កីឡាជាតិ
ជាតិ
ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​ទាក់ទាញ​អត្ត​ព​លិ​កជាង​៣​ពាន់​នាក់​មកពី​៥០​ប្រទេស​ចូលរួម​
04, Aug 2018 , 11:39 pm        
រូបភាព
ដោយ:
 ព្រលឹម​ស្រាងៗ​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ ដែលមាន​ពាក់​ស្លាក​លេខ​សម្គាល់​នៅលើ​អាវ​យ៉ាងច្រើន​កុះករ បានមក​ជួបជុំគ្នា​នៅមុខ​កសិណ​អង្គរ​ក្នុង​ខេត្តសៀមរាប​។ ពួកគេ​មក​ទីនេះ គឺ​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក ប្រចាំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​នៅ​ឆ្នាំនេះ​។ ព្រឹត្តិការណ៍​នេះ រៀបចំ​ក្នុង​គោលបំណង​ស្វែងរក​មូលនិធិ​សប្បុរសធម៌ និង​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ក្នុង​រដូវ​ខ្សត់ខ្សោយ​ភ្ញៀវ​ទេសចរណ៍​។​

 
​នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា​នេះ អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​មកពី​៤៩​ប្រទេស​ប្រមាណ​ជាង​៣​ពាន់​នាក់ បានមក​ជួបជុំគ្នា​នៅ​បរិវេណ​មុខ​កសិណ​អង្គរ ដែលជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ក្នុង​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​។ ការ​មកកាន់​បរិវេណ​អង្គ​រទាំង​ព្រលឹម​ស្រាងៗ​របស់​ពួកគេ គឺ​ដើម្បី​រៀបចំខ្លួន​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក ប្រចាំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៥​នៅ​ឆ្នាំនេះ​។ 


 
​ចំនួន​នេះ មានការ​កើនឡើង​ជាង​១​ពាន់​នាក់ បើ​ធៀប​នឹង​ឆ្នាំមុន​មាន​ចំនួន​២,០៩០​នាក់​។ ក្នុងចំណោម​អត្ត​ព​លិ​ក​បរទេស​ជាង​១​ពាន់​នាក់ ភាគច្រើន​មកពី​តំបន់​អាស៊ី ដោយ​ចិន​ឈរ​លំដាប់​ទី​១ ខណៈ​ជប៉ុន និង​ម៉ាឡេស៊ី​ឈរ​ជា​បន្តបន្ទាប់​។ ការកើនឡើង​នេះ​ដោយសារ​ខែសីហា ប្រទេស​ក្នុង​តំបន់​អាស៊ី​មាន​វិស្សមកាល​ច្រើនជាង​ប៉ែក​អឺរ៉ុប​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។  
 
​ព្រឹត្តិការណ៍​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ​ជាមួយនេះ ធ្វើឡើង​ក្នុង​គោលបំណង​ស្វែងរក​មូលនិធិ​សប្បុរសធម៌ ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​អង្គការ​សប្បុរសធម៌ ពិសេស​បំផុសស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ថែរក្សា​បរិស្ថាន​ជុំវិញ​អង្គរ​។ លើសពីនេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ឲ្យ​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ដែល​បាន​បន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរ​។​
 
​លោក វ៉ាត ចំរើន ដែលជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដែរនោះ​រំពឹងថា តាមរយៈ​ព្រឹត្តិការណ៍​នេះ នឹង​ជួយផ្តល់​ការងារ និង​ចំណូល​មួយចំនួន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​ក្នុង​រដូវ​ខ្សត់ខ្សោយ​ភ្ញៀវ​ទេសចរណ៍​នេះ​។ 
 
​លោក សែម ផល្លា នាយក​ប្រតិបត្តិ​ព្រឹត្តិការណ៍​ម៉ារ៉ាតុន និង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​ត្រូវបាន​ដាក់ពង្រាយ​គ្រប់​ទីកន្លែង​ក្នុង​បរិវេណ​អង្គរ ពិសេស​តាម​គោលដៅ​រត់ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ និង​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ 


 
​ការពង្រឹង​សន្តិសុខ​នេះ ដោយសារ​កាលពីពេល​ក​ន្ល​ង​ទៅ មាន​ភាពចលាចល​មួយ​បានកើត​ឡើង ដោយមាន​អត្ត​ព​លិ​ក​ជា​ជន​ជាតិចិន​មួយចំនួន​បាននាំគ្នា​លើក​បង្ហាញ​ទង់ជាតិ​តៃវ៉ាន់ ដែល​អន្តរជាតិ​ពុំទាន់​ទទួលស្គាល់ ពិសេស​ប្រទេស​ចិន​តែម្តង​ក្នុងអំឡុងពេល​ពួកគេ​កំពុង​រត់​។ តែ​ស្ថានការណ៍​នេះ បាន​ធូរស្រាល​ឡើងវិញ ក្រោយ​មានការ​អន្តរាគមន៍​ពី​កងកម្លាំង​សន្តិសុខ ដែល​ដាក់ពង្រាយ​នៅ​ទីនោះ​។ 
 
​លោក សែម ផល្លា បន្ថែមថា ក្រៅពី​ការពង្រាយ​កងកម្លាំង​ដើម្បី​រក្សា​សន្តិសុខ ស្តង់​ពេទ្យ​ចំនួន​៣​រួមជាមួយ​ឡាន​សង្គ្រោះ​៥​គ្រឿង និង​ស្តង់​ទឹកជា​ច្រើន ត្រូវបាន​ដាក់ពង្រាយ​ផងដែរ ដើម្បី​ត្រៀម​ជួយសង្គ្រោះ និង​ផ្តល់​ទឹក​ដល់​អ្នកចូលរួម​រត់​៕
 










 

Tag:
 ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​
  វ៉ា​ត់ ចំរើន​
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com