អន្តរជាតិ
៦៥ឆ្នាំក្រោយ សង្គ្រាមកូរ៉េនៅតែមិនទាន់ចប់ផ្លូវការ
× កាលពីថ្ងៃសុក្រ ទី២៧ កក្កដា ឆ្នាំ១៩៥៣ តំណាងយោធាអាមេរិក ចិន និងកូរ៉េខាងជើង បានអង្គុយចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបីឆ្នាំនៅឧបទ្វីបកូរ៉េ ដែលសម្លាប់មនុស្សជាងពីរលាននាក់ រាប់សែននាក់រងរបួស និងបានចែកកូរ៉េជាពីរ។ ៦៥ឆ្នាំក្រោយ សង្គ្រាមមួយនេះនៅតែមិនអាចបញ្ចប់ជាផ្លូវការដដែល ទោះជាមានការប្រឹងប្រែងជាច្រើនក្ដី។ សង្គ្រាមមួយនេះនៅតែជាចំណុចរបត់ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រពិភពលោក។
ថ្ងៃសុក្រ ទី២៧ ខែកក្កដា ជាខួបទី៦៥ឆ្នាំនៃការចុះហត្ថលេខាលើយុទ្ធសន្តិភាពដើម្បីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ។ នៅភូមិប៉ាន់មុនជុម ឧត្តមសេនីយឯកអាមេរិក William Harrison តំណាងឲ្យទីបញ្ជាការអង្គការសហប្រជាជាតិ បានចុះកិច្ចព្រមព្រៀងជាមួយតំណាងកងទ័ពប្រជាជនកូរ៉េ និងទ័ពស្ម័គ្រចិត្តរបស់កងទ័ពរំដោះប្រជាជនចិន។ យោងតាមសារព័ត៌មាន Bloomberg មុនឈានដល់ការព្រមពៀង មានការចរចាដល់ទៅ១៥៨លើកក្នុងចន្លោះពេល២ឆ្នាំ និង១៧ថ្ងៃ។
អ្វីគួរឲ្យចាប់អារម្មណ៍ កូរ៉េខាងត្បូងក្រោមការដឹកនាំរបស់ប្រធានាធិបតី Syngman Rhee ដែលប្រឡូកក្នុងសង្គ្រាមមួយនេះ បានបដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ព្រោះវាធ្វើឲ្យកូរ៉េបែកជាពីរ។ កូរ៉េខាងត្បូងក៏ងាកទៅចុះហត្ថលេខាលើសន្ធិសញ្ញាការពារទ្វេភាគីជាមួយអាមេរិកក្នុងរយៈពេលប៉ុន្មានខែក្រោយយុទ្ធសន្តិភាពលេចជារូបរាង។ វា គឺជាការចាប់ផ្ដើមនៃទំនាក់ទំនងមិនអាចកាត់ផ្ដាច់បានរវាងអាមេរិក និងកូរ៉េខាងត្បូង។
៦៥ឆ្នាំ៖ កូរ៉េទាំងពីរដើរលើផ្លូវផ្ទុយគ្នា
៦៥ឆ្នាំក្រោយសមរភូមិបង្ហូរឈាម កូរ៉េទាំងសងខាងបានដើរផ្លូវផ្ទុយគ្នាស្រឡះ។ កូរ៉េខាងត្បូងដែលប្រកាន់របបដឹកនាំបែបលោកខាងលិច និងមានការគាំទ្រសន្ធឹកសន្ធាប់ពីអាមេរិកផងនោះ បានក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ជាខ្លាសេដ្ឋកិច្ច និងជាប្រទេសអ្នកមានមួយផង។ ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ចំនួន ៣៨,៣៥០ដុល្លារ ឯកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមមានអាត្រាជិត៣ភាគរយ។
នៅផ្នែកខាងជើងនៃខ្សែស្របទី៣៨ កូរ៉េម្ខាងទៀតកំពុងរស់នៅដោយត្រដាបត្រដួស។ ត្រូវបានចាត់ទុកជារដ្ឋឯកោមួយរបស់ពិភពលោក កូរ៉េខាងជើងអនុវត្តប្រព័ន្ធនយោបាយកុម្មុយនីស្ត និងសេដ្ឋកិច្ចផែនការ ប៉ុន្តែថវិកាជាច្រើនបានចំណាយលើវិស័យយោធា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលជាជាងការលើកកម្ពស់សេដ្ឋកិច្ច។ ប្រជាជនភាគច្រើនរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយបន្ថែមពីលើការខ្វះខាតជីវភាព ក៏ជួបគ្រោះធម្មជាតិជារឿយៗទៅទៀត។
