ជាតិ
ព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសអ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់៣រូបទៀត អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់។ រូបថត ហ្វេសប៊ុក
× ភ្នំពេញ៖ សកម្មជនដីធ្លីដ៏សកម្មអ្នកស្រី ទេព វន្នី ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងតម្រូវឲ្យដោះលែងពីការឃុំឃាំង នៅយប់ថ្ងៃទី២០ ខែសីហានេះ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែសីហា តាមសំណើរសូមលើកលែងទោសពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីអ្នកស្រី ទេព វន្នី សកម្មជនដីធ្លី៣រូបផ្សេងទៀតក៏ត្រូវបានព្រះមហាក្សត្របង្គាប់ឲ្យលើកលែងទោសជាមួយគ្នាដែរ។ អ្នកទាំង៣នោះរួមមាន អ្នកស្រី ហេង មុំ, អ្នកស្រី បូវ ឆវី និងអ្នកស្រី គង់ ចន្ថា។
ការដោះលែងឲ្យមានសេរីភាពនេះ ក្រោយពេលដែលអ្នកស្រី ទេព វន្នី ត្រូវបានជាប់ពន្ធនាគារអស់រយៈពេល២ឆ្នាំ ក្រោយសកម្មជនដីធ្លីដ៏សកម្មរូបនេះ ត្រូវបានតុលាការឃាត់ខ្លួនកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦។ នៅពេលដែលអ្នកស្រីចូលរួមទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស អាដហុក៥រូបពីពន្ធនាគារ។
បន្ទាប់ពីឃាត់ខ្លួនអ្នកស្រីមិនត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើយ ហើយត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ករណីបន្ថែមទៀត។ ករណីទី១ ពីបទប្រមាថអ្នករាជការសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។
ករណីទី២ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។ ករណីនេះ អ្នកស្រី ទេព វន្នី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ និងត្រូវពិន័យជាប្រាក់ចូលរដ្ឋចំនួន៥លានរៀល និងសងជំងឺចិត្តទៅសន្តិសុខដែលជាដើមបណ្ដឹងទាំង២នាក់ ចំនួន៩លានរៀល។
ចំណែកឯសកម្មជនដីធ្លី៣រូបផ្សេងទៀត មានអ្នកស្រី ហេង មុំ, អ្នកស្រី បូវ ឆវី និងអ្នកស្រី គង់ ចន្ថា ត្រូវបានតុលាការចោទប្រកាន់ពីបទប្រមាថអ្នករាជការសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។ តែបច្ចុប្បន្នអ្នកទាំង៣ មិនស្ថិតនៅក្នុងពន្ធនាគារនោះទេ តែពេលខ្លះក៏ត្រូវបានតុលារការកោះហៅទៅសាកសួរផងដែរ។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ មានក្រុមអង្គការជាតិ អន្តរជាតិ ដែលធ្វើការលើសិទ្ធិមនុស្ស ដីធ្លី និងផ្នែកជាច្រើនទៀត ជិត៧០អង្គភាព បានធ្វើសេចក្ដីថ្លែងការណ៍រួម សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ដោះលែងអ្នកស្រី ទេព វន្នី។ ដោយសារតែក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា បទចោទដែលសាលាដំបូងរាជធានីភ្នំពេញ ចោទមកលើអ្នកស្រី ទេព វន្នី មានលក្ខណៈនយោបាយ និងពុំមានភស្តុតាងជាក់លាក់ណាមួយ ដែលត្រូវចោទប្រកាន់ទៅសកម្មជនដីធ្លីរូបនេះ៕
Tag:
សង្គម
សកម្មជនដីធ្លី
ទេពវន្នី
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com