អន្តរជាតិ
អ្នកទេសចរ​ចាប់ផ្ដើម​ចាប់អារម្មណ៍​លើ​ប្រវត្តិសាស្ត្រ​ឈឺចាប់​ដែល​កើត​ឡើងលើ​កោះ Jeju ប្រទេស​កូរ៉េខាងត្បូង​
02, Aug 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​សេ​អ៊ូ​ល ៖ នៅ​រៀងរាល់​រដូវក្ដៅ អ្នកទេសចរ​កូរ៉េខាងត្បូង ចិន និង​ជប៉ុន​រាប់ពាន់នាក់ បាន​សម្រុក​ទៅ​ទស្សនា​កោះ Jeju នៅ​ភាគខាងត្បូង​ប្រទេស​កូរ៉េខាងត្បូង ដោយសារតែ​កោះ​នេះ​មាន​ឆ្នេរសមុទ្រ និង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ស្អាត​។ ប៉ុន្តែ សកម្មជន​ផ្នែក​យុត្តិធម៌​សង្គម​កំពុង​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​អ្នកទេសចរ​ទាំងនោះ​ទៅ​ទស្សនា​ផងដែរ​នូវ​កន្លែង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់​កោះ Jeju នេះ និង​រំឭក​ដល់​ជនរងគ្រោះ​នៃ​ការសម្លាប់​រង្គាល​ប្រឆាំងនឹង​ពួក​កុ​ម្មុយ​និ​ស្ត ដែល​បានចាប់ផ្ដើម​កាលពីមុន​សម័យ​សង្គ្រាម​កូរ៉េ​។



​សព្វថ្ងៃនេះ កោះ Jeju ដែល​គេ​ស្គាល់​ថា​ជា​កោះ​ហា​វ៉ៃ​របស់​ប្រទេស​កូរ៉េខាងត្បូង គឺជា​កន្លែង​បេតិកភណ្ឌ​ពិភពលោក​ដែល​ល្បីល្បាញ​ដោយសារតែ​កោះ​នេះ​មាន​វាល​ផ្កា canola ពណ៌​លឿង​រីក​ព្រោងព្រាត ទឹកសមុទ្រ​ពណ៌​ខៀវ​បៃតង​ភ្លឺចិញ្ចាចចិញ្ចែង ទឹកជ្រោះ​ច្រើន​កន្លែង និង​តំបន់​អច្ឆរិយ​ធម្មជាតិ​ផ្សេងៗ​មួយចំនួនទៀត​ដូចជា​ភ្នំ Seongsan Ilchulbong ដែលមាន​រាង​ចោត​ដូចជា​បន្ទាយ​ជាប់​សមុទ្រ ដោយមាន​ថ្មភ្នំ​ភ្លើង​ស្រួចៗ​រាប់ពាន់​ដុះ​ចេញពី​សមុទ្រ​ផងដែរ​។​

​ប៉ុន្តែ កាលពី​ឆ្នាំ ១៩៤៨ កោះ Jeju គឺជា​ទីកន្លែង​នៃ​ចលនា​តវ៉ា​ហិង្សា​ដែលមាន​ទំនោរ​ទៅរក​លទ្ធិ​កុ​ម្មុយ​និ​ស្ត ប្រឆាំងនឹង​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​សហរដ្ឋអាមេរិក ដែល​ការតវ៉ា​នេះ​បាន​រីក​រាលដាល​ទៅជា​ការបះបោរ​ផ្ដាច់ខ្លួន​។ អ្នក​តវ៉ា​ទាំងនោះ​បានធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ការបោះឆ្នោត​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៤៨ ដែលជា​ការបោះឆ្នោត​មួយ​ទទួលស្គាល់​នូវ​ការបែងចែក​កូរ៉េ​ជា​ពីរ គឺ​កូរ៉េ​កុ​ម្មុយ​និ​ស្ត​ខាងជើង និង​កូរ៉េ​មូលធននិយម​ខាងត្បូង​។​

​កាលពី​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៤៨ ពួក​ឧទ្ទាម​បាន​វាយប្រហារ​ស្ថានីយ​ប៉ូលិស សម្លាប់​មន្ត្រីប៉ូលិស និង​ដុត​ស្ថានីយបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ដែល​នឹង​ចូល​មកដល់​។​