សន្តិភាពពិតប្រាកដនៅតែមានសង្ឃឹម តែដំណើរការយឺត
ទោះជាមានយុទ្ធសន្តិភាពក្ដី តាមបច្ចេកទេសឧបទ្វីបកូរ៉េនៅតែស្ថិតក្នុងលក្ខខណ្ឌនៃសង្គ្រាមនៅឡើយ។ យុទ្ធោបករណ៍ជាច្រើនគ្រឿង ច្រើនប្រភេទនៅតាមបណ្ដោយព្រំដែនបែងចែកកូរ៉េទាំងពីរ ជាសញ្ញាបង្ហាញពីការប្រឈមមុខផ្នែកយោធារវាងបងប្អូនកូរ៉េទាំងពីរដែលមានមហាអំណាចនៅពីក្រោយខ្នងរៀងៗខ្លួន។ ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំនៅអាមេរិក និងកូរ៉េខាងត្បូង បានធ្វើឲ្យក្ដីសង្ឃឹមនៃសន្តិភាពលេចរូបរាងឡើង។
លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវមើលឃើញថា មាននយោបាយទន់ភ្លន់ចំពោះកិច្ចការកូរ៉េខាងជើង។ លោកបានបោះដៃទៅរកកូរ៉េខាងជើងដើម្បីបញ្ចប់អរិភាពរបស់បងប្អូនកូរ៉េ ហើយលោកក៏ជាមេដឹកនាំកូរ៉េខាងត្បូងទីមួយដែលជួបមេដឹកនាំកូរ៉េខាងជើងដល់ទៅពីរដងផង។ នាជំនួបទីមួយថ្ងៃទី២៦ ខែមេសា លោក មូន និងលោក គីម ជុងអ៊ុន បានឯកភាពគ្នាធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីបង្កើតរបបសន្តិភាពអចិន្ត្រយ៍នៅឧបទ្វីបកូរ៉េ។
សត្រូវធំរបស់កូរ៉េខាងជើង គឺអាមេរិក ក៏មានជំហរចង់បង្កើតសន្តិភាពឲ្យបានឆាប់ដែរ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានក្លាយជាមេដឹកនាំអាមេរិកទីមួយចាប់ដៃមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា នៅឯសិង្ហបុរី។ ក្នុងសេចក្ដីថ្លែងការណ៍រួម មេដឹកនាំរដ្ឋគូសត្រូវទាំងពីរ ក៏យល់ជជែកពីការបង្កើតសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េផងដែរ។ ប៉ុន្តែជាងមួយខែមកនេះគេឃើញមានដំណើរការតិចតួចបំផុត។
តាមពិតទៅ កូរ៉េទាំងពីរចង់ប្រកាសបញ្ចប់សង្គ្រាមផ្លូវការនៅឆ្នាំនេះ ប៉ុន្តែភាគីទាំងអស់ហាក់មិនអើពើនឹងការចរចាសោះ។ ថ្មីនេះ ក្រុងព្យុងយ៉ាងថែមទាំងមិនសប្បាយចិត្តនឹងការយឺតយ៉ាវនេះទៀតផង។ លោក Kim Hong-gul កូនប្រុសលោក គីម ដេជុង អតីតប្រធានាធិបតីកូរ៉េខាងត្បូងដែលជួបមេដឹកនាំកូរ៉េខាងជើងដំបូងគេ បានប្រាប់សារព័ត៌មាន South China Morning Post ថា មន្ត្រីកូរ៉េខាងជើងរង្គៀសចិត្តខ្លាំងណាស់ចំពោះរឿងនេះ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
អាមេរិក
សង្គ្រាមកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com