ជាតិ
មេធាវី អ៊ីវ ប៉ូលី៖ ការថតរូប ឬសំឡេងគេដោយគ្មានការអនុញ្ញាត គឺត្រូវជាប់ពន្ធនាគារ និងសងសំណង
×
ភ្នំពេញ៖ ការលួចថតរូបភាព វីដេអូ និងសំឡេងរបស់នរណាម្នាក់ ហើយយកទៅផ្សព្វផ្សាយ គឺត្រូវប្រឈមច្បាប់ ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។ ជនដែលលួចថតនោះ គឺអាចពិន័យជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ១០លានរៀល។ ស្ថានភាពនៃការទទួលទោសក៏អាស្រ័យលើផលប៉ះពាល់ទៅលើជនរងគ្រោះផងដែរ។ នេះបើតាមការអះអាងរបស់លោកមេធាវី អ៊ីវ ប៉ូលី គ្រូបង្រៀនច្បាប់នៃសាលាមេធាវី និងជាមេធាវីនៃក្រុមមេធាវី JC LAW។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី ជាមួយលោកមេធាវី អ៊ី ប៉ូលី មេធាវីនៃក្រុមមេធាវី JC LAW និងជាគ្រូបង្រៀនច្បាប់នៃសាលាមេធាវី អំពីការទទួលទោសលើជនដែលលួចថតរូប ឬវីដេអូរបស់គេដោយគ្មានការអនុញ្ញាត៖
ការទទួលទោសនេះ មិនត្រឹមតែសាមញ្ញជននោះទេ សូម្បីតែមន្ត្រីសមត្ថកិច្ចដែលលួចថតវីដេអូរូបភាពឬសំឡេងរបស់ជនណាម្នាក់ ហើយធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ នោះក៏ត្រូវទទួលទោសផងដែរ។
លោកមេធាវី បានបញ្ជាក់ថា ប្រសិនជាករណីអ្នកថតបានប្រាប់ទៅសាមីខ្លួនមុនពេលថត ទោះមិនមានការឆ្លើយតបអ្វីពីអ្នកភាគីម្ខាងទៀតក្ដី វាមានន័យថាភាគីម្ខាងទៀតបានយល់ព្រម ដូច្នេះមិនមានការទទួលទោសនោះទេ។
យ៉ាងណាមិញការថតរូបដើម្បីធ្វើជាភស្តុតាង ដោយមិនយកទៅផ្សព្វផ្សាយជាសារធារណៈអាចមិនត្រូវទទួលទោសឡើយ។ នេះបើតាមលោកមេធាវី អ៊ីវ ប៉ូលី៕
© រក្សាសិទ្ធិដោយ thmeythmey.com