​ការបះបោរ​កុ​ម្មុយ​និ​ស្ត​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បានប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​ដើម្បី​បង្ក្រាប​ការបះបោរ​នេះ​។ ប៉ូលិស និង​កងជីវពល​ដែលមាន​ទំនោរ​ទៅរក​រដ្ឋាភិបាល​រាប់ពាន់នាក់​ដែល​មកពី​ដែន​ដីគោក​កូរ៉េ​បាន​ចូលរួម​នៅក្នុង​ការបង្ក្រាប​ដ៏​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ​មួយ ដែល​បន្ត​រហូត​ទៅដល់​ពេល​ចុងបញ្ចប់​នៃ​សម័យ​សង្គ្រាម​កូរ៉េ​។​

​របាយការណ៍​របស់​គ​ណៈ​កម្ម​ការស្វែងរក​ការពិត​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ ២០០៣ បាន​រកឃើញថា កងកម្លាំង​រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​អំពើ​សាហាវឃោរឃៅ​របស់ខ្លួន ដែល​ក្នុងនោះ​មានដូចជា​ការដុត​បំផ្លាញ​ភូមិ​នៅលើ​កោះ Jeju នេះ ប្រហែល ៧០ ភាគរយ និង​ការសម្លាប់​មនុស្ស​ជាង ៣ ម៉ឺន​នាក់ ដែល​ស្មើនឹង ១០ ភាគរយ​នៃ​ប្រជាជន​សរុប​នៅលើ​កោះ​នេះ​ជាដើម​។​

​លោក Hong Chun Ho វ័យ ៨១ ឆ្នាំ ដែលជា​អ្នក​នៅ​រស់រានមានជីវិត​ពី​ហេតុការណ៍​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៤៨ នេះ បាន​និយាយថា​៖ «​មនុស្ស​ត្រូវបាន​សម្លាប់​ដោយ​គ្មាន​ហេតុផល​។ នរណាៗ​ក៏​អាច​បាត់បង់​ជីវិត​បាន​ដែរ​។ មិន​ថា​ជា​ទារក ជនពិការ អ្នកមាន​ផ្ទៃពោះ មនុស្ស​ចាស់​នោះទេ គឺអាច​ត្រូវគេ​សម្លាប់​បាន​ទាំងអស់​។ ពួកគេ​សម្លាប់​មនុស្ស​មិន​រើសមុខ​នោះទេ​»​។​

​ទេសចរណ៍​ខ្មៅ​ងងឹត​

​នាពេល​បច្ចុប្បន្ននេះ អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែលមាន​ឈ្មោះថា Jeju Dark Tours បានរៀបចំ​ដំណើរ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខ្មៅ​ងងឹត​នៃ​កោះ Jeju ដើម្បី​ឲ្យ​សាធារណជន​បានដឹង​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​របស់​កោះ​នេះ និង​ជា​អ្វីដែល​អង្គការ​នេះ​យល់ឃើញថា​ជា​បញ្ហា​ដែល​មិនទាន់​ដោះស្រាយ​ទាក់ទិន​នឹង​ការពាក់ព័ន្ធ​របស់​រដ្ឋា​ភិ​បាល​កូរ៉េខាងត្បូង​នៅក្នុង​ការសម្លាប់​មនុស្ស​ស្លូតត្រង់​រាប់ពាន់នាក់​។​

​លោក Baek Ga Yoon អ្នកតំណាង​អង្គការ Jeju Dark Tours បាន​និយាយថា​៖ «​វា​ពិតជា​សំខាន់​ណាស់​នៅក្នុង​ការបញ្ជូនសា​រដែ​ល​ថា យើង​នឹងមិន​នៅ​ស្ងៀម​ទាក់ទិន​នឹង​ការប្រើ​អំពើហិង្សា​របស់​រដ្ឋ​នោះទេ ហើយ​យើង​ក៏​នឹងមិន​អនុញ្ញាត​ឲ្យ​ករណីនេះ​កើតឡើង​ម្ដងទៀត​នោះដែរ​»​។​

​ដំណើរ​ទេសចរណ៍​នេះ​នាំ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កន្លែង​ដែល​ការសម្លាប់​នោះ​កើតឡើង រណ្ដៅ​សាកសព​រួម​របស់​ជន​រងគ្រោះ​ដែលជា​ផ្នែក​មួយ​នៃ​ឧទ្យាន​សន្តិភាព​ថ្ងៃ ៣ មេសា និង​រូងភ្នំ​ដែល​អ្នកភូមិ​លាក់ខ្លួន​ដើម្បី​គេច​ពី​កងកម្លាំង​ប៉ូលិស និង​យោធា​។​

