នៅថ្ងៃទី១១ ខែសីហានេះ ក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជាក្រុមហ៊ុនផលិតឱសថ ផ្តោតការយកចិត្តទុកដាក់លើតម្រូវការអ្នកជំងឺ បានសម្ពោធកម្មវិធីអប់រំជំងឺទឹកនោមផ្អែមនៅកម្ពុជា ដែលមានរយៈពេល៣ឆ្នាំ ហៅកាត់ថា CEP-D។ កម្មវិធីនេះ ធ្វើឡើងក្នុងបំណងចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈម ពីការកើនឡើងនៃជំងឺទឹកនោមផ្អែម នៅប្រទេសកម្ពុជា។ កម្មវិធីដែលធ្វើឡើងនៅឯសណ្ឋាគារភ្នំពេញនេះដែរ ក៏មានការចូលរួម ពីក្រុមអ្នកជំនាញថែទាំសុខភាពប្រមាណ១៥០នាក់។
អ្នកស្រី ដាវ ធូង៉ា (Dao Thu Nga) នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា បញ្ជាក់ថា គោលបំណង នៃកម្មវិធីអប់រំផ្នែកជំងឺទឹកនោមផ្អែមនៅកម្ពុជានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺនេះ ដល់សាធារណជនផងដែរ។ បើតាមនាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា គម្រោងនេះនឹងជួយផ្សព្វផ្សាយការគ្រប់គ្រង ក៏ដូចជាគ្រប់គ្រងព្យាបាលឲ្យកាន់តែល្អប្រសើរជាងមុន ចំពោះជំងឺទឹកនោមផ្អែម នៅកម្ពុជា។ អ្នកស្រី ដាវ ធូង៉ា បានបន្តទៀតថា៖«យើងក៏នឹងផ្តល់ការបណ្តុះបណ្តាលដល់សហគមន៍វេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជាជាមួយនឹងចំណេះដឹង ព្រមទាំងព័ត៌មានវិទ្យាសាស្ត្រវេជ្ជសាស្ត្រចុងក្រោយបំផុតសម្រាប់ប្រទេសកម្ពុជា»។
ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ នឹងប្រមូលផ្តុំនូវក្រុមគ្រូពេទ្យទូទាំងប្រទេស ដែលពាក់ព័ន្ធទាំងអស់ឲ្យបានរៀនសូត្រ ដើម្បីកាន់តែយល់ដឹងស៊ីជម្រៅ។ លោក ធា គ្រុយ បន្ថែមដូច្នេះថា៖« វគ្គបណ្តុះបណ្តាលនេះ ក៏ជាចំណែកមួយក្នុងផ្សព្វផ្សាយបន្ត ទៅដល់ក្រុមគ្រូពេទ្យដទៃទៀត ទោះបីមិនមែនជាគ្រូពេទ្យទឹកនោមផ្អែមក៏ដោយ ក៏ពួកគាត់មានចំណេះដឹង ហើយអាចធ្វើការណែនាំ ចែករំលែកបទពិសោធន៍ទៅដល់អ្នកជំងឺ និងក្រុមអ្នកថែទាំសុខភាពនៅទូទាំងប្រទេស»។
គួររំលឹកផងដែរថា អត្រានៃជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជា ជាទូទៅនៅទាបជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅឡើយ។ ប៉ុន្តែកម្ពុជា មានប្រេវ៉ាឡង់នៃអ្នកជំងឺទឹកនោមផ្អែម ស្ថិតក្នុងវ័យចន្លោះពី ២០ ទៅ ៣០ឆ្នាំ ខ្ពស់ជាងបណ្តាលប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច និងខ្ពស់ជាងបណ្តាប្រទេសផ្សេងៗ ទៀតនៅលើពិភពលោក។ នេះបើតាមរបាយការណ៍ សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិប៉ាស៊ីហ្វិកខាងលិច។
លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានសមាគមន៍គ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា ក៏បានឲ្យដឹងដែរថា ចំនួនប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមនៅកម្ពុជាក្នុងឆ្នាំ២០១០ គឺមាន ២,៣ ភាគរយ ក្នុងតំបន់ជនបទ ចំណែកនៅតាមទីក្រុងមានច្រើនជាង ៣ដង ខ្ពស់ជាងនៅតាមជនបទ។ រីឯប្រជាជនចំនួន ៥,៦ ភាគរយ ត្រូវបានរកឃើញថា មានជំងឺនេះ ដោយផ្អែកតាមការស្ទង់មតិ ធ្វើឡើងដោយក្រសួងសុខាភិបាល។ ២៣០,៨០០ ករណី នៃជំងឺទឹកនោមផ្អែម ត្រូវបានរកឃើញនៅកម្ពុជា ក្នុងឆ្នាំ ២០១៥។ នេះបើយោងតាមទិន្នន័យរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ប៉ុន្តែតួលេខនាពេលបច្ចុបន្ននេះ គឺទំនងជាកាន់តែខ្ពស់ជាងមុន។ នេះបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ។
ក្នុងចំណោមប្រជាជនកម្ពុជាពេញវ័យ (២០ ទៅដល់ ៧៩ឆ្នាំ) ដែលមានជំងឺទឹកនោមផ្អែម ឃើញថា ៦២,៩ ភាគរយ នៃករណីជំងឺនេះ ពុំដែលបានធ្វើរោគវិនិច្ឆ័យឡើយ។ នេះបើតាមអត្ថបទស្តីពីសំឡេងអ្នកជំងឺទឹកនោមផ្អែម(Diabetes Voice)។
កម្មវិធីអប់រំជំងឺទឹកនោមផ្អែមនៅកម្ពុជា ហៅកាត់ថា CEP-D នេះ នឹងរួមបញ្ចូលការអភិវឌ្ឍន៍កម្មវិធីសិក្សា វគ្គបណ្តុះបណ្តាល ទៅដល់សហគមន៍ពីការថែទាំសុខភាព ប្រកបដោយវិជ្ជាជីវៈនៅទូទាំងប្រទេសកម្ពុជា រួមទាំងពង្រឹងការសិក្សារបស់ក្រុមនិស្សិតទៀតផង។ កម្មវិធីនេះ នឹងគាំទ្រទៅដល់អ្នកជំងឺទឹកនោមផ្អែម តាមរយៈការគាំទ្រពីក្រុមដែលត្រូវបានបង្កើតឡើង ហើយនឹងក្រុមដែលនឹងត្រូវបង្កើតថ្មីផ្សេងទៀត ដោយមានការបង្កើតជាសកម្មភាពអប់រំ និងកម្មវិធីពិនិត្យឈាមជាដើម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងត្រូវបានធ្វើឡើងតាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន និងការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា។
យុទ្ធនាការជាបន្តបន្ទាប់រួមមានការផ្សព្វផ្សាយតាមបណ្តាខេត្តនានា ការផ្សព្វផ្សាយតាម រយៈប្រព័ន្ធផ្សព្វផ្សាយ និងតាមរយៈការចែករំលែកព័ត៌មាន ពីដៃគូសហការ ដូចជាសមាគមន៍ជំងឺទឹកនោមផ្អែម និងក្រពេញកម្ពុជា (CSDE) ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) និងភាគីពាក់ព័ន្ធដទៃផ្សេងទៀត។
គម្រោង CEP-D រយៈពេលបីឆ្នាំ ដែលធ្វើនៅទូទាំងប្រទេសនេះ បានទទួលថវិកាជិត កន្លះលានដុល្លារសហរដ្ឋអាមេរិក ដែលជាសហហិរញ្ញប្បទានរវាងក្រុមហ៊ុនសាណូហ្វីកម្ពុជា និង KFW DEG ដោយមានការសហការប្រតិបត្តិជាមួយ សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញ
កម្ពុជា។ ថវិកាទាំងនោះ ត្រូវបានបញ្ចូលទៅក្នុងវគ្គបណ្តុះបណ្តាល សម្រាប់ក្រុមវេជ្ជបណ្ឌិត ប្រមាណ១១៨០នាក់ ក៏ដូចជានិស្សិតចំនួន៥០០នាក់ មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល។ ថវិកានេះ ក៏ដើម្បីលើកកម្ពស់ការយល់ដឹង មិនត្រឹមតែក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមនោះទេ តែថែមទាំងក្នុងចំណោមប្រជាជនកម្ពុជាជារួម ដើម្បីធានាថាប្រជាជនកម្ពុជា យល់ដឹងថាតើវាមានសារៈសំខាន់យ៉ាងណាក្នុងការគ្រប់គ្រងជំងឺនេះ៕
(អត្ថបទពាណិជ្ជកម្ម)