កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ុយអែតប៉ះអង់គ្លេស មុន រុស្ស៊ីស្វាគមន៍ក្រូអាស៊ី តើក្រុមណានឹងឡើងទៅវគ្គបន្ត? ក្រុមទាំង៤ដែលត្រូវប្រជែងយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបថត FIFA.COM
× បារាំង និងបែលហ្ស៊ិក ត្រៀមខ្លួនរួចហើយសម្រាប់ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិ ការណ៍ FIFA World Cup 2018 ហើយនៅរាត្រីនេះ គេនឹងរកឃើញពីរក្រុមផ្សេងទៀត។ សម្រាប់ជំនួបគូដំបូង ស៊ុយអែត ត្រូវតទល់ជាមួយអង់គ្លេសនៅម៉ោង៩យប់ មុនពេលដែលម្ចាស់ផ្ទះរុស្ស៊ី ស្វាគមន៍ក្រូអាស៊ី នៅម៉ោង១អធ្រាត្រ។
ស៊ុយអែត ជួប អង់គ្លេស នៅម៉ោង៩យប់
ក្រុមទាំងពីរធ្លាប់ប៉ះគ្នា២៤លើក ដោយស៊ុយអែតឈ្នះ៧ អង់គ្លេសឈ្នះ៨ និងស្មើគ្នា៩លើក។ ក្នុងជំនួប World Cup ក្រុមទាំងពីរគ្នាទាំងពីរលើក ក្នុងលទ្ធផល ១-១ នៅឆ្នាំ២០០២ និង ២-២ នៅឆ្នាំ២០០៦ ។ ការប្រកួតមិត្តភាពចុងក្រោយនៅឆ្នាំ២០១២ Zlatan Ibrahimovic ស៊ុតបាល់បញ្ចូលទីទាំងអស់សម្រាប់ស៊ុយអែតក្នុងជ័យជម្នះ ៤-២ ។
ស៊ុយអែតលេងនៅវគ្គ ១/៤ផ្តាច់ព្រ័ត្រជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៩៤មក ខណៈអង់គ្លេសដែលជាម្ចាស់ជើងឯកឆ្នាំ១៩៦៦ ឈានដល់វគ្គនេះ ជាលើកទី៩ ហើយមានតែពីរលើកប៉ុណ្ណោះ ដែលបានឆ្លងផុត គឺនៅឆ្នាំ១៩៦៦ និងឆ្នាំ១៩៩០ ។
កីឡាករដែលអាចជាប់ជម្រើសដំបូង៖
-ស៊ុយអែត: Robin Olsen; Emil Krafth, Victor Lindelöf, Andreas Granqvist, Ludwig Augustinsson; Viktor Claesson, Sebastian Larsson, Albin Ekdal, Emil Forsberg; Marcus Berg, Ola Toivonen។
-អង់គ្លេស: Jordan Pickford; Kyle Walker, John Stones, Harry Maguire; Kieran Trippier, Dele, Jordan Henderson, Jesse Lingard, Ashley Young; Raheem Sterling, Harry Kane។
រុស្ស៊ី ជួប ក្រូអាស៊ី នៅម៉ោង១អធ្រាត្រ
ក្រុមទាំងពីរជួបគ្នានៅវគ្គជម្រុះ Euro 2008 ដោយបញ្ចប់ក្នុងលទ្ធផលដែលគ្មានការស៊ុតបាល់បញ្ចូលទីទាំងពីរលើក។ លទ្ធផលតែមួយគត់ដែលមានការស៊ីសងគ្នានោះ គឺជ័យជម្នះ ៣-១ របស់ក្រូអាស៊ី នាជំនួបមិត្តភាពកាលពីឆ្នាំ២០១៥ ។
ក្នុងនាមជាម្ចាស់ផ្ទះរុស្ស៊ី ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រជាលើកដំបូង ដោយមិនគិតពីព្រឹត្តិការណ៍រវាងឆ្នាំ១៩៥៨ និង១៩៧០ ដែលពួកគេបានចូលរួមក្រោមឈ្មោះសហភាពសូវៀត។ សម្រាប់ក្រូអាស៊ីវិញ ពួកគេក៏ទើបតែលេងនៅវគ្គនេះជាលើកទីពីរ ដោយនៅឆ្នាំ១៩៩៨ ពួកគេបានឈ្នះអាល្លឺម៉ង់ ៣-០ ។ ក្រូអាស៊ីរំពឹងកែប្រែកំណត់ត្រាអាក្រក់របស់ខ្លួនក្នុងជំនួបតទល់ជាមួយម្ចាស់ផ្ទះ ដោយចាញ់បារាំង ២-១ នៅឆ្នាំ១៩៩៨ និងចាញ់ប្រេស៊ីល ៣-១ នៅឆ្នាំ២០១៤ ។
កីឡាករដែលអាចជាប់ជម្រើសដំបូង៖
-រុស្ស៊ី: Igor Akinfeev; Mario Fernandes, Ilya Kutepov, Sergey Ignashevich, Fedor Kudryashov; Roman Zobnin, Daler Kuzyaev; Aleksandr Samedov, Aleksandr Golovin, Denis Cheryshev; Artem Dzyuba
-ក្រូអាស៊ី: Danijel Subasic; Sime Vrsaljko, Dejan Lovren, Domagoj Vida, Ivan Strinic; Ivan Rakitic, Marcelo Brozovic, Ante Rebic, Luka Modric, Ivan Perisic; Mario Mandzukic៕
© រក្សាសិទ្ធិដោយ thmeythmey.com