​អ្នក​រិះគន់​លើ​តួនាទី​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​នៅក្នុង​ជម្លោះ​នៅលើ​កោះ Jeju នេះ ក៏បាន​រិះគន់​ផងដែរ​លើ​សហរដ្ឋអាមេរិក​។ ពួកគេ​បាន​ចោទប្រកាន់​កម្លាំងយោធា​អាមេរិកាំង​ដែល​ត្រួតត្រា​នៅលើ​កោះ Jeju ថា​បាន​គាំទ្រ​ដោយផ្ទាល់ ឬក៏​អនុញ្ញាត​ឲ្យ​មានការ​បង្ក្រាប​នេះ​កើតឡើង​។ ប៉ុន្តែ​យោធា​សហរដ្ឋអាមេរិក​បា​នប​ដិ​សេធ​ថា ខ្លួន​គ្មាន​ការពាក់ព័ន្ធ​ណាមួយ​នៅក្នុង​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្តិ​ឡើង​នៅលើ​កោះ Jeju នោះទេ​។​

​អ្នកគាំទ្រ​មួយចំនួន​ចំពោះ​សម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង មានការ​ព្រួយបារម្ភ​ថា ក្រុម​ទេសចរណ៍​នៃ​អង្គការ Jeju Dark Tours នេះ គឺ​មិនមែន​គ្រាន់តែ​សម្រាប់​ការស្វែងយល់​ពី​អតីតកាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​ការជំរុញ​ឲ្យ​មាន​របៀបវារៈ​នយោបាយ​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​ផងដែរ​។​

​លោក Kim Kwang Dong អ្នកវិភាគ​ផ្នែក​សន្តិសុខ​នៃ​វិទ្យាស្ថាន​គោលនយោបាយ Nara នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយថា​៖ «​ការអប់រំ និង​ដំណើរ​ទេសចរណ៍​ទាក់ទិន​នឹង​ព្រឹត្តិការណ៍​ថ្ងៃ ៣ មេសា ឆ្នាំ ១៩៤៨ នេះ អាច​ត្រូវបាន​គេ​ប្រើ​ក្នុង​គោលបំណង​បង្ហាញ​ពី​ទស្សនៈ​អវិជ្ជមាន​ចំពោះ​យោធា​សហរដ្ឋអាមេរិក និង​ដើម្បី​បង្អាក់​ដល់​សម្ព័ន្ធភាពរ​វាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ដែល​អាចឈាន​ទៅដល់​ការដក​ទាហាន​សហរដ្ឋ​អាមេរិក​ចេញពី​ប្រទេស​កូរ៉េខាងត្បូង ដែល​នេះ​នឹង​ក្លាយទៅជា​កំហុស​ធ្ងន់ធ្ងរ​មួយ​ជាក់​ជាមិនខាន​»​។​

​កន្លងមក ទិសដៅ​ទេសចរណ៍​របស់​អង្គការ Jeju Dark Tour ឬក៏​កន្លែង​ដែល​រំឭក​ដល់​ប្រវត្តិសាស្ត្រ​ឈឺចាប់​នៃ​កោះ Jeju នេះ មិនបាន​ក្លាយទៅជា​ទិសដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​នោះទេ​។ កាលពី​ឆ្នាំ ២០១៧ មាន​ជនជាតិ​កូរ៉េ​ប្រហែល​តែ ២,៣ ភាគរយ​ប៉ុណ្ណោះ បាន​ទៅ​ទស្សនា​កោះ Jeju ក្នុង​គោលបំណង​វប្បធម៌ ឬក៏​ការអប់រំ​ប្រវត្តិសាស្ត្រ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សមាគម​ទេសចរណ៍​ខេត្ត Jeju​។​

​ប្រធានបទ​ដែល​គេ​ហាមឃាត់​

​ការបះបោរ និង​ការបង្ក្រាប​នៅលើ​កោះ Jeju នៅតែ​ជា​ប្រធានបទ​ដ៏​ប្រទាំង​ប្រទើស​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដដែល​។ អ្នកតស៊ូ​មតិ​អភិរក្សនិយម​មួយចំនួន​អះអាងថា ការបាត់​បង់ជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា​នេះ ត្រូវបាន​គេ​យ​កលេ​សថាបាន​កើតឡើង​ក្នុងសម័យ​សង្គ្រាម និង​ជាការ​ធ្វើឡើង​ដើម្បី​រារាំង​មិន​ឲ្យ​មានការ​រីកសាយ​ភាយ​នូវ​លទ្ធិ​កុ​ម្មុយ​និ​ស្ត​។​

