ជាតិ
សិល្បះ
ដំណឹងល្អ! ក្រសួងវប្បធម៌ បើកការប្រកួតប្រជែងធ្វើខ្មុកស្មាច់ «មុខហនុមាន»
× នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំការប្រកួតប្រជែង ធ្វើខ្មុកស្មាច់ក្រោមប្រធានបទ «មុខហនុមាន» ។ ខ្មុកស្មាច់ដែលទទួលបានជ័យលាភីពីលេខ១ដល់លេខ៣ នឹងត្រូវយកទៅតាំងពិព័រណ៍ក្នុងមហោស្រពសិល្បៈជាតិខ្មុកស្មាច់ដើមខែវិច្ឆិកាខាងមុខ។
«ការរៀបចំការប្រកួតប្រជែងធ្វើខ្មុកស្មាច់ «មុខហនុមាន» នេះ គឺក្នុងគោលបំណង ថែរក្សាអភិរក្ស និងបំផុសស្នាដៃសិល្បៈខ្មែរគ្រប់ទម្រង់ ហើយក៏ជាឱកាសផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកសម្រាប់សិល្បករផងដែរ»។ លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានបញ្ជាក់យ៉ាងដូច្នេះ។
ការប្រកួតប្រជែងធ្វើខ្មុកស្មាច់ ក្រោមប្រធានបទ «ការលម្អមុខហនុមានទំហំ (ពាក់សម្ដែងបាន)» នឹងត្រូវវាយតម្លៃនៅថ្ងៃទី២២តុលាឆ្នាំ២០១៨ ដោយគណៈកម្មការប្រមាណ៨នាក់ ដែលផ្តោតទៅលើ ក្បាច់និងរចនាបទបែបខ្មែរ បច្ចេកទេសធ្វើ ការប្រើពណ៌ និងការដាំត្បូង។ល។
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម
លោក ឈឹម សុធី បញ្ជាក់ថា ស្នាដៃរបស់ជ័យលាភី នឹងយកទៅតាំងពិព័រណ៍ក្នុងមហោស្រពសិល្បៈជាតិឆ្នាំ២០១៨ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៨។ លោកបានបញ្ជាក់៖«យើងរៀបចំការប្រកួតប្រជែងបែបនេះច្រើនឆ្នាំហើយ ហើយយើងដូរប្រធានបទរាល់ឆ្នាំ។ ក្រោយពីប្រកួតប្រជែង យើងយកស្នាដៃទាំងនោះទៅដាក់តាំងពិព័រណ៍ក្នុងមហោស្រពសិល្បៈជាតិ ហើយអ្នកដែលមិនប្រកួតប្រជែងក៏អាចយកស្នាដៃរបស់ខ្លួនទៅតាំងពិព័រណ៍បានដែរ»។
ដើម្បីចូលរួមប្រកួតប្រជែង សិល្បករ សិប្បករ សិស្សនិស្សិត និងអ្នកមានចំណាប់អារម្មណ៍ ត្រូវដាក់ពាក្យនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត។ ការទទួលស្នាដៃបេក្ខជនពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨ នៅនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដែលស្ថិតនៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លក្ខខណ្ឌចូលរួម បេក្ខជនត្រូវចំឡងឯកសារបញ្ជាក់សញ្ជាតិខ្មែរមួយសន្លឹក ប្រវត្តិរូបសង្ខេបមួយសន្លឹក រូបថត៤x៦ពីសន្លឹក លិខិតបញ្ជាក់ទីលំនៅ ឬអត្តសញ្ញាណបណ្ណថតចម្លង(ផ្លូវការ)មួយសន្លឹក។
ជ័យលាភីលេខ១ទទួលបានទឹកប្រាក់ ៣លានរៀល អមដោយបណ្ណជ័យលាភី ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ២,៥លានរៀល។ ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់២លានរៀល អមដោយបណ្ណជ័យលាភី និងផ្ដល់រង្វាន់លើកទឹកចិត្តដល់បេក្ខជនមួយរូបទៀត ទឹកប្រាក់ ១,៥សែនរៀល អមដោយប័ណ្ណសរសើរ។
សម្រាប់ការតាំងពិព័រណ៍វិញ សិល្បករនិងសិប្បករដែលមានបំណងដាក់តាំងពិព័រណ៍បង្ហាញនូវស្នាដៃសិល្បៈសូនរូបចម្រុះរបស់ខ្លួន សូមយកទៅបរិវេណបណ្ណាល័យជាតិ រាជធានីភ្នំពេញនៅថ្ងៃទី ១ខែ វិច្ឆិកា ឆ្នាំ២០១៨។ អ្នកមានបំណងចូលរួមតាំងពិព័រណ៍មិនត្រូវបានគិតតម្លៃស្តង់ឡើយ។
ព័ត៌មានលម្អិតសូមទាក់ទងទៅ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត ឬ នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម តាមរយៈលេខទូរស័ព្ទ ០១២ ៦១៦ ៥៤៥, ០១២ ៨៧៧ ៣១៨, ០១២ ៨៣២ ២២៨, ០១២ ៨៦៥៧៤៣,០១២ ៧៧៧ ៩២៨ ឬតាម Email: [email protected] [email protected] [email protected] –[email protected] ៕
© រក្សាសិទ្ធិដោយ thmeythmey.com