម​ទៅហើយ Yerry Mina បានតែ​តបាល់​បញ្ចូល​ទី​តាម​ស្មើ​វិញ​សម្រាប់​កូ​ឡុំ​ប៊ី​។​



​ការសម្រេចចិត្ត​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ទៅ​ឲ្យ​អង់គ្លេស ត្រូវបាន​លោក Maradona រិះគន់​អាជ្ញាកណ្តាល​អាមេរិក​ថា​គួរតែ​ពិន័យ Kane ទៅវិញ​ទេ​ដែល​បង្កើត​កំហុស​លើ​កីឡាករ Sanchez ក្នុង​តំបន់​គ្រោះថ្នាក់​របស់​កូ​ឡុំ​ប៊ី​។​

​បុរស​វ័យ​៥៧​ឆ្នាំ និង​ជា​វីរបុរស​របស់​អា​ហ្ស​ង់​ទីន បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ការគាំទ្រ​កូ​ឡុំ​ប៊ី​ដោយ​ពាក់អាវ​របស់​ក្រុម​នេះ​ទៀតផង​។ លើសពីនេះ​ទៀត​នោះ លោក​ក៏បាន​អបអរ​គ្រាប់​បាល់​តាម​ស្មើ​របស់​ខ្សែការពារ Yerry Mina ដែល​ធ្វើបាន​នៅ​ចុង​ម៉ោង​។​

​កាសែត​ល្បីៗ​ជុំវិញ​ពិ​ភ​លោក​ដូចជា BBC, SkySports បាន​ផ្សាយ​ថា ជុំវិញ​ការចោទប្រកាន់​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បាន​អត្ថាធិប្បាយ​ថា ការចោទប្រកាន់​អាជ្ញាកណ្តាល​របស់ Maradona គឺ​មិន​សម​ហេតុផល​ទាំងស្រុង​នោះទេ​។ FIFA បន្ថែម​ដោយ​សង្កត់ធ្ងន់ថា ពួ​គេ​ពិតជា​សោកស្តាយ​ខ្លាំងណាស់ ដែល​បានឃើញ​សារ​រិះគន់​ដែល​គ្មាន​មូលដ្ឋាន​ពី​អតីត​កីឡារ​ដែលមាន​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដែល​គ្រប់គ្រង​ក្រោម​អង្គភាព​របស់ខ្លួន​។​



​ដោយឡែក Falcao អតីត​ខ្សែប្រយុទ្ធ Manchester United និង​Chelsea ក៏បាន​រិះគន់​អាជ្ញាកណ្តាល​សញ្ជាតិ​អាមេរិក​ដែរ​ថា​បាន​កាត់សេចក្តី​លម្អៀង​ទៅខាង​អង់គ្លេស​។ Falcao បាន​និយាយថា​៖«​អាជ្ញាកណ្តាល​បាន​រំខាន​យើង​ជាច្រើនលើក​ក្នុងការ​ប្រកួត​នោះ​។ គាត់​តែងតែ​កាន់ជើង​ទៅខាង​អង់គ្លេស​។ គាត់​មិនបាន​កាត់ក្តី​ក្នុង​លក្ខណៈវិនិច្ឆ័យ​ស្មើភាព​គ្នា​នោះទេ​។ គាត់​តែ​តែ​នៅ​ខាង​អង់គ្លេស​»​។​

​យ៉ាងណាក៏ដោយ FIFA បានចេញ​សេចក្តី​ថ្លែង​ការ​មួយ​ដោយ​លើកឡើងថា ខ្លួន​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការបំពេញ​តួនាទី​របស់​មន្ត្រី​អាជ្ញាកណ្តាល​ពី​គ្រប់​ប្រកួត ដោយ​ជំរុញ​ឲ្យ​ពួកគេ​កាត់ក្តី​ដោយមាន​ភាព​វិជ្ជមាន​នៅក្នុង​ការប្រកួត​ដ៏​ស្វិតស្វាញ​។

ប៉ុន្តែក្រោយមក វីរបុរសបាល់ទាត់អាហ្សង់ទីនរូបនេះ បាន​បង្ហោះសារសុំទោសនៅហ្វេសប៊ុក​របស់ខ្លួន ទៅកាន់ FIFA និងប្រធានស្ថាប័ន ដោយទទួលស្គាល់ថា ការងារអាជ្ញាកណ្តាល​មិនមែន​ងាយស្រួលនោះឡើយ៕

អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  FIFA World Cup
  Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com