កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូអាស៊ី ទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្តី អ្នកគាំទ្រក្រូអាស៊ី (ខាងឆ្វេង) និងអ្នកគាំទ្ររុស្ស៊ី មានទឹកមុខផ្សេងគ្នាក្រោយបញ្ចប់ការប្រកួត។ រូបថត AFP
× ដំណើររបស់ម្ចាស់ផ្ទះរុស្ស៊ីក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 បានដល់ទីបញ្ចប់ហើយ បន្ទាប់ពីពួកគេចាញ់ក្រូអាស៊ី ដោយការទាត់បាល់ប៉េណាល់ទី ៤-៣ ខណៈការប្រកួត១២០នាទី បញ្ចប់ក្នុងលទ្ធផល ២-២ ដ៏តឹងតែង នៅ Fisht Stadium ។ ក្រូអាស៊ី ត្រូវឡើងបន្តទៅជួបអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Denis Cheryshev រកគ្រាប់បាល់នាំមុខសម្រាប់ម្ចាស់ផ្ទះនៅនាទី៣១ ហើយ៦នាទីមុនបញ្ចប់តង់ទីមួយ Andrej Kramaric តាមស្មើសម្រាប់ក្រុមភ្ញៀវ។ តង់ទីពីរគ្មានការស៊ុតបាល់បញ្ចូលទីនោះឡើយ ដែលធ្វើឲ្យប្រកួតដំណើរការរហូតដល់១២០នាទី។ នៅនាទី១០១ Domagoj Vida ជួយឲ្យក្រូអាស៊ីនាំមុខវិញ ប៉ុន្តែ Mario Fernandes តាមស្មើសម្រាប់រុស្ស៊ីនៅនាទី១១៥។
ឈានដល់ការទាត់បាល់ប៉េណាល់ទី កាត់សេចក្តី ក្រូអាស៊ី ឈ្នះ ៤-៣ ។ Marcelo Bronzovic, Luka Modric, Domagoj Vida និង Ivan Rakitic សម្រេចផលឲ្យក្រុមភ្ញៀវ ដោយមានតែ ការទាត់របស់ Mateo Kovacic ប៉ុណ្ណោះដែលត្រូវបានរារាំងដោយអ្នកចាំទី Igor Akinfeev។ ការទាត់របស់ម្ចាស់ផ្ទះរុស្ស៊ីវិញ ៣គ្រាប់ជោគជ័យសម្រេចដោយ Alan Dzagoev, Sergei Ignashevic និង Daler Kyzyaev រីឯការទាត់របស់ Fedor Smolov ត្រូវបានរារាំងដោយ Danijel Subasic និងការទាត់របស់ Mario Fernandes ខុសគោលដៅ។
ក្រូអាស៊ី ឡើងទៅប៉ះអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូចកាលពីឆ្នាំ១៩៩៨ ដែលនៅកាលណោះពួកគេបានចាញ់ម្ចាស់ផ្ទះបារាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com