​អ្នក​ដែលមាន​ទស្សនៈ​សេរីនិយម​ដាក់​ការ​ផ្ដោតលើ​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​កងកម្លាំង​រដ្ឋាភិបាល និង​ថា អ្នកបះបោរ​ទាំងនោះ​មិនមាន​ទំនោរ​ទៅរក​លទ្ធិ​កុ​ម្មុយ​និ​ស្ត​នោះទេ ប៉ុន្តែ​គឺជា​យុទ្ធជន​ប្រយុទ្ធ​ដើម្បី​សេរីភាព ដែល​ងើបឡើង​ប្រឆាំងនឹង​ការបែងចែក​កូរ៉េ​ជា​ពីរ​។​

​អស់​រយៈពេល​រាប់​ទសវត្សរ៍​មកហើយ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​គាបសង្កត់ និង​ដាក់​កំហិត​លើ​ការ​ចែកចាយ​ព័ត៌មាន​អំពី​ប្រវត្តិសាស្ត្រ​ខ្មៅ​ងងឹត​របស់​កោះ Jeju នេះ​។ គេ​ក៏​ឃើញ​មាន​ករណី​មួយចំនួន​ផងដែរ ដែល​កូនចៅ​របស់​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ការបះបោរ​នោះ បាន​ចោទប្រកាន់ថា ពួកគេ​ត្រូវបាន​គេ​រើសអើង​នៅក្នុង​ការទទួល​បានកា​រងារ និង​ករណី​មួយចំនួនទៀត​ដែល​អ្នកនិពន្ធ​ណា​ដែល​សរសេរ​អំពី​ហេតុការណ៍​នោះ ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ​ជាដើម​។​

​កាលពី​ឆ្នាំ ២០០៣ ក្រោយពី​បាន​ស្ងៀមស្ងាត់​អស់​រយៈពេល​ជា​យូរ​មកហើយ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​សុំ​អភ័យទោស​ជា​ផ្លូវការ ចំពោះ​តួនាទី​របស់ខ្លួន​នៅក្នុង​ការសម្លាប់​រង្គាល​នៅលើ​កោះ Jeju នេះ​។ ប៉ុន្តែ អ្នកតស៊ូ​មតិ​ឲ្យ​ជនរងគ្រោះ​ក៏បាន​ទាមទារ​ឲ្យ​មាន​ការសង​សំណង​ផងដែរ​។​

​នៅក្នុង​ឆ្នាំនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae In ដែលជា​អ្នកមាន​ការអាណិតអាសូ​រ​ចំពោះ​ការតស៊ូ​មតិ​របស់​ជនរងគ្រោះ​នៃ​ការសម្លាប់​រង្គាល​នៅលើ​កោះ Jeju នេះ បាន​គាំទ្រ​ឲ្យ​មានការ​ស្វែងរក​ការផ្សះផ្សា​អំពី​រឿងនេះ​តាមរយៈ​ការពិភាក្សា និង​ការអប់រំ​។​

​លោក Moon Jae In បាន​និយាយ​នៅឯ​ពិធី​រំឭក​ដល់​ជនរងគ្រោះ​នៃ​ហេតុការណ៍​នេះ នៅក្នុង​ឆ្នាំនេះ​ថា​៖ «​ទោះបីជា​សោកនាដកម្ម​នេះ​បានអូសបន្លាយ​យ៉ាងយូរ ហើយ​ការឈឺចាប់​នេះ​មាន​កម្រិត​ធ្ងន់ធ្ងរ ដែល​សូម្បីតែ​គ្រាន់តែ​នឹកឃើញ​ក៏​អាច​បណ្ដាល​ឲ្យ​ស្រក់​ទឹកភ្នែក​ក៏ដោយ ក៏​យើង​ឃើញថា រដូវ​ផ្កា​រីក​នៅលើ​កោះ Jeju នេះ​នឹង​សម្បូរ​ទៅដោយ​ផ្កា​រីក​ស្គុះស្គាយ​ព្រោងព្រាត​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com